ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​កម្ពុជា​កំពុង​ចាកចេញ​ពី​ភាព​ស្ងៀមស្ងាត់!

សំឡេង ០៤:៤៧
ប្រជាពលរដ្ឋ​ហ៊ាន​តវ៉ា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស
ប្រជាពលរដ្ឋ​ហ៊ាន​តវ៉ា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស RFI/Bonna Pen

រយៈពេល​ចុងក្រោយ​នេះ វប្បធម៌​ជជែក​ពិភាក្សា និង​ចូលរួម​មតិ ហាក់​បានកើត​ឡើងកាន់​តែ​ផុលផុស​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ។ ការ​ទូរ​សព្ទ័​ទៅកាន់​ប៉ុស្តិ៍​វិទ្យុ ការចូលរួម​សម្តែង​មតិ​ក្នុង​វេទិកាសាធារណៈ​នានា និង​ការរួម​គ្នា​តស៊ូ​មតិ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ប្រឆាំងនឹង​ការរំលោភបំពាន​ដូចជា​បញ្ហាដីធ្លី​ជាដើម សុទ្ធតែជា​សកម្មភាព​ដែល​បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​ខ្មែរ​សម័យ​បច្ចុប្បន្ន​មាន​ភាពក្លាហាន​ជាង​មុន​ក្នុងការ​ចូលរួម​សម្តែង​មតិ​ជា​សាធារណៈ។ នេះ​គឺជា​សញ្ញា​បញ្ជាក់ថា សង្គម​ខ្មែរ​កំពុងតែ​ចាក​ចេញពី​ភាព​ស្ងៀមស្ងាត់​ជាបណ្តើៗហើយ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​កម្ពុជា​ទើបតែ​ប្រារព្ធ​ខួប​ទី១៩ឆ្នាំ​នៃ​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃ​ចន្ទ​ទី២៤កញ្ញា​កន្លងទៅនេះ។ ទោះបីជា​នៅមាន​ការខ្វែងគំនិត​គ្នា​ជុំវិញ​ចំណុច​ជាច្រើន​ស្តីពី​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ក្តី ប៉ុន្តែ មាន​ចំណុច​មួយ​ដែល​គេ​អាច​កត់សម្គាល់ឃើញ​ជាទូទៅ ហើយ​ដែល​គេ​អាច​ចាត់ទុកថា​ផ្លែផ្កា​នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល២ទសវត្សរ៍​នៅ​កម្ពុជា នោះ​គឺ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាននាំគ្នា​ទម្លាយ​ភាព​ស្ងៀមស្ងាត់ ហើយ​ផ្តើម​ហ៊ាន​បញ្ចេញមតិ​ជា​សាធារណៈ​កាន់តែ​ផុលផុស​ឡើង។

ជាក់ស្តែង ទោះបីជា​ហ្វ្រេ​កង់​វិទ្យុ​ជាប់​គ្នា​រដឹក​គ្មាន​សល់​ចន្លោះ ប៉ុន្តែ គេ​អាច​កត់សម្គាល់​បាន​ថា មិន​ថា​ជា​ប៉ុស្តិ៍​ណា ឬ​ម៉ោង​ណា​នោះឡើយ តែងតែមាន​អ្នក​ទូរ​សព្ទ័​ចូលទៅ​ជជែក​ពិភាក្សា​ក្នុង​កម្មវិធី​នានា​បន្តកន្ទុយ​គ្នា​មិន​ដាច់ ជាពិសេស ភាគច្រើន​នៃ​អ្នក​ទូរ​សព្ទ័​ចូល​ទាំងនោះ​គឺជា​យុវវ័យ។ ងាក​ទៅ​មើល​វេទិកាសាធារណៈ​នានា​ដែល​រៀបចំឡើង​ដោយ​អង្គការក្រៅរដ្ឋាភិបាល ឬ​បក្សនយោបាយ​វិញ ក៏មាន​ការចូលរួម​សម្តែង​មតិ​យ៉ាង​ផុលផុស​ណាស់ដែរ។ នៅពេល​មាន​បញ្ហាដីធ្លី ឬ​ការមិនសប្បាយចិត្ត​នឹង​បញ្ហា​អ្វីមួយ កសិករ​ឬ​កម្មករ តែងតែ​នាំគ្នា​ចេញមុខ​តវ៉ា​តាមរយៈ​ការប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម ឬ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ។

ជាការ​ពិត ពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​មិនសូវ​ហ៊ាន​ចេញមុខ​ជជែក ពិភាក្សា​ជា​ចំហ​នៅក្នុង​ជំនុំ​ចំណោម​នោះឡើយ។ មាន​ហេតុផល​ច្រើន យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន ក្នុងនោះ​មូលហេតុ​ពីរ​ដែល​សំខាន់​ជាងគេ៖
 
ហេតុផលទី១៖ គឺ​ទំនាមទម្លាប់​ប្រពៃណី ពោលគឺ​កើតមក​ក្នុង​ប្រទេសមួយ​ដែលមាន​ទំនាមទម្លាប់​ប្រពៃណី​តឹងរ៉ឹង ឳ​ពុក​ម្តាយ​ខ្មែរ​តែង​ប្រៀនប្រដៅ​កូនចៅ​កុំ​ឲ្យ​តមាត់​ជាមួយ​មនុស្ស​ចាស់​ឬ​រាមច្បង ជាពិសេស​គឺ​កូនស្រី​តែម្តង​ដែល​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូចជា​សំពត់​ក្នុង​ផ្នត់។ ផ្ទុយ​ពី​ប្រទេស​ជឿនលឿន​ដែល​គេ​បង្ហាត់​ក្មេង​តាំងពីតូចៗឲ្យ​ចេះ​ជជែក​ពិភាក្សា​រកហេតុ​ផល ក្នុងសង្គម​កម្ពុជា ក្មេង​ដែល​ចេះ​តមាត់​ជាមួយ​មនុស្ស​ចាស់ ឬ​រាមច្បង​ត្រូវគេ​ចាត់ទុកថា​គឺជា​ក្មេង​មិនល្អ​ឡើយ។
 
ហេតុផលទី២៖ ការដឹកនាំ​ប្រទេស​ច្រើនតែ​អនុវត្ត​នយោបាយ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេះដឹង​រឿង​ប្រទេសជាតិ​ឡើយ។ អ្នកនយោបាយ​បាន​បង្រៀន​ពលរដ្ឋ​រប​ស់​ខ្លួន​ថា រឿង​ប្រទេសជាតិ​ទុក​ឲ្យ​អ្នកនយោបាយ។ ធ្ងន់ធ្ងរ​បំផុត នៅក្នុង​របប​ខ្មែរក្រហម ពួក​មេដឹកនាំ​អាវខ្មៅ​បាន​បង្រៀន​ពលរដ្ឋ​ខ្មែរ​ឲ្យ«ដាំ​ដើម​គ»ទៀតផង ពោលគឺ​អ្នកណា​ហ៊ាន​តវ៉ា​នឹង​ត្រូវគេ​កម្ទេចចោល។ អំពើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​បានធ្វើ​ឲ្យ​វប្បធម៌​ជជែក​ពិភាក្សា​ដែល​កំពុងតែ​ខ្សត់ខ្សោយ​ស្រាប់​ផង​នោះ​រឹងរឹតតែ​កប់​បាត់​ថែមទៀត។ ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​សភាព​បាក់ស្បាត​និង​បៀមទុក្ខ​យ៉ាង​គ្រាំគ្រា។

ប៉ុន្តែ ជាង៣០ឆ្នាំក្រោយ​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម និង​ជាពិសេស​ពីរ​ទសវត្សរ៍​ក្រោយពី​ការអនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស វប្បធម៌​ជជែក​ពិភាក្សា​ជា​ចំហ​បាន​ផ្តើម​រីកដុះដាល​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ យ៉ាងណាក៏ដោយ នៅមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​នៅតែ​បន្ត​លាក់ខ្លួន​ពួក​សម្ងំ​ក្នុង​សភាព​ស្ងៀមស្ងាត់​ដដែល។ រីឯ​អ្នក​ដែល​បាន​ទម្លាយ​របាំង​នៃ​ភាព​ស្ងៀមស្ងាត់ មួយចំនួន​ក៏​នៅ​មិនទាន់បាន​ប្រើប្រាស់​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​ចំ​ទិសដៅ​ដើម្បី​ប្រយោជន៍​សង្គម​ទូទៅ​នៅឡើយ​ដែរ។

ជាក់ស្តែង អ្នក​ដែល​ចូលចិត្ត​ទូរ​សព្ទ័​ចូល​ប៉ុ​ស​វិទ្យុ ដែល​ភាគច្រើន​ជា​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម ច្រើនតែ​និយម​ចូលចិត្ត​ការជជែក​កម្សាន្ត ឬ​សំណូមពរ​បទ​ចម្រៀង​តែប៉ុណ្ណោះ រីឯ​អ្នក​ទូរ​សព្ទ័​ទៅ​ជជែក​អំពី​បញ្ហា​សង្គម​វិញ​មាន​តិចតួច​នៅឡើយ។ ពលរដ្ឋ​ជាច្រើន រាប់ទាំង​អ្នកនយោបាយ​មួយចំនួន​ផង ក៏​នៅ​មិនទាន់​ចេះ​ប្រើប្រាស់​សេរីភាព​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ដែរ។

ដូច្នេះ នៅមាន​កិច្ចការ​ច្រើនយ៉ាង​ណាស់​ដែល​រដ្ឋាភិបាល បក្សនយោបាយ និង​សង្គម​ស៊ីវិល​ត្រូវ​រួមគ្នា​ធ្វើ​ដើម្បី​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុងសង្គម​កម្ពុជា។ ការ​ទម្លុះទម្លាយ​ភាព​ស្ងៀមស្ងាត់​ដោយ​ហ៊ាន​ចេញមុខ​ជជែក​ពិភាក្សាគ្នា​ជា​ចំហ ជា​ចំណុច​វិជ្ជមាន​មួយ​ហើយ ប៉ុន្តែ ការធ្វើ​យ៉ាងណា​ឲ្យ​វប្បធម៌​ជជែក​ពិភាក្សា​នេះ​មាន​ប្រយោជន៍​ពិតប្រាកដ​ដល់​សង្គម នោះ​ទើប​ជា​គោលដៅ​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI