កម្ពុជា-ជម្ឡោះដីធ្លី

ប្រជាពលរដ្ឋ​ជួបជុំ​តវ៉ា​រឿង​ដីធ្លី​ រីឯ​កម្មករ​ហែក្បួន​តវ៉ា​រឿង​ប្រាក់ខែ​

ប្រជាពលរដ្ឋ​មកពីខេត្ត​ព្រះវិហារ​​ បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ដើម្បីរកអន្តរាគមន៍​ក្នុ​ង​ជម្លោះ​ដី​ធ្លី
ប្រជាពលរដ្ឋ​មកពីខេត្ត​ព្រះវិហារ​​ បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ដើម្បីរកអន្តរាគមន៍​ក្នុ​ង​ជម្លោះ​ដី​ធ្លី RFI/Ly Meng Hour

នៅ​ព្រឹក​ថ្ងៃ​សុក្រទី​៧​កញ្ញា​នេះ យ៉ាងហោច​ណាស់​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា ៣ ក្រុម​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​។ ហេតុការណ៍​ដំបូង គឺ​ក្រុម​ពលរដ្ឋ​បឹងកក់​និង​សហគមន៍​បុរី​កីឡា ដែល​ដឹក​នាំ​ដោយ​កុមារ​តូចៗបាន​លើក​បដានិង​រូបថត ឈរ​ស្រែក​តវ៉ា​នៅ​មុខ​ទីស្តីការ​​គណៈ​រដ្ឋមន្ត្រី ​​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់​និង​អ្នក​បុរី​កីឡា​ម្នាក់​ចេញ​ពី​ពន្ធនាគារ​។​ ចំណែក​នៅ​មុខ​រដ្ឋសភា​ឯណោះ​វិញប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារបាន​ប្រមូល​ផ្តុំ​តវ៉ារក​អន្តរាគមន៍​ក្នុង​ជម្លោះដីធ្លីខណៈ​ដែល​ក្រុម​កម្មករ​កាត់ដេរ​រាប់រយ​នាក់​នៅ​ ស្ទឹង​មាន​ជ័យ​​​បាន​ដើរ​ហែក្បួន​តវ៉ា​រឿង​ប្រាក់ខែ។

ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នក​ភូមិ​បឹងកក់​និង​អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ភាគច្រើន​ជា​កុមារ​តូចៗ បាន​លើក​បដា​និង​ឈរ​តវ៉ា​នៅ​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ប៉ូលិស​ជា​ច្រើន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​។ តែ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​នោះ មិន​មាន​ការ​ប៉ះទង្គិចគ្នា​​ដោយអំពើ​ហិង្សាឡើយ​។​

អ្នកភូមិ​បាន​ដាក់​ញត្តិ​ជូន​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​ស្ត្រី​សកម្មជន​ដី​ធ្លី​២​នាក់ ជា​តំណាង​សហគមន៍​បឹងកក់​និង​តំណាង​សហគមន៍​បុរី​កីឡា​។ នោះ​គឺ​អ្នកស្រី យ៉ោម​បុប្ផា​និង​អ្នកស្រី ទឹម សាក់​មុនី ដែល​ត្រូវបាន​តុលាការ​​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែកញ្ញា​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​រឿង​បង្ក​របួស​ស្នាម​និង​រឿង​ញុះញង់​តាម​រយៈ​ការ​តវ៉ា​ដីធ្លី។

នៅ​ក្នុង​ញត្តិ ក្រុម​អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា បាន​លើក​ឡើង​ថា ការ​ចាប់​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា គឺ​ជាប់​ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹងកក់​យ៉ាង​ពិត​ប្រាកដ ពីព្រោះ​អ្នកស្រី​និង​ស្វាមី មិន​បាន​វាយ​តប់​ឬ​បង្ក​​របួស​ស្នាម ដល់​នរណា​ម្នាក់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​
ក្រុម​អ្នក​តវ៉ា​និង​អង្គការ​សិទ្ធិមនុស្ស យល់​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ជាពិសេស​​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់ ដើម្បី​រារាំង គំរាម​កំហែង កុំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ការពារ​ដី​ធ្លី​និង​លំនៅឋាន​របស់​ខ្លួន។ មន្ត្រី​រដ្ឋាភិបាល បាន​ទទួល​យក​ញត្តិ​របស់​អ្នកភូមិ​បឹងកក់​និង​អ្នកភូមិ​បុរី​កីឡា​។

ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​នៅ​ព្រឹក​មិញ អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ ក៏​បាន​ស្វែង​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​បញ្ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ចុះ​ជួយ​វាស់វែង​ព្រំប្រទល់​ដី​នៅ​តំបន់​បឹង​កក់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ទំហំ ១២,៤៤ ហិកតា ចេញ​ពី​គម្រោង​អភិវឌ្ឍន៍ សម្រាប់​ទុក​ឲ្យ​អ្នកភូមិ​រស់នៅ។

ក៏​ប៉ុន្តែ​ចំពោះ​មុខ​អ្នកភូមិ​តវ៉ា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សមត្ថកិច្ច​របស់​សាលាក្រុង ដែល​ត្រូវ​ដោះស្រាយ​។​

ដោយឡែក​នៅ​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រជាពលរដ្ឋ​តំណាងឲ្យ ៣៦០ គ្រួសារ រស់​នៅ​​ភូមិស្រយ៉ង​ខាង​ត្បូង​និង​ភូមិស្រយ៉ង់​ខាង​ជើង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​សុំឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​ដោះស្រាយ​ករណី ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បណ្តេញ​ពួកគាត់ ចេញពី​លំនៅដ្ឋាន និង​ឈូស​ឆាយ​ដីធ្លី ស្រែចំការ​។

​រីឯ​កម្មករ​រាប់រយ​នាក់ នៅ​រោងចក្រ​កាត់ដេរ Horus Industrial Corp. នៅ​ស្ទឹង​មានជ័យ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តវ៉ា តាម​ដងផ្លូវ សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​លោក​នាយករដ្ឋមន្ត្រី ជួយ​ដោះ​ស្រាយ​​ករណី​ថៅកែ​រោងចក្រ មិន​ព្រម​សំណង​អតីតភាព​ការងារ​ដល់​កម្មករ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI