តុលាការខ្មែរក្រហមផ្តើមសវនាការសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង០០២ ដំណាក់កាលទី១
ដូចការគ្រោងទុក គឺនៅម៉ោង ៩ ព្រឹក ថ្ងៃអង្គារ ទី១៦តុលានេះ អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម បានចាប់ផ្តើមដំណើរការសវនាការសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោល លើសំណុំរឿង០០២ ដំណាក់កាលទី១។ នៅថ្ងៃផ្តើមដំបូងនេះ ជាវេទិការបស់សហមេធាវីនាំមុខ តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី ឡើងធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ ក្នុងរយៈពេលពេញមួយថ្ងៃនេះ។ សហមេធាវីនាំមុខ បានលើកឡើងពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ដោយសារតែការជម្លៀសដោយបង្ខំ នៅទូទាំងប្រទេស ក្នុងរបបខ្មែរក្រហម។ ក្នុងសវនាការ នាពេលរសៀល សហមេធាវីរបស់ជនរងគ្រោះ នឹងលើកឡើងពីការទាមទារសំណង សម្រាប់ជនរងគ្រោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សវនាការសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោល លើសំណុំរឿង០០២ ដំណាក់កាលទី១ ដែលមានរយៈពេល ១០ថ្ងៃ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១៦តុលានេះ។ គ្រប់ភាគី បានបង្ហាញមុខក្នុងអង្គសវនាការ រួមមាន៖ ភាគីសហព្រះរាជអាជ្ញា សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងឲ្យជនរងគ្រោះ និងសហមេធាវីការពារជនជាប់ចោទ។
ជនជាប់ចោទ លោក នួនជា និងលោក ខៀវ សំផន ក៏បានបង្ហាញមុខ ក្នុងបន្ទប់សវនាការ នៅព្រឹកមិញផងដែរ។ ប៉ុន្តែ លោក នួន ជា អាយុ ៨៧ ឆ្នាំ ដោយសារតែបញ្ហាសុខភាព លោកត្រូវបានគេគ្រានាំចេញ ទៅបន្ទប់រង់ចាំ បន្ទាប់ពីលោកអង្គុយក្នុងបន្ទប់សវនាការប្រមាណ ២០នាទី។
ក្នុងពេលផ្តើមសវនាការ នៅថ្ងៃទី១ នៃការសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោល លើសំណុំរឿង០០២ ដំណាក់កាលទី១ នៅព្រឹកនេះ សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងដោយលោកមេធាវី ពេជ្រ អង្គ និងលោកមេធាវី ហុង គឹមសួន បានលើកបង្ហាញពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយការជម្លៀសដោយបង្ខំរបស់ក្រុមខ្មែរក្រហម។ ការជម្លៀសបង្ខំពីលំនៅដ្ឋាន បានកើតឡើងយ៉ាងរង្គាល នៅទូទាំងប្រទេស ពិសេសនៅថ្ងៃ១៧មេសា ១៩៧៥ នៅភ្នំពេញ ខណៈដែលខ្មែរក្រហមឡើងកាន់អំណាច។
តាមលោកមេធាវី ហុង គឹមសួន ការជម្លៀសចេញនោះ ធ្វើឡើងដោយអមនុស្សធម៌ គ្មានជំនួយ ប្រឈមនឹងជំងឺ អត់ឃ្លាន ហើយត្រូវធ្វើដំណើរលើផ្លូវសែនឆ្ងាយ ដោយថ្មើរជើង នៅតាមផ្លូវទៀតសោត ក៏មានមនុស្សស្លាប់រណូករណែល។
សហមេធាវី ក៏បានលើកឡើងពីការសម្លាប់រង្គាល នៅទួលពោធិ៍ជ្រៃ នៅខេត្តពោធិ៍សាត់ លើទាហានលន់ នល់។ ក្នុងនោះ រាប់បញ្ចូលទាំងខ្មែរកម្ពុជាក្រោមផងដែរ។ ខ្មែរក្រោមក៏ទទួលរងនូវការជម្លៀសដោយបង្ខំ និងត្រូវសម្លាប់ផងដែរ។
ក្នុងសវនាការ នៅពេលរសៀល ថ្ងៃនេះ ក្រៅពីការស្នើសុំឲ្យតុលាការផ្តន្ទាទោស លើអតីតមេខ្មែរក្រហម សហមេធាវីក៏នឹងលើកឡើងពីការទាមទារសំណង ដល់ជូនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណីជាង ៣៨០០ នាក់។ សំណង ដែលត្រូវធ្វើឡើងដោយសមូហភាព និងសំណងផ្លូវចិត្ត។
ជាការកត់សម្គាល់ ភាគីសហព្រះរាជអាជ្ញានឹងធ្វើសេចក្តីសន្និដ្ខានបញ្ចប់ លើសំណុំរឿង០០២ ដំណាក់កាលទី១ ដោយលើកឡើងនូវសំណើសុំផ្តន្ទាទោសជនជាប់ចោទ លោក នួន ជា និងលោក ខៀវ សំផន ដោយមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧តុលា។ ក្រោយមក នឹងដល់វេនសហមេធាវីការពារជនជាប់ចោទ និងជនជាប់ចោទ លោក នួនជា និងលោក ខៀវសំផន ឡើងថ្លែងការណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ