ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​គណបក្សរាជានិយមចាំបាច់ត្រូវមានរាជវង្សដឹកនាំឬទេ?

សំឡេង ០៤:៤០
សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​អ្នក​គាំទ្រ​ព្រះអង្គ
សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​អ្នក​គាំទ្រ​ព្រះអង្គ RFI/Channa Siv

ទីបំផុត​ទៅ តុលាការក្រុង​ភ្នំពេញ​បានផ្តល់​កិច្ចការពារ​ដល់​អ្នក​ដែល​ត្រូវបាន​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ បណ្តេញ​ចេញពី​គណបក្ស។ ការ​កាត់សេចក្តី​របស់​តុលាការ​យ៉ាងណា​ជា​រឿង​មួយ ប៉ុន្តែ ទំនាស់​នេះ​បានបង្ហាញ​ពី​ការបែកបាក់​យ៉ាងខ្លាំង​នៃ​គណបក្ស​រាជានិយម។ ដើមហេតុ​នៃ​ទំនាស់​នេះ​គឺ​ការមិនចុះសម្រុង​គ្នា​ស្តីពី​ការបង្រួបបង្រួម​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ និង គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ សម្តេចក្រុមព្រះ​ដែលជា​សមាជិក​រាជវង្ស​លេចមុខ​មាត់​ជាងគេ​ក្នុង​ឆាកនយោបាយ​ត្រូវបាន​គេ​ព្យាយាម​ផាត់​ចេញពី​គណបក្ស​រាជានិយម។ តើ​គណបក្ស​រាជានិយម​ដែល​គ្មាន​រាជវង្ស​ដឹកនាំ​មាន​អត្ថន័យ​បែបណា?

ផ្សាយពាណិជ្ជកម្ម

ការបង្រួបបង្រួម​គណ​បក្ស​រាជានិយម​នៅតែ​បន្តធ្វើ ប៉ុន្តែ តើ​មាន​ឬ​គ្មាន​វត្តមាន​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ? នេះ​គឺជា​សំណួរ​ដែល​កំពុងតែ​ចោទឡើង។ និន្នាការ​ជារួម​ដែល​ស្តែងចេញ​ច្បាស់​នៅពេលនេះ​ គឺ​ការព្យាយាម​ផាត់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ចេញពី​សង្វៀន​នយោបាយ។ និន្នាការ​នេះ​បាន​ស្តែង​ចេញពី​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ផង និង​ពី​ផ្ទៃក្នុង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ខ្លួនឯង​ផង។ ទំនាស់​រវាង​សម្តេចក្រុមព្រះ និង​ក្រុម​លោក សៅ រ៉ានី នៅពេលនេះ​អាច​បញ្ជាក់​ពី​រឿងនេះ​បាន។

ជាការ​ពិតណាស់ អ្វីដែល«អ្នករាជានិយម»កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​នៅពេលនេះ ​គឺ​ការ​រួមគ្នា​ជា​គណបក្ស​តែមួយ​ឲ្យ​បាន​ ពីព្រោះ​ពេលវេលា និង​ស្ថានភាព​ជាក់ស្តែង​បានបង្ហាញ​ច្បាស់​ថា ការបង្រួបបង្រួម​នេះ​ពិត​ជាមាន​សារៈសំខាន់​ចាំបាច់ និង​ប្រហែលជា​ទឹក​ចុងក្រោយ​ទៀតផង។ ការផ្តល់​តម្លៃ​ដល់​ការរួបរួម​គ្នា​ជា​កម្លាំង​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ ចំណោទ​សំខាន់​នៅពេលនេះ​គឺ​ស្ថិតនៅត្រង់​វត្តមាន និង​តួនាទី​របស់​សម្តេចក្រុមព្រះ​នៅក្នុង​ការបង្រួបបង្រួម​នេះ​តែប៉ុណ្ណោះ។ ទំនាស់​រវាង​ព្រះអង្គ​ក្រុមព្រះ​ជាមួយ​លោក​ញ៉ឹក ប៊ុនឆៃ ឬ​ជាមួយ​លោក​សៅ រ៉ានី អាចជា​រឿង​ដោយឡែក​មួយ ប៉ុន្តែ សំណួរ​ដែល​សំខាន់​ជាង​នេះ​គឺថា តើ​តួនាទី​ដឹកនាំ​របស់​រាជវង្ស​ជា​ធាតុ​ចាំបាច់​សម្រាប់​គណបក្ស​រាជានិយម​ដែរឬទេ?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ចាំបាច់​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ពីរ​យ៉ាង​ដូចតទៅ៖ ទី១ ដោយ​យោង​លើ​បរិបទ​នយោបាយ រាជានិយម​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​រាជវង្ស​ទេ តែ​រាជានិយម​គឺ​សំដៅ​ទៅលើ​អ្នក​ដែល​និយម​ព្រះរាជា បើទោះបីជា​អ្នកនោះ​ជា​រាស្ត្រសាមញ្ញ​ក៏ដោយ​ចុះ។ ក្នុងន័យនេះ ការ​ផាត់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ចេញពី​តួនាទី​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្មី ហាក់ដូចជា​គ្មានអ្វី​ចម្លែក​ទេ​ ក្នុងករណី​ដែល​ព្រះអង្គ​មិន​ព្យាយាម​ចុះសម្រុង​ជាមួយ​សហជីវិន​របស់​ទ្រង់។ ការមិនចុះសម្រុង​នេះហើយ​ដែល​ជំរុញ​ឲ្យ​អ្នករាជានិយម​ចង់​រួបរួម​គណបក្ស​រាជានិយម​ដោយ​គ្មាន​រាជវង្ស​ជា​អ្នកដឹកនាំ។

ប៉ុន្តែ នៅលើ​ទិដ្ឋភាព​ទី២វិញ រាជានិយម​ហាក់​មាន​អត្ថន័យ​ដោយឡែក​របស់​វា​មួយ​នៅក្នុង​ឆាកនយោបាយ​កម្ពុជា។ នៅក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជាទូទៅ គណបក្ស​រាជានិយម​ហាក់​ចង់​សំដៅ​ទៅលើ​ព្រះមហាក្សត្រ ​ឬ​ព្រះ​រាជវង្ស​មិនអាច​ខ្វះ​បាន។ ជ័យជម្នះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​កាលពី​ឆ្នាំ១៩៩៣ គឺជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត ពោលគឺ កាលណោះ ពលរដ្ឋ​ខ្មែរ​យល់ថា បោះឆ្នោត​ឲ្យ​ហ្វ៊ុនស៊ិនប៉ិច​មានន័យ​ស្មើនឹង​បោះឆ្នោត​ឲ្យ​សម្តេចឪ។ បើទោះបីជា​ហ្វ៊ុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​បាន​ធ្លាក់ចុះ​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់​រហូត​ឈានដល់​ការបែកបាក់​ខ្ទេចខ្ទី​ដូច​បច្ចុប្បន្ន​ក៏ដោយ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ​នៅតែ​មើលឃើញថា នៅពេល​និយាយ​ពី​គណបក្ស​រាជានិយម ពលរដ្ឋ​ខ្មែរ​នៅតែ​នឹកភ្នក​ដល់​ព្រះមហាក្សត្រ ឬ​ព្រះ​រាជវង្ស តែ​ដដែល។

ដូច្នេះ នៅក្នុង​ជម្លោះ​ដ៏​តឹងតែង​នាពេលនេះ មាន​ជម្រើស​ពីរ​ដែល«អ្នករាជានិយម» ត្រូវ​ថ្លឹងថ្លែង។

ជម្រើសទី១៖ បើ​យោងតាម​ជម្រៅ​នៃ​បញ្ហា​ដែល​បានកើត​ឡើង​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន ហ្វ៊ុនស៊ិនប៉ិច​ថ្មី​ដែល​កើតចេញពី​ការរួបរួម​នៅពេល​ខាងមុខ​គួរតែ​គ្មាន​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រសិនបើ​ព្រះអង្គ​មិន​ព្យាយាម​ចុះសម្រុង​ជាមួយ​សហជីវិន​របស់​ទ្រង់​ទេនោះ។ ជម្រើស​នេះ​ក៏​ទំនងជា​មិន​ពិបាក​នឹង​ចេញ​នោះដែរ បើ​យោងតាម​និន្នាការ​បច្ចុប្បន្ន ។ ក៏ប៉ុន្តែ គណបក្ស​រាជា​និ​យ​ក្នុង​ជម្រើស​នេះ​ត្រូវគេ​មើលឃើញថា នឹង​មានតែ​រូបភាព​ច្រើនជាង​ខ្លឹមសារ​ពីព្រោះ​វា​ហាក់ដូចជា​បាត់បង់​អ្វី​ម្យ៉ាង​សម្រាប់​អ្នកបោះឆ្នោត​ខ្មែរ។

ជម្រើសទី២៖ គណបក្ស​រាជានិយម​ដែលមាន​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជា​អ្នកដឹកនាំ​តែ​ត្រូវ​បញ្ចប់​ការបែកបាក់​ជា​ចាំបាច់។ ជម្រើស​នេះ​ថ្វីបើ​មើលទៅ​ទំនងជា​ស្មុគស្មាញ ប៉ុន្តែ វា​អាច​នឹងធ្វើ​ឲ្យ​គណបក្ស​រាជានិយម​មាន​ខ្លឹមសារ​ច្រើនជាង​ជម្រើស​ទី១ ពីព្រោះ​វា​ឆ្លើយតប​ទៅនឹង​លក្ខណៈ​ចិត្តសាស្ត្រ​របស់​ពលរដ្ឋ​ខ្មែរ​បានល្អ​ជាង។ នេះ​គឺជា​ជម្រើស​ស្លាប់​រស់​សម្រាប់​អនាគត​គណបក្ស​រាជានិយម​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI