កម្ពុជា-រុស្ស៊ី

កម្ពុជា​ស្នើ​រុស្ស៊ី​ចូលជា​សមាជិក​នៃ​សន្ធិសញ្ញា​មិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង ជួប​ជាមួយ​លោកVictor Sumsky នាយក​មជ្ឈមណ្ឌល​រុស្ស៊ី-អាស៊ាន​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ម៉ូស្គូ នៅទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ទី ២៥ តុលា ២០១១
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង ជួប​ជាមួយ​លោកVictor Sumsky នាយក​មជ្ឈមណ្ឌល​រុស្ស៊ី-អាស៊ាន​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ម៉ូស្គូ នៅទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ទី ២៥ តុលា ២០១១ ©

កម្ពុជា​ស្នើ​អោយ​រុស្ស៊ី​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិន​ រីកសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សំណើ​ត្រូវ​នេះ​បាន​លើកឡើង ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង នៅ​ក្នុង​ជំនួប​ជាមួយ លោក​Victor Sumsky នាយក​មជ្ឈមណ្ឌល​រុស្ស៊ី-អាស៊ាន នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ម៉ូស្គូ។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​នាម​ជា​អនាគត​ម្ចាស់​ផ្ទះ​អាស៊ាន កម្ពុជា​កំពុង​បញ្ចុះបញ្ចូល​មហា​អំណាច​រុស៊្សី​មួយ​ទៀត បន្ទាប់​ពី​ប្រទេស​ចិន អោយរុស្ស៊ី​ចុះ​ហត្ថលេខា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​ដែល​គ្មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​អាស៊ីអាគ្នេយ៍។ សំណើ​របស់​កម្ពុជា​បែបនេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រមុខ​ការទូត​កម្ពុជា លោក​ហោ ណាំហុង​នៅក្នុង​សវនាការ​ជាមួយ​លោក​Victor Sumsky​នាយក​មជ្ឈមណ្ឌល​រុស្ស៊ី​អាស៊ាន នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ម៉ូស្គូ នៅ​ព្រឹក​ថ្ងៃ​អង្គារទី២៥​តុលា​នេះ។
 
បើ​យោង​តាម​ការបញ្ជាក់​របស់​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​ហោ ណាំហុង​បាន​ពន្យល់​ប្រាប់​លោក Victor Sumsky​ថា ប្រទេស​មហា​អំណាច​ចិន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​របស់​ក្រុមប្រឹក្សារ​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានសម្រេច​ថា ខ្លួន​នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ដូច្នេះ​ប្រសិនបើ ប្រទេស​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មួយ​ទៀត យល់ព្រម​ដូច​ប្រទេស​ចិន​ដែរ​នោះ ប្រទេស​មហាអំណាច​ធំ​៣​ទៀត គឺ​អាមេរិក បារាំង និង​អង់គ្លេស​នឹង​អាច​ចូលរួម​គាំទ្រ​សន្ធិសញ្ញា​នេះ​ដែរ។ សន្ធិសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន កាល​ពី​ឆ្នាំ​១៩៩៧។
 
មិនទាន់​មានចម្លើយ​យ៉ាងណា​ពី​ខាង​ភាគី​រុស្ស៊ី​លើ​សំណើរនេះ​ទេ។ តាមពិត វត្តមាន​របស់​នាយក​មជ្ឈមណ្ឌល​រុស្ស៊ី​អាស៊ាន នៅ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​រឹតចំណង​ទំនាក់ទំនង​អោយ​កាន់តែ​ស្អិតល្មួត​ថែម​ទៀត​រវាង​អាស៊ាន និង​ប្រទេស​រុស្ស៊ី។ ម្យ៉ាងទៀត រុស្ស៊ី​មាន​គម្រោង​រៀបចំ​ទិវា​កម្ពុជា នៅ​ទីក្រុងម៉ូស្គូ​ថែមទៀត​ផង ខណៈ​ដែល​កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ក្រោយ​នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI