អានតួអត្ថបទ
កម្ពុជា

សវនាការ​០០២​វគ្គ​២​ចប់​មុន​ពេល​កំណត់​បន្ទាប់​ពី​ក្រុម​មេធាវី​ជន​ជាប់​ចោទ​ដើរ​ចេញ

ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ធ្វើ​ការ​ទាមទារ​សំណង​បុគ្គល​ដាច់​ខាត​ នៅ​ថ្ងៃ​សុក្រ​ទី១​៧នេះ​។
ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ធ្វើ​ការ​ទាមទារ​សំណង​បុគ្គល​ដាច់​ខាត​ នៅ​ថ្ងៃ​សុក្រ​ទី១​៧នេះ​។ RFI/ Siv Channa
ដោយ៖ ញឹម សុផល
១៩ នាទី

ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ ខៀវ សំផន ​និង ​នួន ជា ​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​រសៀល​ថ្ងៃ​សុក្រ​(នេះ)​ ដោយ​សារ​ជន​ជាប់​ចោទ​និង​ក្រុម​សហ​មេធាវី​របស់​ពួកគេ​មាន​កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​លើស​ពី​ការ​ចូលរួម​សវនាការ​លើ​សំណុំ​រឿង ​០០២​ដំណាក់​កាល​ទី​២។​ពហិការ​របស់​មេធាវី​ដែល​ជម្រុញ​ឲ្យ​សវនាការ​ចប់​មុន​កំណត់​នោះ​ បាន​ធ្វើ​ឡើង​ជួន​គ្នា ​ពី​មាន​ការ​តវ៉ា​របស់​ក្រុម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាមទារ​ឲ្យ​មាន​សំណង​ជា​បុគ្គល។​ញត្តិ​របស់​ពួកគេ​ត្រូវ​តុលាការ​ទទួល​យក ​ដោយ​មិន​មាន​ការ​ដោះ​ស្រាយ​ភ្លាម​ៗ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម​បានបញ្ចប់​សវនាការ​រ​បស់​ខ្លួន​នៅវេលា​រសៀល​ថ្ងៃទី១៧ខែ
តុលា មុន​កាលកំណត់​ដោយហេតុថា មេធាវី​ជនជាប់ចោទ ខៀវ សំផន និង​នួន ជា មាន​កិច្ច​ការដែល​ត្រូវធ្វើ​ដំណាលគ្នា។

នៅវេលា​ម៉ោងជាង២រសៀល​មិន​ខុសគ្នា​ពី​ក្រុម​មេធាវី​លោក​នួន ជា​ទេ លោក គង់ សំអុន មេធាវី​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន បានប្រកាស​បន្ទាប់ពី​ចូល​ពី​សំរាក​ទទួល​ទាម​អាហារ​ថ្ងៃត្រង់​មកវិញ​ថា​លោក​ខៀវ សំផន ដែលជា​កូនក្តី​របស់លោក មាន​កិច្ចការ​ចាំបាច់​ពីរ​ដែល​ត្រូវធ្វើ​ដំណាលគ្នា​គឺ​ការធ្វើ​សារ​ណា​លើ​បណ្តឹង​សារ​ទុក​លើ​សំណុំរឿង ០០២វគ្គ១សិន ហើយ​លោក​ជ្រើសរើស​ធ្វើ​កិច្ចការ​សំខាន់​មុន។

នៅ​ចុងក្រោយ​នៃ​ការបញ្ចប់​សវនាការ​ថ្ងៃនេះ លោក​ចៅក្រម និល ន​ន់ ប្រធាន​អង្គជំនុំជម្រះ​ថ្លែងថា នឹងធ្វើ​ការប្រកាស​នៅ​ថ្ងៃ​ក្រោយពី​លទ្ធភាព​ បន្ត​សវនាការ​លើ​សំណុំរឿង០០២ វគ្គ២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៧តុលា​ខាងមុខ ខណៈដែល​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​ធ្វើ
ពហិការ។

ជាមួយគ្នានេះ លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ឲ្យ​ដឹងថា អង្គជំនុំជម្រះ​សាលាក្តី​នឹងធ្វើ​សេចក្តីសម្រេច​មួយ​ទាក់ទង​ទៅនឹង​ការដើរ​ចេញពី​បន្ទប់​សវនាការ​របស់ ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ។ ទោះជា​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់ថា​ នៅ​ថ្ងៃទី២១តុលា​ខាងមុខ នឹងមាន​កិច្ចប្រជុំ​មួយ​ស្តីពី​ការគ្រប់គ្រង​តុលាការ​ដែលមាន​ភាគី​ពាក់​ព័ន្ធ​​ចូលរួម​ផងដែរ។

ទាក់ទង​ទៅនឹង​សវនាការ០០២ ដំណាក់កាល​ទី២នេះដែរ ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​​ជាច្រើន​រយ​នាក់​បាន​លើក​បដា ដាក់​ញត្តិ​ទៅកាន់​តុលាការ​ដើម្បី​តាម​ទារ​សំណង​ជា​បុគ្គល រួមមាន​ទាមទារ​ជា​ប្រាក់១៣៥០០ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​ដែល​ខ្មែរក្រហម​សម្លាប់ និង​ស្នើ​ឲ្យ​មានការ​សាងសង់​សារៈមន្ទី១ រោងបុណ្យ​មួយ និង​បណ្ណាល័យ​មួយ​លើ​ទំហំ​ដី ១ហិច​តា​ក្នុង​មួយ​ខេត្ត​ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ។

ក៏ប៉ុន្តែ​លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណាទេ​ ដោយ​ញត្តិ​ទាមទារ​ទាំងនេះ​នឹងត្រូវ​បញ្ជូនទៅ​កាន់​ភាគី​ពាក់ព័ន្ធ​នានា។

សូមបញ្ជាក់ថា ​សំណុំរឿង ០០២វគ្គ០២នេះ គឺជា​ការជំនុំជម្រះ​ក្តី​ទី២ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន។ ទីតាំង​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់ និង​ការចោទប្រកាន់​តាម​អង្គ​ហេតុ​ខាងក្រោម​នេះ ជា​មូលដ្ឋាន​សម្រាប់​ការជំនុំជម្រះ​រួមមាន បទ​ប្រល័យពូជសាសន៍​ចំពោះ​​ជនជាតិ​ចាម និង​វៀតណាម។ ការរៀប​ការ​ដោយ​បង្ខំ និង​បទ​រំលោភ​សេពសន្ថវៈ។ ការ​បោស​សម្អាត​ផ្ទៃក្នុង។ មន្ទីរ​សន្តិសុខ ស-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់មន្ទីរ​សន្តិសុខ​ អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល។ ការដ្ឋាន​ទំនប់ ១ មករា ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​ខេត្តកំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម សហករណ៍​ត្រាំកក់។ ការប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិក​ជន និង ការប្រព្រឹត្តិ​ជាក់លាក់​លើ​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ