កម្ពុជា-ថៃ

តំណាង​ខ្មែរ​អ៊ីស្លាម​​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​បង្ក​ចលាចល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​

ប្រជាជន​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា
ប្រជាជន​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា

តំណាង​ខ្មែរ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​បដិសេធ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ជនជាតិ​អ៊ីស្លាម នៅ​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ចលាចល នៅ​ខេត្ត​យ៉ាឡា ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ឡើយ។ តាម​តំណាង​រូបនោះ​ ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា គ្រាន់តែ​ឆ្លង​ដែន ទៅ​កាន់​ប្រទេស​ថៃ និង​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

តំណាង​ជនជាតិ​អ៊ីស្លាម​នៅ​កម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​វិហារ​អ៊ីស្លាម នៅ​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ជាយ​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ជន​ជាតិ​​ឥស្លាម ដែល​រស់​នៅ​កម្ពុជា ជា​ជនស្លូតត្រង់​។ រីឯ​ការ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ គឺ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ និង​ឆ្លង​ដែន​បន្ត ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ ព្រោះថា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ចំណាយ​តិច​ជាង​តាម​ផ្លូវអាកាស​។

​លោក អូស្មាន ហាស្សាន់ បាន​បន្ថែមថា ប្រជាពលរដ្ឋ​ឥស្លាម​កម្ពុជា សព្វថ្ងៃនេះ កំពុងតែ​សប្បាយ ក្នុង​ការប្រកប​របរ​នេសាទ និង​ធ្វើ​កសិកម្ម​របស់​ខ្លួន ហើយ​យុវជន​ស្ម័គ្រចិត្ត ដែល​ចុះ​វាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ពេលនេះ ក៏​មាន​យុវជន​ឥស្លាម ចូលរួម​ផង​ដែរ​។​ ​លោក អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បញ្ជាក់​ថា “​អីចឹង​មិន​មាន​ឱកាស​ណាមួយ ដែល​ជន​មូស្លីម​កម្ពុជា មានគំនិត ចង់​ទៅ​ធ្វើ​សង្គ្រាម មានគំនិត​ទៅ​ស៊ីឈ្នួល​គេ​ធ្វើ​សង្គ្រាម ឬក៏​មាន​គំនិត​ទៅ​ធ្វើ​អំពើ​បាបកម្ម​ណាមួយ ក៏​អត់​មាន​ទេ​”​។

​លោក អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បន្ត​ថា ថៃ​ធ្លាប់បាន​ធ្វើ​ការចោទប្រកាន់​អំពើ​បែប​នេះ មក​លើ​ជន​មូស្លីម​កម្ពុជា ជាច្រើន​លើក​មក​ហើយ ដែល​តាម​លោក​ដឹង​ការចោទប្រកាន់​បែប​នេះ មាន​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ហើយ​មួយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី មានប្រតិកម្ម បានជា​ស្ងប់ស្ងាត់​ទៅ​វិញ​។

​លោក​បន្តថា អត់​មាន​រដ្ឋាភិបាល​ណា ចង់ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ចូលទៅ​ក្នុង​អំពើ​ណាមួយ សម្រាប់​ប្រជាជន​របស់​ខ្លួន​នោះទេ​។ ​លោក អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា គោលបំណង​របស់​ជន​មូស្លីម​កម្ពុជា ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា គឺ​ទៅ​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី គឺ​ដើម្បី​ទៅ​រកស៊ី និង​មួយចំនួន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ភាគខាងត្បូង នៃ​ប្រទេស​ថៃ ដែល​សំបូរ​រោងចក្រ​សហគ្រាស​ច្រើន ហើយ​ជន​មូស្លីម​កម្ពុជា​មួយ​ផ្នែក​ធំ​ទៀត គ្រាន់តែ​ឆ្លងកាត់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ក្នុង​គោលបំណង​ទៅ​ប្រទេស​ម៉ាឡេស៊ី​។

​លោក​បាន​មានប្រសាសន៍​បន្ត​ថា ការចោទប្រកាន់​បែប​នេះ មក​លើ​ជន​មូស្លីម​កម្ពុជា បង្ហាញ​ឲ្យ​ឃើញពី​អសមត្ថភាព​របស់​ក្រុមនគរបាល​ប្រទេស​ថៃ និង​ហាក់បីដូចជា បង្ហាញនូវ​ភាព​រើស​អើង​​មួយ ដល់​ជន​មូស្លីម​កម្ពុជា​។ ​តំណាង​ជន​អ៊ីស្លាមនៅ​កម្ពុជា លោក អូស្មាន ហាស្សាន់ ក៏​បានតិទៀ​ន​ដល់​សមត្ថកិច្ច​ថៃ ហើយ​ថា ថៃ​គួរតែ​រៀនសូត្រ​តាម​កម្ពុជា ដែល​បង្ក​ឲ្យ​ជនជាតិ​ឥស្លាម និង​សាសនា​ដទៃទៀត រស់នៅ​ដោយ​សុខសាន្ត​ក្នុង​រយៈកាល​កន្លងមក​។​

ទាក់ទង​ទៅនឹង​ការចោទប្រកាន់​មកលើ​ជន​មូស្លីម​កម្ពុជា​បែបនេះ ក៏​ត្រូវបាន​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​របស់​ជនជាតិ​អ៊ីស្លាម​​នៅ​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​ថា បងប្អូន​អ៊ីស្លាម នៅ​កម្ពុជា បាន​ទទួល​សេចក្តីសុខ​ខ្លាំងណាស់ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ក​សេរីភាព​សព្វបែប​យ៉ាង មិន​ខ្វល់​អ្វី​ទៅ​រក​នៅ​កន្លែង​ណា​ផ្សេង ជា​ការរើបំរះ ឬ​ទៅ​រួមគំនិត បះបោរ​នោះ​ទេ​។​​

​សេចក្តីប្រកាស​របស់​តំណាង​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់​ពី​កាសែត​​ថៃ បាន​ផ្សាយ​នូវ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ កាលពីដើម​សប្តាហ៍​នេះ ដោយ​លើកឡើង​ថា ប៉ូលិសអន្តោប្រវេសន៍​ថៃ ត្រូវបាន​គេ​ណែនាំ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ តាមដាន​អំពី​វត្តមាន​របស់​ជនជាតិ​អ៊ីស្លាម មកពី​ប្រទេស​កម្ពុជា​។

​ការតាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ជនជាតិ​ម៉ូ​ស្លីម​កម្ពុជា​បែបនេះ កើតមាន​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក ពង្រឹង​សន្តិសុខ នៅ​ភាគខាងត្បូង ដែល​ផ្ទុះ​ចលនា​បះបោរ បង្កឡើង​ដោយ​ជនជាតិ​អ៊ីស្លាម នៅ​ទីនោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI