សហព័ន្ធកីឡាចំបាប់កម្ពុជាយល់ថា ការប្រកួតស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា មិនមានសុក្រិតភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កីឡាករ កីឡាការនីកម្ពុជា ដែលបានទៅចូលរួម នៅក្នុងព្រឹត្តិការណ៏នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ២៧ នៅប្រទេសមីយ៉ាន់ម៉ា ចំនួន ៤ប្រភេទ នៅយប់ថ្ងៃអាទិត្យទី ១៥ធ្នូមិ្សលមិញនេះ បានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយ។ កីឡា ៤ប្រភេទ ដែលត្រលប់មកវិញនោះ រួមមានប្រដាល់សាកល វាយសី វូស៊ូ និងចំបាប់។ ស្របពេលជាមួយនឹងភាពរីករាយ ក្នុងការទទួលបានមេដាយ ចំពោះប្រភេទកីឡាចំបាប់ សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានបង្ហាញភាពតូចចិត្តខ្លះៗ ចំពោះការកាត់សេចក្តីរបស់គណៈកម្មាការប្រកួតកីឡានេះ នៅប្រទេសមីយ៉ាន់ម៉ា។
ប្រតិភូនិងកីឡាករ កីឡាការនី កីឡាបួនប្រភេទ ដែលបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី ២៧ នៅប្រទេសមីយ៉ាន់ម៉ា បានវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញ។ ដំណើរត្រលប់មកវិញនេះ គឺអត្តពលិកកម្ពុជា បាននាំយកនូវមេដាយ ចំនួន ២៣ ជូនជាតិមាតុភូមិ។ ក្នុងនោះប្រភេទកីឡាចំបាប់ គឺទទួលបានមេដាយច្រើនជាងគេ ពោលគឺបានមេដាយមាស ៤ ប្រាក់ ២ និងសំរិទ្ធ ៤។
យ៉ាងណាក៏ដោយ សហព័ន្ធកីឡាចំបាប់កម្ពុជា នៅមានការមិនសប្បាយចិត្តខ្លះៗ ចំពោះការរៀប និងចាប់គូប្រកួត របស់ប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ លោក ធិន វិចិត្រ អគ្គលេខាធិការនៃសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃច័ន្ទនេះថា ការពិតទៅគណៈកម្មាការមីយ៉ាន់ម៉ា បានផ្គូផ្គងកីឡាករខ្មែរ និងមីយ៉ាន់ម៉ា ឲ្យប្រកួតគ្នា ខុសពីប្រភេទទំងន់យ៉ាងច្រើន។ តួយ៉ាង កីឡាខ្មែរដែលមានទំងន់ ៩៦គីឡូក្រាម ត្រូវប្រកួតជាមួយនឹង កីឡាករមីយ៉ាន់ម៉ា ទំងន់ ១២០គីឡូក្រាម ហើយក្នុងអំឡុងពេលប្រកួត មីយ៉ាន់ម៉ាថែមទាំងបានដកការប្រកួតពីកីឡាករខ្មែរទៀតផង ដែលជាហេតុធ្វើឲ្យកីឡាករ-កីឡាការនី ចំបាប់ខ្មែរ ៣រូប ដែលបានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ មិនបានធ្វើការប្រកួត។
ទោះជាយ៉ាងណា ចំបាប់កម្ពុជា បើទោះជាមិនមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ហើយជួបបញ្ហាខ្លះ នៅពេលទៅប្រកួតក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែកីឡាករ កីឡាការនីខ្មែរ ៤នាក់ នៅតែអាចនាំយកមេដាយមាស មកប្រទេសកំណើតវិញ។ លោក ធិន វិចិត្រ ដែលតំណាងឲ្យកីឡាករចំបាប់ខ្មែរ បានប្រាប់ថា លោកពិតជាមានមោទនភាពជាខ្លាំង។ មោទនភាពបំផុត ពេលឃើញទង់ជាតិ និងភ្លេងជាតិខ្មែរ ត្រូវបានបង្ហូតលើឆាកអន្តរជាតិ ហើយមានជាតិសាសន៍ដទៃ ឈរគោរពជាមួយ។ លើសពីនេះ គឺមោទនភាពដែលកីឡាករ កីឡាការនី បានប្រឹងប្រែង ជំនះគ្រប់ឧបសគ្គ ដើម្បីឈានបានដល់កម្រិតនេះ។
ចំពោះទស្សនវិស័យសម្រាប់ការប្រកួតស៊ីហ្គេម លើកទី ២៨វិញ លោក ធិន វិចិត្រ បានប្រាប់ថា លោកមិនប្រាកដទេថា នឹងអាចដណ្តើមបានមេដាយច្រើនជាងនេះ ឬយ៉ាងណានោះ ដោយសារកីឡាករ ដែលបានទទួលមេដាយនៅឆ្នាំនេះ បានស្នើសុំចូលនិវត្តន៏ ដូច្នេះគឺសហព័ន្ធកីឡាចំបាប់ ត្រូវប្រឹងប្រែង បណ្តុះបណ្តាលកីឡាករថ្មីៗបន្ថែមទៀត ចាប់ពីឆ្នាំ ២០១៣នេះ រហូតដល់ឆ្នាំ ២០១៥។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រភេទកីឡាចំនូន ២៣ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើគិតត្រឹមព្រឹកថ្ងៃទី ១៦ធ្នូនេះ កម្ពុជាទទួលបានមេដាយចំនួន ២៣ហើយ ដែលក្នុងនោះរួមមាន មេដាយមាស ៤ ប្រាក់ ៧ និងសំរិទ្ធ ១២។ លទ្ធផលរបស់កម្ពុជា គឺនៅពីលើ ប្រទេសឡាវ ព្រុយណេ និងទីម័រខាងកើត។ ហើយចំពោះលទ្ធផលនេះដូចគ្នា គឺរដ្ឋាភិបាលកម្ពុជា ដែលសន្យាថានឹងផ្តល់ទឹកប្រាក់លើកទឹកចិត្ត ដល់អ្នកទទួលបានមេដាយ នឹងត្រូវចំនាយប្រាក់រដ្ឋ ៩ម៉ឺន៥ពាន់ ដុល្លារ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ