កម្ពុជា

ប៉ូលិស​កំពុង​បន្ត​ស្វែង​រក​ចាប់ខ្លួន​សកម្មជន​ដីធ្លី ៥ នាក់ ក្នុង​រឿង​ជម្លោះ​នៅ​ខេត្តក្រចេះ

បុរស​ពីរនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លូន​នៅក្នុង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ(រូបភាពឯកសារ)
បុរស​ពីរនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លូន​នៅក្នុង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ(រូបភាពឯកសារ) Adhoc

នៅ​ថ្ងៃ​សុក្រ​នេះ ប៉ូលិស​កំពុង​បន្ត​រុករក តាម​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ៥ នាក់ ដែល​មានឈ្មោះ ប៊ុន រដ្ឋា ដោយ​អាជ្ញាធរ​អះអាងថា បុរស​ទាំង ៥ នាក់​នោះ ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ នៅ​តំបន់​ដី​ជម្លោះ ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ការស្វែងរក​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំង ៥ នាក់ នៅ​ខេត្ត​ក្រចេះ ធ្វើឡើង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់ តាម​ដីកា​របស់​តុលាការ ទោះជា​ដល់​ជើងមេឃ​ក៏ដោយ​។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​បុរស​ជាប់ចោទ​ទាំង ៥ នាក់ ដែល​ជា​មេខ្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅ​ខេត្ត​ក្រចេះ​។ តែ​រហូត​មកដល់ពេលនេះ ប៉ូលិស​មិន​ទាន់​រក​ឃើញ​ជន​ទាំង ៥ នាក់​នោះ​នៅឡើយ​ទេ​។​

បុរស ៥ នាក់ ដែល​ជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ក្រសួង​មហាផ្ទៃ ចោទប្រកាន់ថា ជា​មេខ្លោង​នៃ​ក្រុម​អនាធិបតេយ្យ​មួយក្រុម បង្កើត​តំបន់​អបគមន៍ នៅក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ បុរស​ទាំង ៥ នោះ រួមមាន​៖ ឈ្មោះ ប៊ុន រដ្ឋា អាយុ ៣២ ឆ្នាំ​, ឈ្មោះ ប៊ុន ឆន អាយុ ៥៥ ឆ្នាំ​, ឈ្មោះ សុខ តុង អាយុ ៦១ ឆ្នាំ​, ឈ្មោះ ម៉ា ឆាង អាយុ ៤៧ ឆ្នាំ និង​ឈ្មោះ ខាន់ សារឿ​ន អាយុ ៤២ ឆ្នាំ​។​

​ក្នុង​ព្រឹត្តិការណ៍​បណ្តេញ​ប្រជាជន​ចេញពី​ដី​ជម្លោះ ដែល​អាជ្ញាធរ ចាត់ទុកថា ជា​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អនាធិបតេយ្យ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៦​ឧសភា បាន​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ អ្នកភូមិ ៨ នាក់ ត្រូវ​ចាប់ខ្លួន និង​មួយចំនួន បាន​រត់​ភៀសខ្លួន​។​

​សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក​អំ​សំអាត បាន​អះអាង​ថា មកដល់ពេលនេះ គេ​បាត់​ដំណឹង​សូន្យឈឹង មិនដឹងថា បុរស​ជាប់ចោទ​ទាំង ៥ នាក់ នោះ នៅទីណា​ទេ​។ ចំណែក​ពលរដ្ឋ ដែល​បាន​រត់គេចខ្លួន ក៏​មិន​បាន​វិលត្រឡប់​ទៅវិញ​។ រីឯ​អ្នក​ដីចម្ការ ដែល​មាន​ជម្លោះ ក៏​មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន ចូល​ធ្វើ​ចម្ការ​វិញ​នៅឡើយ​។​

​លោក​អំ​សំអាត បាន​បន្ថែមថា អ្នកភូមិ ៨ នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្នុងពេល​បណ្តេញ​ចេញ​នោះ ត្រូវបាន​ដោះលែង ៥ នាក់​មក​វិញ​ហើយ​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បញ្ជា​ដោយ​សម្តី​ខ្លាំងៗ ឲ្យ​តាម​ចាប់ខ្លួន​មេខ្លោង ៥ នាក់ ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដីធ្លី នៅ​ខេត្ត​ក្រចេះ ទោះ​ជា​ជន​ទាំងនោះ ទៅដល់​ជើងមេឃ​ក៏ដោយ​។​

​តាម​លោកនាយក​រដ្ឋមន្ត្រី ទោះ​ជា​ជន​នោះ រត់​ទៅ​ដល់​ប្រទេស​ណា ក៏​រដ្ឋាភិបាល ត្រូវ​សុំ​ធ្វើ​បត្យា​ប័ន​បញ្ជូន​មនុស្ស​នោះ ត្រលប់​មកវិញ​។ លោក​ក៏​បាន​ព្រមាន​មិន​ឲ្យ​ស្ថានទូត ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា លាក់​ខ្លួន​ជន​ទាំង​៥​នាក់​នោះ​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI