ក្រុមការងារចំពោះកិច្ច បញ្ចប់ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី សហជីព តែមិនហ៊ានអាកាត់ចំណុចខ្លះ
ក្រុមការងារចំពោះកិច្ចមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានបិទបញ្ចប់កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី សហជីពហើយ នៅក្នុងកិច្ចប្រជុំលើកទី៣របស់ខ្លួន នាព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៦។ ក្រោយបិទបញ្ចប់កិច្ចប្រជុំជាង៣ម៉ោង តំណាងគណបក្សទាំងពីរ បានចេញមកធ្វើសន្និសីទកាសែត រួមគ្នា ដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សានេះ។
ចុះផ្សាយនៅថ្ងៃ៖
បើទោះបីជាគណៈកម្មការចំពោះកិច្ចនៃគណបក្សទាំងពីរ បានប្រកាសពីការបិទបញ្ចប់ការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី សហជីពនេះក៏ដោយ ក៏ប៉ុន្តែ ជំនួបទាំង៣លើកនេះ បានត្រឹមដោះស្រាយ រឺកែប្រែលើចំណុចមួយចំនួនប៉ុណ្ណោះ ដោយចំណុចមួយចំនួនទៀត នៅមិនទាន់សម្រេចនោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក សុខ ឥសាន្ត តំណាងគណបក្សប្រជាជនកម្ពុជា និងលោក សុន ឆៃ តំណាងគណបក្សសង្រ្គោះជាតិ ដែលបានថ្លែងនៅក្រោយបិទបញ្ចប់កិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពី សហជីព នៅថ្ងៃទី១៩មករាឆ្នាំ២០១៦នេះ។
លោក សុខ ឥសាន បានបញ្ជាក់ថា ចំណុចទាំងនោះ មិនទាន់បានសម្រេចតាមអ្វីដែលក្រុមសហជីព និងភាគីនិយោជកចង់បានទំាងអស់នោះទេ ព្រោះថា មានចំណុចមួយចំនួន នៅក្នុងច្បាប់ ស្តីពី សហជីពនេះ មានជាប់ពាក់ព័ន្ធនឹងច្បាប់ការងារ ដែលតម្រូវឲ្យមានការស្នើសុំពន្យល់បន្ថែម ពីក្រសួងការងារ ដែលជាអ្នកតាក់តែងនូវសេចក្តីព្រាងច្បាប់នេះឡើង។
បើតាមការបញ្ជាក់ពី លោកសុខ ឥសាន្ត នៅក្នុងជំនួបលើកទី៣នៅថ្ងៃទី១៩មករានេះ ក្រុមការងារចំពោះកិច្ចនៃគណបក្សទាំងពីរ បានពិភាក្សាទៅលើខ្លឹមសារសំខាន់ៗចំនួន១២ជំពូក ដែលមានបញ្ចូលសំណើ៨ចំណុចរបស់ក្រុមសហជីព។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានលើកយក ចំណុចមួយចំនួនទៀតមកពិភាក្សាផងដែរ ដូចជា ក្នុងមាត្រា ២៨ នៃសេចក្តីព្រាងច្បាប់សហជីព ដែលបានចែងពីតុលាការការងារ ដោយមានការកែសម្រួលពាក្យពេចន៍ជាដើម។
លោក អាត់ ធន់ ប្រធានសហជីព ស៊ីខាវឌូ បានលើកឡើងថា បើទោះបីជាកិច្ចប្រជុំនេះ មិនបានឆ្លើយតបទៅនឹងការចង់បានរបស់សហជីពក្តី តែវាបានបង្ហាញសញ្ញាណវិជ្ជមានមួយចំនួន លើការយកចិត្តទុកដាក់របស់ក្រុមអ្នកតំណាងរាស្រ្ត បើប្រៀបធៀបទៅនឹងសេចក្តីព្រាងច្បាប់មុនៗ។ យ៉ាងណាក៏ដោយ លោកអាត់ ធន់ បានអំពាវនាវ ឲ្យក្រុមតំណាងរាស្រ្តមកពីគណបក្សទាំងពីរ បន្តលើកយកក្តីកង្វល់របស់សហជីព ដូចមាន ចែងនៅក្នុងមាត្រា ១២ , ១៣ មាត្រា២៨ និង២៩ មកពិភាក្សាគ្នានៅគ្រប់យន្តការផ្សេងៗទៀត។
បើតាមការបញ្ជាក់ពីតំណាងគណបក្សទាំងពីរ ក្រោយបិទបញ្ចប់កិច្ចពិភាក្សានៅថ្ងៃនេះទៅ គណៈកម្មការចំពោះកិច្ច នឹងដាក់សំណើទៅកាន់គណៈកម្មការជំនាញរដ្ឋសភា ដើម្បី ពិនិត្យម្តងទៀត បន្ទាប់មកនឹងរៀបចំឲ្យមានសិក្ខាសាលាថ្នាក់ជាតិមួយ ដោយមានការចូលរួម ពីភាគីពាក់ព័ន្ធជជែកពិភាក្សាគ្នាបន្ត មុនពេលដែលសេចក្តីព្រាងច្បាប់នេះ បញ្ចូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ នឹងនៅមុខពេលបញ្ចូលទៅក្នុងរបៀបវារៈក្នុងសម័យប្រជុំសភាពេញអង្គ ពិភាក្សានិងអនុម័ត។
សូមបញ្ជាក់ថា នេះគឺជាជំនួបលើកទី៣ នៃគណៈកម្មការចំពោះកិច្ច ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី សហជីព ដែលមាន ១៧ ជំពូក និង ៩១មាត្រា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ