គ្រោះថ្នាក់ចរាចរណ៍បន្តសម្លាប់មនុស្សយ៉ាងរង្គាលជារៀងរាល់ថ្ងៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីសោកនាដកម្មសង្គ្រាមបានបញ្ចប់ទៅ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍។ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងក្លាយជាសោកនាដកម្មថ្មីមួយដែលឆក់ យកជីវិតមនុស្សជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ មានមនុស្ស៧នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅក្នុងខេត្តកំពង់ធំ។ នេះជាសោកនាដកម្មធំទី២ហើយ ដែលបានកើតឡើង ក្នុងអំឡុងខែមីនានេះបន្ទាប់ពីឧបទ្ទវហេតុដូចគ្នាបានកើតឡើង កាលពីដើមខែមីនា នៅតាមផ្លូវជាតិលេខ៤ ដែលបណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់ក្នុងពេលតែមួយ។
សេចក្តីរាយការណ៍របស់ ប៉ែន បូណា ពីភ្នំពេញ
មនុស្ស៧នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។ នេះជាតុល្យការបឋមនៅឯកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចណ៍មួយ ដែលកើតឡើងលើបណ្តោយផ្លូវលេខ៧១ ក្នុងទីប្រជុំជនកំពង់ថ្ម ខេត្តកំពង់ធំ កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៧មីនាចុងសប្តាហ៍នេះ។ គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងដោយសាររថយន្តដឹកទំនិញមួយគ្រឿងបានបុករ៉ឺម៉ក ដែលដឹកមនុស្សពេញ ហើយដែលកំពុងបើកក្នុងល្បឿនយ៉ាងលឿនរៀងៗខ្លួន។
នេះជាគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ដែលបានសម្លាប់មនុស្សជាក្រុម ជាលើកទី២ហើយ ក្នុងអំឡុងខែមីនានេះ។ កាលពីថ្ងៃទី៤មីនា ឆ្នាំ២០១១ គ្រោះថ្នាក់ដ៏សាហាវជាងគេបំផុតមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ដែលបង្កឲ្យមានអ្នកស្លាប់ ១៩នាក់ និងរបួសធ្ងន់៨នាក់ក្នុងមួយប៉ប្រិចភ្នែក។ សោកនាដកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សជាក្រុមៗទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋាន។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាដែលជាសមាជិកនៃសម្ព័ន្ធភាពប្រជាពលរដ្ឋ ដើម្បីគណនេយ្យភាពសង្គម ដែលជាបណ្តុំអង្គការ-សមាគមមិនមែនរដ្ឋាភិបាលចំនួន ១៣ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលចំនួនគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើង ហើយកំពុងក្លាយជាសោកនាដកម្មសម្លាប់ជីវិតជនស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់។ ក្រុមសង្គមស៊ីវិលទាំងនោះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ដោយកត់សម្គាល់ថា សោកនាដកម្មដោយសារតែគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើឱ្យមនុស្សស្លាប់យ៉ាងរង្គាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ភាពក្រីក្រ និងក្តីអស់សង្ឃឹមសម្រាប់អ្នករស់នៅគ្មានទីពឹង។
ប្រឈមមុខចំពោះគ្រោះមហន្តរាយថ្មីនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់ជាបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ គ្រោះថ្នាក់ដែលភាគច្រើនបណ្តាលមកពីអាកប្បកិរិយាមិនគោរពច្បាប់របស់អ្នកបើកបរ។
កាលពីក្នុងឆ្នាំ២០១០ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានសម្លាប់មនុស្សជាង ១.៦០០ នាក់។ ការសិក្សារបស់អង្គការជនពិការប៊ែលហ្សិក Handicap International កាលពីឆ្នាំ២០០៩ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឱ្យខាតបង់ទឹកប្រាក់រហូតដល់ ២៤៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ