បញ្ហាប្រឈមរបស់ភូមាក្នុងឋានៈជាប្រធានផ្លាស់វេនអាស៊ានសម្រាប់ឆ្នាំ២០១៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៦
នៅពេលបិទបញ្ចប់ជំនួបកំពូលអាស៊ាន នៅប្រទេសព្រុយណេ កាលពីថ្ងៃព្រហស្បតិ៍ ១០តុលា លោកប្រធានាធិបតីភូមា ថេន សេន បានទទួល "ញញួរមាស" ដែលជានិមិត្តរូបនៃតំណែងប្រធានអាស៊ាន បន្តពីប្រទេសព្រុយណេ។ ភូមានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗរបស់អាស៊ាន ជាពិសេស ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា សម្រាប់ឆ្នាំ២០១៤ខាងមុខ។ នេះជាកិត្តិយសដ៏ធំធេងមួយ សម្រាប់ប្រទេសដែលធ្លាប់តែគេមិនរាប់រង ក៏ប៉ុន្តែ វាក៏ជាបញ្ហាប្រឈមមួយដ៏ធំដែរ។
កាលពីប៉ុន្មានឆ្នាំមុន គេសង្កេតឃើញថា ភូមា និងតំណែងជាប្រធានអាស៊ាន តែងតែជារឿងដ៏ចម្រូងចម្រាសមួយ។ តាមពិត ភូមាត្រូវដល់វេនទទួលតំណែងជាប្រធានអាស៊ាន កាលពីឆ្នាំ២០០៦ ក៏ប៉ុន្តែ ត្រូវបង្ខំចិត្តដកខ្លួន ដោយសារតែមានការបារម្ភខ្លាចបណ្តាប្រទេសលោកខាងលិចធ្វើពហិការ មិនមកចូលរួមប្រជុំ។ នៅពេលនោះ ភូមាស្ថិតក្រោមការដឹកនាំនៃរបបសឹក, លោកស្រីអ៊ុង សានស៊ូជី ជ័យលាភីណូបែលសន្តិភាពកំពុងជាប់ឃុំនៅក្នុងផ្ទះ ហើយភូមាត្រូវទទួលរងទណ្ឌកម្ម និងស្ថិតក្នុងភាពឯកោនៅលើឆាកអន្តរជាតិ។
ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១០មក ការផ្លាស់ប្តូរជាច្រើនបានកើតមានឡើងនៅភូមា។ របបសឹកត្រូវបានរំលាយ ជំនួសមកវិញ ដោយរដ្ឋាភិបាលស៊ីវិល។ លោកស្រីអ៊ុង សានស៊ូជី ក៏ត្រូវបានដោះលែងឲ្យមានសេរីភាព និងបានក្លាយជាតំណាងរាស្រ្ត។ លោក ថេន សេន ប្រធានាធិបតីថ្មីរបស់ភូមា បានធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយជាច្រើនគួរឲ្យភ្ញាក់ផ្អើល ធ្វើឲ្យភូមាត្រូវរួចពីទណ្ឌកម្មមួយផ្នែកធំ ព្រមទាំងត្រូវបានសហគមន៍អន្តរជាតិរាប់រកឡើងវិញ។
នៅឆ្នាំ២០១១ ប្រទេសសមាជិកអាស៊ានក៏បានឯកភាពគ្នាប្រគល់តំណែងជាប្រធានផ្លាស់វេនអាស៊ាន ទៅឲ្យភូមា សម្រាប់ឆ្នាំ២០១៤។ ការផ្ទេរតំណែងអាស៊ានពីព្រុយណេ ទៅភូមា ត្រូវបានធ្វើឡើងជានិមិត្តរូប កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នៅក្រោយជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា។ ក៏ប៉ុន្តែ រហូតទាល់តែដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ទើបភូមាចាប់ចូលកាន់តំណែងជាប្រធានអាស៊ានពិតប្រាកដ។
នៅក្នុងឆ្នាំ២០១៤នេះ ភូមានឹងត្រូវទទួលបន្ទុករៀបចំកិច្ចប្រជុំយ៉ាងច្រើនក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងនោះ រួមមានជំនួបកំពូលធំៗពីរ គឺជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលមានការចូលរួមពីសំណាក់មេដឹកនាំមកពីប្រទេសមហាអំណាចធំ ដូចជា អាមេរិក ចិន រុស្ស៊ី និងជប៉ុន ជាដើម។ ភារកិច្ចនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ប្រទេសដែលទើបនឹងងើបចេញពីរបបផ្តាច់ការ និងរួចពីទណ្ឌកម្មអន្តរជាតិដូចជាភូមា។
បញ្ហាប្រឈមដ៏ធំបំផុតរបស់ភូមា គឺកង្វះធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំកិច្ចប្រជុំធំៗខ្នាតអន្តរជាតិ។ ក៏ប៉ុន្តែ ក្រៅពីបញ្ហានេះ ភូមានឹងត្រូវប្រឈមមុខនឹងបញ្ហាធំៗផ្សេងទៀត ក្នុងឋានៈជាប្រធានអាស៊ាន ជាពិសេស បញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងការប្រជែងឥទ្ធិពលគ្នា រវាងអាមេរិក និងចិន។ គេឃើញថា កាលពីឆ្នាំ២០១២ នៅពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យកម្ពុជាឈឺក្បាលមិនតិចទេ រហូតបានធ្វើឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសត្រូវទទួលបរាជ័យ នៅភ្នំពេញ។
នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ រដ្ឋាភិបាលភូមាប្រាកដជានឹងត្រូវធ្វើការថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន រវាងម្ខាងប្រទេសជាប់ជម្លោះ ដែលជាសមាជិកអាស៊ានគ្នាឯង (ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ) និងម្ខាងទៀត ចិន ដែលជាបង្អែកផ្នែកសេដ្ឋកិច្ចដ៏ធំ តាំងពីសម័យរបបសឹក រហូតមកទល់នឹងពេលបច្ចុប្បន្ន ក៏ប៉ុន្តែ ប្រជាជនភូមាទូទៅមិនសូវចូលចិត្ត។
នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានគ្នាឯង ភូមា ក្នុងឋានៈជាប្រធានអាស៊ាន ក៏ទំនងជានឹងត្រូវប្រឈមមុខនឹងការប្រទាញប្រទង់គ្នាខ្លាំងដែរ រវាងក្រុមប្រទេសដែលស្និទ្ធនឹងចិន និងក្រុមប្រទេសដែលស្និទ្ធនឹងអាមេរិក ក្នុងពេលដែលប្រទេសមហាអំណាចទាំងពីរកំពុងតែប្រជែងគ្នាដណ្តើមឥទ្ធិពល នៅក្នុងតំបន់អាស៊ាន។
បន្ថែមពីលើនេះ នៅមានបញ្ហាក្នុងស្រុកមួយទៀត ដែលភូមាកំពុងប្រឈមមុខខ្លាំង គឺអំពើហិង្សា រវាងអ្នកកាន់ពុទ្ធសាសនា និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម ដែលនៅតែបន្តកើតមានឡើង។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២មក អំពើហិង្សា រវាងអ្នកកាន់សាសនាទាំងពីរ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៤០នាក់ ហើយមនុស្សប្រមាណជា ១៤ម៉ឺននាក់ ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង ក្នុងនោះភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ លោកថេន សេន ត្រូវទទួលរងនូវការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស ក៏ដូចជាពីសំណាក់សហគមន៍អន្តរជាតិថា គ្មានសមត្ថភាព ឬគ្មានឆន្ទៈពិតប្រាកដ ក្នុងការទប់ស្កាត់អំពើហិង្សានេះ។
អ្នកខ្លះចោទជាសំណួរថា ការផ្តល់តំណែងជាប្រធានអាស៊ានទៅឲ្យភូមា នៅពេលនេះ ហាក់ដូចជាធ្វើឡើងឆាប់ពេក ក្នុងពេលដែលភូមានៅមិនទាន់ចាត់ចែងដោះស្រាយបានល្អនៅឡើយ ចំពោះអំពើហិង្សាសាសនា ក៏ដូចជា បញ្ហាសិទ្ធិមនុស្សផ្សេងទៀតជាទូទៅ។
ក៏ប៉ុន្តែ អ្នកខ្លះទៀត ដូចជាលោកអគ្គលេខាធិការអ.ស.ប បាន គីមូន ជាដើម យល់ឃើញថា ថ្វីដ្បិតតែភូមានៅមានបញ្ហាច្រើនទៀត ដែលត្រូវដោះស្រាយ ប៉ុន្តែ រដ្ឋាភិបាលស៊ីវិលភូមាបានធ្វើកំណែទម្រង់សំខាន់ៗបានច្រើនមកហើយ។ ដូច្នេះ ការផ្តល់តំណែងជាប្រធានអាស៊ានឲ្យទៅភូមា គឺជាការឆ្លើយតបជាវិជ្ជមានមួយ ចំពោះការខិតខំប្រឹងប្រែងរបស់លោកថេន សេន និងដើម្បីជាការលើកទឹកចិត្តឲ្យភូមាជំរុញការធ្វើកំណែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ