១០០កោដិសំឡេងដើម្បីបញ្ចប់ហិង្សាលើស្ត្រី
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជាក៏បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកមួយទៀតដែរនៅក្នុងថ្ងៃទី១៤កុម្ភៈនេះ គឺចលនា១០០កោដិសំឡេង ដើម្បីទាមទារបញ្ចប់អំពើហិង្សាលើស្ត្រី។ សង្គមស៊ីវិល មន្ត្រីក្រសួងកិច្ចការនារី សិស្សនិស្សិត សិល្បករ និងសិល្បការិនីជាច្រើនបានជួបប្រជុំគ្នានៅលើទីលានសេរីភាព នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធចលនាទាមទារការបញ្ចប់ហិង្សាស្ត្រីនេះ តាមរយៈសេចក្តីថ្លែងការណ៍នានា។
អ្នកនយោបាយ សិល្បករ សិល្បការិនី ពលរដ្ឋ មន្ត្រីសង្គមស៊ីវិលកំពុងជួបជុំគ្នានៅលើសួនសេរីភាព នៅក្បែរផ្សារចាស់ នៅល្ងាចថ្ងៃទី១៤កុម្ភៈនេះ ដើម្បីប្រារព្ធចលនា១០០កោដិសំឡេង ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី។ កម្ពុជាកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាព្រឹត្តិការណ៍ពិភពលោកមួយដែលត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងស្ថិតិដ៏គួរអោយព្រួយបារម្ភដែលបង្ហាញថា ស្ត្រី១នាក់ក្នុងចំណោមស្ត្រី៣នាក់លើពិភពលោក បាន និងកំពុងទទួលរងការវាយដំ ឬចាប់រំលោភ។
សកម្មភាពជាច្រើនដូចជាសេចក្តីថ្លែងការណ៍ ការរាំ ច្រៀង ការសម្តែងសិល្បៈត្រូវបានរៀបចំធ្វើតាំងពីម៉ោង៥ល្ងាច ហើយគ្រោងបញ្ចប់នៅម៉ោង៨យប់នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកស្រីរស់ សុភាពនាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជាបានប្រកាសថា លោកស្រីបានចូលរួមក្នុងយុទ្ធនាការនេះដើម្បីអំពាវនាវអោយមានការបញ្ចប់អំពើហិង្សា ហើយថាការរួមគ្នាយ៉ាងនេះ នឹងអាចផ្លាស់ប្តូរពិភពលោកបាន។
ការតស៊ូមតិប្រឆាំងនឹងហិង្សាលើស្ត្រីត្រូវបានបង្ហាញជាចំបងតាមរយៈការសម្តែងសិល្បៈ របាំនៃក្រុមនិស្សិតដែលបានហាត់រាំជាលក្ខណៈសាកលដែលមានចំណងជើងថា ផ្តាច់ច្រវាក់។ គឺជាច្រវាក់ដែលសម្រាប់សកម្មជនទាំងនេះ បានចងឃាំងស្រ្តីក្នុងទ្រុងនៃការបំភិតបំភ័យ មិនអាចនិយាយស្តី និងបញ្ចេញទស្សនៈបាន។
យុទ្ធនាការនាល្ងាចថ្ងៃទី១៤កុម្ភៈនេះដែរ គឺជាការអំពាវនាវអោយពលរដ្ឋ ពិសេសស្ត្រីអោយចេញមកពិភពខាងក្រៅ ដើម្បីចូលរួមផ្តាច់ច្រវាក់នេះដែរ។
នៅថ្ងៃទី១៤កុម្ភៈដែលជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ ពិភពលោកកំពុងតែប្រារព្ធចលនា១០០កោដិសំឡេងប្រឆាំងហិង្សាលើស្ត្រី និងកុមារ ដែលព្រឹត្តិការណ៍នេះបានប្រព្រឹត្តិឡើង១៥ឆ្នាំមកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ