កម្ពុជា

សហគមន៍​ខ្មែរក្រោម​បា្ររព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​អាទិត្យ​នេះ

សហគមន៍​ខ្មែរ​ក្រោម​បា្ររព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​អាទិត្យ​១៧​មិថុនា​នេះ​
សហគមន៍​ខ្មែរ​ក្រោម​បា្ររព្ធ​ទិវា​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃ​អាទិត្យ​១៧​មិថុនា​នេះ​ RFI/Siv Channa

នៅ​​ទី​បំផុត​ សហគមន៍​​ខ្មែរ​​ក្រោម​​ដែល​​ដឹកនាំ​​ដោយ​​លោក​​ ថាច់ សេដ្ឋា​ អាច​ប្រារព្ធ​​ពិធី​​រម្លឹក​​ខួប​​បាត់បង់​​ទឹកដី​​ខ្មែរ​​កម្ពុជា​​ក្រោម​​នៅ​​ព្រឹក​​​ថ្ងៃ​​អាទិត្យ​​នេះ​​នៅ​ក្នុង​​បរិវេណ​​ផ្ទះ​​លោក​​ គង់ គាំ​ ប្រធាន​​ស្តីទី​​គណបក្ស​​ស​ម រង្ស៊ី​​នៅ​​ទីក្រុង​​ភ្នំពេញ។ ​នៅ​ក្នុង​​អង្គ​​ពិធី​​នេះ ​មេ​​ដឹកនាំ​​បក្ស​​ប្រឆាំង​​បាន​​អំពាវ​នាវ​​អោយ​​រដ្ឋាភិបាល​​កំណត់​​ថ្ងៃ​​បាត់​បង់​​ទឹកដី​​កម្ពុជា​ក្រោម​​​ជា​​ថ្ងៃ​​កាន់​ទុក្ខ​​ជាតិ​​និង​​អំពាវនាវ​​អោយ​​ប្រជា​ពលរដ្ឋ​​បោះឆ្នោត​​ផ្លាស់ប្តូរ​​មេដឹក​​នាំ​​សព្វ​ថ្ងៃ។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អង្គពិធី​ក្រោម​អធិបតីភាព​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ី​សុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជដំណាង​របស់​ព្រះមហាក្សត្រ និង​មាន​អ្នក​ចូលរួម​ប្រមាណជា​១ពាន់​នាក់​រាប់ទាំង​ព្រះសង្ឃ​ផង​នោះ លោក​គង់ គាំ ប្រធាស្តីទី​គណបក្ស​ស​ម រង្ស៊ី ​បាន​ថ្លែង​អំពាវនាវ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​ផ្តល់​ទីតាំង​សាធារណៈ​អោយ​ខ្មែរ​កម្ពុជា​ក្រោម​អាច​ប្រារព្ធ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​ផង​ ពីព្រោះ​ពួកគេ​រក​កន្លែង​ប្រារព្ធ​ពិធីនេះ​មិន​​បាន​ទេ​ដោយសារ​តែ​អាជ្ញាធរ​មិន​អនុញ្ញាត។

 
សូម​បញ្ជាក់​ថា សហគមន៍​ខ្មែរ​ក្រោម​​​បាន​លើក​ពេល​​ប្រារព្ធ​ពិធី​បាត់បង់​ទឹកដីខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ពីរ​ដង​រួចមកហើយដោយសារ​តែ​បញ្ហា​ទី​តាំង។ ដំបូង​ឡើយ ពិធី​ប្រារព្ធ​ខួប​ទី​៦៣​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ថ្ងៃ​ទី​៤ខែ​មិថុនា​១៩៤៩​ ថ្ងៃទី​៤​ខែ​មិថុនា​២០១២ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​លើ​សួនច្បារ​មុខ​វត្ត​មុទុ​ម​វ​ត្តី ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ច្បាប់។ បន្ទាប់មក​អង្គពិធី​នេះ​ត្រូវ​គ្រោង​ធ្វើសារជា​ថ្មី​នៅ​វត្ត​អង្គ​តា​មិញ​ក្នុងខណ្ឌដង្កោ ប៉ុន្តែ ត្រូវបាន​ខក​ខាន​ម្តង​ទៀត​ដោយសារតែ​វត្ត​នោះ​ជាប់​រវល់​ធ្វើបុណ្យ។ ទីបំផុត ពិធី​នេះ​ត្រូវ​បានគេ​ប្រារព្ធ​ធ្វើ​​ឡើង​នៅផ្ទះ​លោក​គង់ គាំ​ ប្រធាន​ស្តីទី​គណបក្ស​សមរង្ស៊ី​នៅព្រឹកថ្ងៃអាទិត្យនេះ។

លោក គង់ គាំ បាន​ថ្លែង​បន្ត​ទៀត​ថា លោកមាន​ការ​សោកស្តាយ​យ៉ាងខ្លាំង​ពី​ទង្វើ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូចគ្នា​ដែរ​នោះ។ លោក អ៊ូ ចាន់​រិ​ទ្ធិ មន្ត្រី​ជាន់​ខ្ពស់​​នៃ​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ទិវា​​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​កាល​ពី​ព្រឹកមិញ​ដែរ​នោះ​បាន​ថ្លែង​អំពាវនាវ​អោយ​រដ្ឋាភិបាល​ខ្មែរ​កំណ​ត់​​ថ្ងៃ​ទី​៤​ខែ​មិថុនា​ជា​ទិវា​កាន់​ទុក្ខ​​ជាតិ​ផ្លូវការ​​ដូច​​ពិធី​បុណ្យ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ។

លោក ថាច់ សេដ្ឋាប្រធាន​សហគមន៍​ខ្មែរ​ក្រោម​បាន​និយាយ​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណ​​ជា​១ពាន់​នាក់​ថា ការ​ប្រារព្ធទិវា​​បាត់បង់ទឹកដី​ថ្ងៃទី​៤​ខែមិថុនា​​​​ជា​រៀងរាល់​ឆ្នាំ​នេះ​គឺ​ដើម្បី​អោយ​កូន​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​ប្រវត្តិសាស្រ្ត​ឈឺចាប់​និង​កុំ​អោយ​ប្រវត្តិសាស្ត្រ​ដដែល​នេះ​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត។

ក្រៅ​ពី​រឿង​រ៉ាវ​​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម លោក គង់ គាំ ​ប្រធាន​ស្តីទីគណបក្ស​សមរង្ស៊ី​និង​លោក អ៊ូ ចាន់​រិ​ទ្ធិ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​អំពាវនាវ​ស្រដៀង​គ្នា​អោយ​ប្រជាពល​រដ្ឋ​បោះឆ្នោត​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​សម្រាប់​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​​នាពេល​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI