បញ្ហាពលករចំណាកស្រុកនៅតែគ្មានដំណោះស្រាយ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពលករខ្មែរនៅតែបន្តធ្វើចំណាកស្រុកគ្រប់ទិសទីដើម្បីរកការងារធ្វើ នៅក្រៅប្រទេសដោយគ្មានសុវត្ថិភាព។ អ្នកខ្លះទទួលរងការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ អ្នកខ្លះត្រូវគេជួញដូរយកទៅធ្វើជាទាសករលើទូកនេសាទ និងអ្នកខ្លះទៀតត្រូវអាជ្ញាធរប្រទេសដទៃចាប់ខ្លួនដាក់ពន្ធនាគារ។ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពលករខ្មែរជាង២០នាក់ត្រូវបានប្រទេសជិតខាងបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីជាប់ពន្ធនាគារច្រើនឆ្នាំនៅក្នុងប្រទេសគេ។ ពលករខ្មែរជាច្រើនទៀតនៅបន្តរងទុក្ខ ឯក្រៅប្រទេសមិនទាន់ដោះស្រាយចេញ។
អាជ្ញាធរថៃបានបញ្ជូនអ្នកទោសខ្មែរ១៤នាក់ត្រឡប់មកកម្ពុជាវិញ កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីបានជាប់ពន្ធនាគារជាច្រើនឆ្នាំនៅក្នុងប្រទេសថៃ។ អ្នកទោសខ្មែរទាំង១៤នាក់នោះត្រូវបានតុលាការថៃផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៣ឆ្នាំ រហូតដល់៧ឆ្នាំពីបទលួចឆ្លងដែនខុសច្បាប់ ចូលកាប់ឈើ បទលួចប្លន់ និងបទចោទពាក់ព័ន្ធនឹងគ្រឿងញៀន។ ប៉ុន្តែ ពេលនេះ ពួកគេបានរួចទោសវិញ ហើយទើបត្រូវគេចាប់បញ្ជូនឲ្យត្រឡប់មកស្រុកវិញ។ នៅមានពលករខ្មែរជាច្រើនទៀតដែលកំពុងជាប់ទោសនៅក្នុងប្រទេសថៃ។
កាលពីថ្ងៃសុក្រ ពលករខ្មែរ៨នាក់ក៏ត្រូវបានអាជ្ញាធរប្រទេសឡាវដោះលែងឲ្យវិលត្រឡប់មកទឹកដីកម្ពុជាវិញដែរ បន្ទាប់ពីអាជ្ញាធរឡាវចាប់ដាក់ពន្ធនាគារអស់រយៈពេល ១ខែពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីគេ។ នៅសល់អ្នកភូមិខ្មែរ២០នាក់ទៀតកំពុងជាប់ពន្ធនាគារក្នុងប្រទេសឡាវនៅឡើយ។ ក្រសួងការបរទេសកម្ពុជាក៏កំពុងសហការជាមួយសមត្ថកិច្ចឥណ្ឌូនេស៊ីដើម្បីនាំពលករខ្មែរមួយក្រុមទៀតដែលត្រូវគេជួញដូរទៅធ្វើកម្មករនេសាទក្នុងដែនសមុទ្រថៃ ហើយរសាត់អណ្តែតចូលក្នុងដែនទឹកឥណ្ឌូនេស៊ីនោះឲ្យត្រឡប់មកវិញផងដែរ។ មានកម្មករខ្មែរដែលធ្វើជាទាសករលើទូកនេសាទថៃជាង៦០នាក់ហើយដែលត្រូវអាជ្ញាធរប្រទេសជិតខាងចាប់បាន និងបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេលចុងក្រោយនេះ។
សមាគមការពារសិទ្ធិមនុស្ស អាដហុក ទើបតែបានបង្ហាញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ដែលបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០១១នេះសមាគមនេះបានទទួលពាក្យបណ្ដឹងស្តីពីករណីជួញដូរមនុស្សចំនួន ៩៨ ករណីក្នុងនោះមាន ៧៨ករណីទាក់ទងនឹងពលករទៅប្រទេសម៉ាឡេស៊ី ១៥ ករណីនៅប្រទេសថៃ ៤ករណីនៅឥណ្ឌូនេស៊ី និង១ករណីទៀតនៅកោះតៃវ៉ាន់។ សមាគមអាដហុកបានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហាចំណាកស្រុករបស់ពលករខ្មែរជាបន្ទាន់។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យផ្អាកការនាំស្រ្តីខ្មែរទៅធ្វើការបម្រើតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីមួយរយៈដោយសារតែមានសេចក្តីរាយការណ៍អំពីការរំលោភបំពាន។ មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយម៉ាឡេស៊ីដើម្បីបើកឲ្យមានការបញ្ជូនពលករខ្មែរទៅម៉ាឡេស៊ីជាថ្មី។ បញ្ហាទាំងនេះបង្ហាញថា បញ្ហាចំណាកស្រុករបស់ពលករខ្មែរនៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ