កម្ពុជា

សហ​ព្រះរាជ​អាជ្ញា បន្ត​លើក​ភស្តុតាង ដាក់​បន្ទុក​លើ នួន ជា និង​ខៀវ សំផន​

ទិដ្ឋភាព​ពេល​បើក​សវនការ នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម
ទិដ្ឋភាព​ពេល​បើក​សវនការ នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម RFI

នៅ​ថ្ងៃ​ទី​១៨​តុលា​នេះ ចូល​ដល់​ថ្ងៃ​ទី​២​ហើយ ដែល​សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ របស់​តុលាការ​ខ្មែរ​ក្រហម បាន​បន្ត​វេទិកា ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល លើ​សំណុំរឿង​០០២ ដំណាក់​កាល​ទី​១។ ចាប់​តាំង​ពី​សវនាការ កាលពី​ថ្ងៃ​ទី​១៧​តុលា សហ​ព្រះរាជអាជ្ញា បាន​ឡើង​ពី​ភស្តុតាង​ជា​ច្រើន តាមរយៈ​អំណះ​អំណាង​របស់​សាក្សី និង​ជន​រង​គ្រោះ មក​បង្ហាញ​តុលាការ ដើម្បី​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ នួន​ជា និង​ខៀវ សំផន។ ជា​ភស្តុតាង ដែល​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម សម្លាប់​មនុស្ស តាមរយៈ​ការ​ជម្លៀស​ដោយ​បង្ខំ និង​ការ​សម្លាប់​រង្គាល​លើ​កងទ័ព លន់ នល់ ក្នុង​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច។

ផ្សាយពាណិជ្ជកម្ម

រហូតមកដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជា​ថ្ងៃទី២ហើយ ដែល​ភាគី​សហ​ព្រះរាជអាជ្ញា បន្ត​ឡើង​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការពិភាក្សា​សួរដេញដោល លើ​សំណុំរឿង០០២ ដំណាក់កាល​ទី។ ជា​សំណុំរឿង ចោទប្រកាន់​លើ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម លោក នួន​ជា និង​លោក ខៀវ​សំផន ស្តីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ តាមរយៈ​ការជម្លៀស​ដោយ​បង្ខំ និង​ការសម្លាប់​រង្គាល​លើ​កងទ័ព​របប លន់ នល់។

 
ចាប់តាំងពី​ថ្ងៃ១៧តុលា​ម្សិលមិញ និង​បន្ត​ដល់​ព្រឹក​នេះ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ បាន​គូសបញ្ជាក់ថា ជនជាប់ចោទ​លោក នួន​ជា អាយុ ៨៧ ឆ្នាំ និង​លោក ខៀវ សំផន អាយុ ៨២ ឆ្នាំ ថា​ជា​អ្នកទទួលខុសត្រូវ លើ​ការជម្លៀស​ប្រជាជន ដោយ​បង្ខំ ដែល​នាំ​ឲ្យ​ប្រជាជន​រាប់រយ​ពាន់​នាក់ រងទុក្ខវេទនា រហូតដល់​ស្លាប់ ក្នុងពេល​ខ្មែរក្រហម​ឡើង កាន់អំណាច។

តាម​លោកស្រី ជា លាង ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ក្នុង​របប​ខ្មែរក្រហម នៅ​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស មាន​ភាព​អមនុស្សធម៌ និង​បាន​បង្ក​ឲ្យ​មានការ​ឈឺចាប់​ទាំង​ផ្លូវកាយ និង​ទាំង​ផ្លូវចិត្ត​យ៉ាងខ្លាំង​ដល់​ជនរងគ្រោះ។ ក្នុងនោះ មាន​ទាំង​ការស្លាប់​ប្រជាជន​រាប់ពាន់នាក់ ហើយ​ជា​ញឹកញាប់ ការប្រព្រឹត្ត​ទៅលើ​បុគ្គល​ទាំងឡាយ គឺមាន​ភាព​ឃោ​ឃៅ សូម្បីតែ​កុមារ។

ចំណែក​លោក វីលៀម ស្មី​ត សហ​ព្រះរាជអាជ្ញារង​អន្តរជាតិ ក៏បាន​បន្តធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​លើក​បង្ហាញ​ពី​ទំហំ​នៃ​ការកាប់សម្លាប់​រង្គាល មិន​ត្រឹម​ត្រែ​ថ្នាក់ដឹកនាំ របប លន់ នល់​ទេ តែ​ក៏មាន​ការសម្លាប់​ផ្តាច់ផ្តិល​លើ​កង​យោធា​របប​សាធារណៈរដ្ឋ ដោយ​ខ្មែរក្រហម តាមរយៈ​លោក នួន​ជា ចាត់ទុក​កងទ័ព​ទាំងនោះ ថា​ជា​ក្រុម​ក្បត់ជាតិ។

តាម​កម្មវិធី សហ​ព្រះរាជអាជ្ញា នឹង​បន្តធ្វើ​សេចក្តីសន្និដ្ឋាន ១ ថ្ងៃ​ទៀត ដែល​នៅ​ថ្ងៃ​ចុងក្រោយ គេ​រំពឹងថា សហ​ព្រះរាជអាជ្ញា នឹង​លើកឡើង​ពី​ការស្នើសុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​ជនជាប់ចោទ លោក នួន​ជា និង​លោក ខៀវ​សំផន។

ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន រួមទាំង​សហ​មេធាវី​ការពារ​ក្តី​របស់លោក នឹង​ឡើង​ធ្វើ​សេចក្តីសន្និដ្ឋាន​ឆ្លើយតប​នឹង​ការចោទប្រកាន់ បន្ទាប់ពី​សហ​ព្រះរាជអាជ្ញា ហើយ​សវនាការ គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី៣១តុលា។ រីឯ​សាលក្រម លើ​សំណុំរឿង០០២ ដំណាក់កាល​ទី១ នឹងត្រូវ​ប្រកាស នៅ​ពាក់កណ្តាល​ឆ្នាំ២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI