រដ្ឋាភិបាលថ្មីមិនអាចបញ្ឃប់ការឡើងថ្លៃឈ្មួលរថយន្តក្នុងពេលបុណ្យភ្ជុំបិណ្ឌ
ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងចាប់ផ្តើមនៅថ្ងៃទី ៣,៤,៥ ខែតុលា តំលៃរថយន្តក្រុង បានចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗហើយ។ ការឡើងថ្លៃឈ្នួលរថយន្តដឹកអ្នកដំណើរតែងតែកើតមានជាប្រចាំ នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសមានបុណ្យទានសំខាន់ៗ ទោះបីជាមានការណែនាំពីរាជរដ្ឋាភិបាលក៏ដោយ។ ទម្លាប់នេះនៅតែបន្តដដែលទោះបីជារដ្ឋាភិបាលថ្មីកើតចេញជារូបរាងហើយក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វាមិនខុសពីរាល់ពេលនោះទេ នៅពេលមានបុណ្យទានសំខាន់ម្តងៗ តំលៃឈ្មួលរថយន្តគ្រប់ប្រភេទ គឺតែងតែឡើងថ្លៃយ៉ាងគំហុក។ ជាក់ស្តែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ទាំងតំលៃឡានក្រុង និងឡានតាក់ស៊ីធម្មតា សុទ្ធតែឡើងថ្លៃទាំងអស់។ ទោះបីជាមានសំណូមពរពីរដ្ឋាភិបាលក្នុងពេលកន្លងមក ប៉ុន្តែ សំណូមពរទាំងនោះ វាហាក់ដូចជាមិនបានរសើបដល់អ្នករកស៊ីផ្នែកមធ្យោបាយដឹកអ្នកដំណើរបន្តិចណាសោះ។
ទោះជាមានការឡើងថ្លៃយ៉ាងណា ក៏អ្នកដំណើរនៅតែជ្រើសយកមធ្យោបាយទាំងនោះដែរ។ លោក ជិន បញ្ញាវ័ន ដែលធ្វើដំណើរពីក្រុងភ្នំពេញ ទៅខេត្តពោធិ៍សាត់ បានប្រាប់ថា លោកពិតជាអន់ចិត្តខ្លាំងណាស់ នៅពេលដែលរដ្ឋាភិបាលបានត្រឹមតែសំណូមពរ ប៉ុន្តែ មិនបានអនុវត្តឲ្យបានតឹងរឹងចំពោះការឡើងថ្លៃរបស់ឈ្មួញទាំងនោះ។ លោក ជិន បញ្ញាវ័ន ឲ្យដឹងថា ធម្មតាតំលៃសំបុត្រតែ ប្រមាណជា ២ម៉ឺនរៀលប៉ុណ្ណោះ តែពេលនេះ គឺឡើងដល់ទៅ ៣ម៉ឺន៥ពាន់រៀល។ អ្នកដំណើររូបនេះបន្តថា ការពិត ប្រសិនបើរដ្ឋាភិបាល ចាត់វិធានការណ៍ឲ្យបានច្បាស់លាស់ ឈ្មួញក៏មិនហ៊ានល្មើសបែបនេះដែរ។
ចំនែកអ្នកធ្វើដំណើរពីក្រុងភ្នំពេញ ទៅខេត្តសៀមរាប កញ្ញា ហ៊ីង ស្រីរ័ត្ន បាននិយាយ ថា គាត់ត្រូវចំណាយលើសពីតំលៃធម្មតា ដល់ទៅប្រមាណជា ១ម៉ឺនរៀល ។ ស្រីរ័ត្នបន្តថា ការធ្វើបែបនេះ វាអាចបង្ខំចិត្តឲ្យអ្នកដែលគ្មានប្រាក់គ្រប់គ្រាន់ ស្វែងរកមធ្យោបាយ ដែលចំណាយតិច តែមិនធានាសុវត្ថិភាព។
ឆ្លើយតបនឹងការរអ៊ូររទាំពីសំណាក់អ្នកជិះរថយន្ត លោក ឈួន វី អ្នករត់តាក់ស៊ី ពីភ្នំពេញទៅស្រុកពន្លៃ ខេត្តកំពង់ឆ្នាំង បាននិយាយថា លោកបង្ខំចិត្តដំឡើងថ្លៃឈ្នួល ព្រោះតែអ្នកទារភាស៊ីក៏ឡើងថ្លៃលើសពីថ្ងៃធម្មតាដែរ រីឯប៉ូលីសយាមនៅតាមផ្លូវ ក៏ចេះតែទារលុយថ្លៃចេញចូលរហូត។
គួរបញ្ជាក់ថា សាលារាជធានី និងសហជីពកម្មករ កាលពីពេលកន្លងមក បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួល មិនអោយពួកគេដំឡើងថ្លៃឈ្នួលដឹកជញ្ជូនឡើយ ក្នុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ដោយសារតែការអំពាវនាវរបស់សាលារាជធានីមិនដែលមានប្រសិទ្ធភាពនោះ លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានអំពាវនាវបន្ថែមឲ្យរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ការដំឡើងថ្លៃឈ្នួលដឹកជញ្ជូនហួសហេតុ ក៏ដូចជាការលុបបំបាត់ប៉ុស្តិ៏ត្រួតពិនិត្យយកលុយរបស់សមត្ថកិច្ចនៅតាមដងផ្លូវផងដែរ។
លោកចង់ឲ្យមានបម្រាមតឹងរ៉ឹងមួយចំពោះការដំឡើងថ្លៃឈ្នួលចំណតរថយន្តដឹកជញ្ជូន តាមរយៈការដាក់ពិន័យចំពោះក្រុមហ៊ុនដឹកជញ្ជូនណាដែលដំឡើងថ្លៃឈ្នួលហួសហេតុនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ