អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ​«ឱ​កាស​និយម»នៅ​តែ​មាន​អត្ថិ​ភាព​ខ្លាំង​ក្នុង​ចំណោម​ពល​រដ្ឋ​ខ្មែរ

សំឡេង ០៤:៥៤
កម្មករ​រោងចក្រ​កាត់ដេរ ឡើង​ឡាន​តាក់ស៊ី ត្រឡប់​ទៅ​ស្រុក​កំណើត ថ្ងៃ​ទី​២៧​ធ្នូ ឆ្នាំ​២០១៣
កម្មករ​រោងចក្រ​កាត់ដេរ ឡើង​ឡាន​តាក់ស៊ី ត្រឡប់​ទៅ​ស្រុក​កំណើត ថ្ងៃ​ទី​២៧​ធ្នូ ឆ្នាំ​២០១៣ RFI/Im Rachna
ដោយ៖ ប៉ែន បូណា
២៨ នាទី

ពលរដ្ឋ​ជាទូទៅ​ហាក់​ដូច​ជា​កំពុង​ដិតដាម​ដោយ​ទស្សនៈ​«ឱកាសនិយម»​ ពោល​គឺ​ឲ្យ​តែ​មាន​ឱកាស ពួក​គេ​នឹង​ឆ្លៀត​កេង​ចំណេញ​ជា​មិន​ខាន។ ជាក់​ស្តែង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ តម្លៃ​សេវា​កម្ម​ធ្វើ​ដំណើរ តម្លៃ​ស្នាក់​នៅ​និង​ម្ហូប​អាហារ​បាន​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​ធម្មតា​។ នៅ​កន្លែង​ខ្លះ​ម្ចាស់​សេវា​កម្ម​បាន​ដំឡើង​ថ្លៃ​រហូត​មិន​នឹក​ស្មាន​ដល់​ក៏​មាន។ ស្ថាន​ភាព​នេះ​មិន​មែន​កើត​មាន​តែ​ក្នុង​ពេល​បុណ្យ​ទាន​នោះ​ទេ ប៉ុន្តែ វា​ក៏​តែង​តែ​កើត​ឡើង​ក្នុង​កាលៈ​ទេសៈ​ផ្សេង​ទៀត​ផង​ដែរ​ពោល​គឺ​ឲ្យ​តែ​មាន​ឱកាស​ហុច​ឲ្យ ​អ្នក​ផ្តល់​សេវា​កម្ម​ទាំង​ឡាយ​ក៏​ផ្តើម​កោរ​ភ្ញៀវ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​បើ​ទោះ​ជា​វា​ហួស​ហេតុ​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

មាន​ឧទាហរណ៍​ច្រើន​យ៉ាង​ណាស់​ដែល​បង្ហាញ​ថា មនុស្ស​ហាក់​ដូច​ជា​រង់​ចាំ​តែ​ឱកាស​ដើម្បី​កេង​ចំ​ណេញ។ ជាក់​ស្តែង នៅ​រដូវ​បុណ្យ​ទាន​ម្តង​ៗ អ្នក​បម្រើ​សេវាកម្ម​ដឹក​ជញ្ជូន អ្នក​លក់​ដូរ​នៅ​តាម​រមណីយ​ដ្ឋាន ម្ចាស់​សណ្ឋា​គារ ផ្ទះ​សំណាក់ តែង​តែ​ឆ្លៀត​កោរ​ភ្ញៀវ​ដោយ​សារ​តែមាន​អថិជន​ច្រើន​សម្រុក​ប្រើ​សេវាកម្ម​របស់ខ្លួន។ ម្ចាស់​ទូក​ដ​តែង​ដំឡើង​ថ្លៃ​ឈ្មួល​នៅ​ពេល​មាន​ស្ពាន​បាក់​ឬ​ទឹក​ជំនន់​លិច​ផ្លូវ​ដែល​អ្នក​ដំណើរ​ចាំ​បាច់​ត្រូវ​សម្រុក​ឆ្លង​ទូក។

 

នៅក្នុង​រដ្ឋបាល​សាធារណៈ​វិញ មន្ត្រី​រាជការ​ឬ​អាជ្ញាធរ​តែងតែ​ឆ្លៀត​ដំឡើង​ថ្លៃ​សេវាកម្ម​ផ្សេង​ៗដែល​ជា«លុយ​ក្រោម​តុ» នៅ​ពេល​ដែល​មាន​ប្រជា​ពល​រដ្ឋ​ត្រូវ​ការ​សេវា​កម្ម​ឬ​ឯកសារ​ណាមួយ​ជា​បន្ទាន់។ សមត្ថ​កិច្ច​ខ្លះ​ប្រើ​តួនាទី​ដើម្បី​ជម្រិត​ទារ​លុយ​ពី​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ដោយ​ត្រង់​ៗ​តែ​ម្តង។ ក្នុង​វិស័យ​អប់​រំ​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​ប្រឡង​ម្តង​ៗ មន្ត្រី​អប់រំ​ឬ​គ្រូ​មួយ​ចំនួន​តែង​ឆ្លៀត​ប្រើ​ប្រាស់​តួ​នាទី​របស់ខ្លួន​ដើម្បី​រកលុយ​តាម​ដែល​អាច​ធ្វើបាន។ និយាយ​ជារួម ទស្សនៈ«ឱកាស​និយម»ឬ«ត្រី​ងៀត​ឆ្លៀត​ពង»ហាក់​ដូច​ជា​បាន​ឬ​ស​យ៉ាង​ជ្រៅ​ទៅក្នុង​មនុស្ស​ខ្មែរ​ស្ទើរ​តែ​គ្រប់​ស្រទាប់​និង​គ្រប់​មជ្ឈ​ដ្ឋាន​ក្នុង​សង្គម​។

តាម​ពិត ការ​ឆ្លៀត​ឱ​កាស​ដើម្បី​រក​ផល​ចំណេញ​មិន​មែន​ជា​រឿង​អ្វី​ចម្លែក​ទេ​សម្រាប់​មនុស្ស​ក្នុងសង្គម​ទី​ផ្សារ​សេរី។ ជា​ទូ​ទៅ​មនុស្ស​ដែល​ចេះ​ក្តាប់​ឱកាស​និង​ចេះ​ប្រើ​ប្រាស់​ឱកាស​ច្រើន​តែ​ជា​អ្នក​ជោគ​ជ័យ​ក្នុង​អាជីព​ពី​ព្រោះ​ឱកាស​ល្អ​មិន​មែន​មាន​គ្រប់​ពេល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បណ្តោយ​ឲ្យ​ឱកាស​ល្អ​កន្លង​ផុត​ទៅ​ដោយ​មិន​ចេះ​ចាប់​យក​វា​ពិត​ជា​រឿង​គួរ​ឲ្យ​សោក ស្តាយ។ ប៉ុន្តែ ការ​ឆ្លៀត​ឱកាស​មិន​គួរ​នឹង​ធ្វើ​ឡើង​ដើម្បី​កេង​ចំ​ណេញ​ទៅ​លើ​អ្នក​ដទៃ​ដោយ​មិន​សម​ហេតុ​ផល​ជា​ពិសេស​ក្នុង​កាលៈទេសៈ​លំបាក​នោះ​ឡើយ។

នៅក្នុង​សង្គម​ខ្មែរ មាន​ទស្សនៈវិជ្ជា​ច្រើនយ៉ាង​ដែល​ដូនតា​ខ្មែរ​បាន​អប់រំ​ឲ្យ​មនុស្ស​ចេះ​ជួយ​យកអាសារ​គ្នា​ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន។ ជាក់ស្តែង សុភាសិត​ខ្មែរ​បូរាណ​ពោលថា«ជួយ​គ្នា​ក្នុង​គ្រាក្រ»ឬ«មិត្ត​ល្អ​ស្គាល់គ្នា​ក្នុង​គ្រា​លំបាក»ជាដើម​សុទ្ធសឹងតែ​បង្កប់ន័យ​ឲ្យ​មនុស្ស​ចេះ​ជួយ​គ្នា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ណាមួយ។ ក្នុងន័យនេះ ការ​ឆ្លៀត​កេងចំណេញ​ដោយ​មិន​សម​ហេតុផល​កំពុង​ដើរ​ផ្ទុយ​ពី​បណ្តាំ​ដូនតា​ខ្មែរ​និង​ពី​គន្លង​ព្រះ​ពុទ្ធ​សាសនា។

ការ​ឆ្លៀត​ឱកាស​ដែល​បាន​និង​កំពុង​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា​នាពេល​នេះ​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​អវិជ្ជមាន​ច្រើន​យ៉ាង។ ក្រៅពី​ការ​ជាន់​ពន្លិច​អ្នក​ដែល​មាន​ទុក្ខ​លំបាក ទស្សនៈ«កាស​និយម»ក៏​បាន​និង​កំពុង​ធ្វើ​ឲ្យ​សង្គម​ស្ថិត​ក្នុង​ស្ថាន​ភាព​អនា​ធិប​តេយ្យ​មិន​អាច​គ្រប់​គ្រង​បាន​ផងដែរ​ពោល​គឺ​តម្លៃ​ស្ថិត​នៅ​លើ​មាត់​អ្នក​លក់។ មាន​អ្នក​លក់​ដូរ​ខ្លះ​នាំ​គ្នា​កាត់​តម្លៃ​យ៉ាង​ខ្ពស់​នៅពេល​ដែល​ពួកគេ​ឃើញ​ជន​បរទេស​មក​រក​ទិញ​ទំនិញ​របស់​ខ្លួន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទេស​ចរ​បរទេស​ជា​ច្រើន​រង​គ្រោះ​ព្រោះ​ការ​បង់​ថ្លៃ​ទំ​និញ​ខ្ពស់​ហួស​ពី​ការ​ពិត។ ប៉ុន្តែ ទី​បំផុត ក្រុម​អ្នកលក់​ទាំងនោះ​បាន​ទទួល​រង​គ្រោះ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដោយ​សារ​តែ​បាត់​បង់​អតិ​ថិ​ជន។ គំនិត​ឱកាស​និយម​នេះ​ក៏បាន​បង្កើតជា​វប្បធម៌​ពុក​រលួយ​នៅ​ក្នុង​រដ្ឋ​បាល​សាធារ​ណៈ​ដែល​ពិបាក​នឹង​លុប​បំបាត់​ផង​ដែរ​។

សរុប​មកវិញ ខ្មែរ​គួរ​នាំគ្នា​បង្កើត​វប្បធម៌​ជួយ​គ្នា​ក្នុង​គ្រាក្រ​ជាជាង​ការ​ឆ្លៀតឱកាស​ដើម្បី​កេងចំណេញ​នៅក្នុង​ពេលដែល​អ្នកដទៃ​មាន​គ្រោះអាសន្ន​ដែល​ត្រូវការ​សេវាកម្ម​ឬ​ទំនិញ​ណាមួយ​ជា​ចាំបាច់។ ការដំឡើងថ្លៃ​សេវាកម្ម​ទេសចរណ៍​នៅពេល​បុណ្យធំៗដែលជា​ទម្លាប់​ដុះ​ស្លែ​មួយ​ពិបាក​កែប្រែ​នោះ​ក៏បង្ក​ផល​អវិជ្ជមាន​ច្រើនណាស់​ដែរ។ ជាបឋម វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកក្រ​ដែល​ចាំបាច់​ត្រូវធ្វើ​ដំណើរ។ វា​ក៏បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​ចាយវាយ​លើសពី​គម្រោង​ដែល​បាន​គ្រោងទុក។ កន្លែង​ខ្លះ​វា​បាន​បង្កជម្លោះ​រវាង​អ្នកលក់​និង​អ្នកទិញ​ទៀតផង។ នេះ​បង្ហាញ​ពី​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​ទេសចរណ៍​ក៏ដូចជា​បង្ហាញ​ពី​ទស្សនៈ​អាត្មានិយម​ដ៏​ខ្លាំងក្លា​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ផងដែរ។

ដូច្នេះ ទស្សនៈ​ឱកាសនិយម​ហួសហេតុ​និង​ខុស​ទំនង​គួរតែ​ត្រូវបាន​លុបបំបាត់​ដោយ​ជំនួស​មកវិញ​នូវ​វប្បធម៌​ចែករម្លែក​និង​ជួយ​គ្នា។ ស្ថាប័ន​មាន​សមត្ថកិច្ច​ពិតជា​មាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​បញ្ហា​នេះដែរ។ សូម​កុំភ្លេចថា សង្គម​មួយ​ដែល​ទើប​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា ជាពិសេស​ប្រទេសមួយ​ដែល​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ មនុស្ស​គួរតែ​ត្រូវ​ការជួយ​គ្នា​ជាជាង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ