កម្ពុជា

ប្តូរ​ការ​ចោទ​ប្រកាន់​លើ​លោក​ ម៉ម​ សូណង់ដូ​ ពីបទ​បង្កើត​តំបន់​អបគមន៍​ ​ទៅ​ជា​បទ​កាប់ឈើ​

លោក ម៉ម សូណង់ដូ ជា​នាយក​វិទ្យុ​​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ជា​នាយក​វិទ្យុ​​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ REUTERS/Samrang Pring

សវនាកា​នៅ​តុលាការ​សាលាឧទ្ធរណ៍ លើករណីលោក ម៉ម សូណង់ដូ រយៈពេល​មួយ​​ថ្ងៃ​និងមួយ​​ព្រឹក មកដល់​រសៀល​ថ្ងៃពុធ​នេះ បានបិទ​បញ្ចប់​ហើយ។ តំណាង​អគ្គមហាអយ្យការ បាន​​ប្តូរបទ​ចោទ​ប្រកាន់​លើ​លោក ម៉ម សូណង់ដូ ពី​បទជា​មេក្លោង​បង្កើត​តំបន់​អបគមន៍ ទៅ​ជា​​បទ​ល្មើស​ព្រៃឈើ​វិញ។ តែបទល្មើសនោះ នៅតែ​ជា​បទឧក្រិដ្ឋ​ដែល​អាច​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ។ យ៉ាងណា​ក៏ដោយ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ នឹង​ប្រកាស​សេចក្តី​សម្រេច​លើ​រឿងក្តី​លោក ម៉ម សូណង់ដូ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១៤ មីនា សប្តាហ៍​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

សវនាកា​​នៅ​តុលាការ​សាលាឧទ្ធរណ៍ លើ​ករណី​លោក ម៉ម សូណង់ដូ បាន​បិទ​បញ្ចប់ នៅ​រសៀល​ថ្ងៃពុធ​ទី៦ មីនានេះ បន្ទាប់ពី​ចំណាយ​ពេល​មួយ​ថ្ងៃ​និង​មួយ​ព្រឹក។ ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ បាន​​​សម្រេច​ថា សាល​ដីកា​​លើ​សំណុំរឿង​ក្តី​ដ៏​រសើប​ក្នុងករណីលោកម៉មសូណង់ដូ នឹង​ត្រូវ​ប្រកាស​នា​ព្រឹក​ម៉ោង ៨ ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣។

សំណុំរឿង​ក្តី​នោះ ត្រូវបានតំណាង​មហាអយ្យការ​បានសម្រេច​ប្តូរ​បទ​ចោទប្រកាន់​លើ​​​​លោក ម៉ម សូណង់ដូ​ ពី​បទ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រាជរដ្ឋាភិបាល មក​ជា​បទល្មើស​ព្រៃឈើ​​វិញ។ ជា​បទ​ចោទប្រកាន់​ដែល​ត្រូវ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ ក្នុងបទឧក្រិដ្ឋ ដែលអាចជាប់ពន្ធនាគារ ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

ការ​សម្រេច​ប្តូរ​បទ​ចោទប្រកាន់​លើ​លោក ម៉ម សូណង់ដូ យ៉ាង​ដូច្នេះ ត្រូវបាន​តំណាង​មហាអយ្យការ​លើកឡើង​ថា ដោយសារ​តែ​ការចោទ​ប្រកាន់​ពីមុន​និង​អង្គហេតុ មិន​ត្រូវ​គ្នា។
នៅពេល​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ជា​នាយក​វិទ្យុ​​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​អាជ្ញាធរ​ចោទ​ប្រកាន់ ៤​ករណី  គឺ១-ផ្ដួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ។ ២-ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​​​បំពេញ​មុខងារ​សាធារណៈ។ ៣-ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ ។​ និង​៤-ប្រឆាំង​​​នឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណា​ក៏ដោយ លោក ស សូវ៉ាន មេធាវី​ការពារក្តី​លោក ម៉ម សូណង់ដូ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា បទលើ្មស​កាប់​ព្រៃឈើ​ដែល​អគ្គព្រះរាជ​អាជ្ញា​បានប្តូរ​បទចោទប្រកាន់​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ ដោយ​ព្រះរាជអាជ្ញា​ត្រូវ​ធ្វើការ​ចោទ​ប្រកាន់​តាំង​ពី​សាលា​ដំបូង ដើម្បី​ឲ្យ​មេធាវី​មាន​លទ្ធភាព​ការពារ​កូនក្តី។

(សំឡេង)

ក្នុង​បន្ទប់​សវនាកា ពិសេស​នៅ​មុនពេល​បិទ​បញ្ចប់​សវនាការ​នា​រសៀល​នេះ លោក ម៉ម សូណង់ដូ ក៏​ដូចជា​អ្នកភូមិ​ពីរ​នាក់​ផ្សេងទៀត ដែល​គេ​នាំ​មក​ចូលរួម​សវនាការ​កាត់ទោស​ឡើង​​វិញ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់ ឬក៏​ការដាក់​កំហុស​ពី​ជនជាប់ចោទ និង​សាក្សី​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​រឿងហេតុ​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។​

លោក ម៉ម សូណង់ដូ បានថ្លែង​ទៅកាន់​អ្នក​កាសែត​យ៉ាង​ខ្លីថា “ពូអរគុណ។ ពូសប្បាយចិត្តដែរ តែមិនទាន់សប្បាយចិត្ត ១០០​ភាគរយទេ ទាល់តែលើកលែង​ទោស​ពូ ១០០​ភាគរយតែម្តង ទើបពូសប្បាយចិត្ត។ ពូត្រូវតស៊ូទៅទៀត នៅ​ពេលណា​ដែល​យើង​ធ្វើអ្វី​ដែល​មិនមាន​កំហុស...។ ធម្មតា​ត្រូវ​រួច​ខ្លួន ព្រោះ​ពូ​អត់​ធើអី​សោះ”។

​រីឯដើម​បណ្តឹង ៣ នាក់ ដែលជា​អ្នក​ភូមិ​ប្រម៉ា មិន​បាន​ឆ្លើយ​ដាក់បន្ទុក​ណាមួយ លើ​លោក ម៉ម សូណង់ដូ និង​ជនជាប់ចោទ​ពីរ​នាក់​ផ្សេង​ទៀត​នោះទេ​។ ដើមបណ្តឹង​ទាំង​បី​នាក់​បាន​ត្រឹមតែ​រៀប​រាប់​ពី​ហេតុការណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ដែល​​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បង្ក្រាប​ដោយ​ហិង្សា លើ​ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី រហូត​ធ្វើឲ្យ​កុមារី​ម្នាក់ អាយុ ១៤ ឆ្នាំ ត្រូវ​ស្លាប់​ដោយសារ​តែ​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច។​

លោក អំ សំអាត សកម្មជន​ការពារ​សិទ្ធិមនុស្ស​អង្គការ លីកាដូ ដែល​បាន​តាម​ឃ្លាំ​មើល​សវនាកា​​​​កាត់ទោស​លោក ម៉ម សូណង់ដូ បាន​ថ្លែងថា​ ឆ្លង​តាម​សវនាកា​ជជែក​ដេញ​ដោល រួម​ទាំង​​ការ​ឆ្លើយ​បំភ្លឺ​របស់​អ្នកភូមិ ៣​នាក់ ដែល​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី និង​កំណត់​ហេតុ​របស់​ជន​ជាប់ចោទ ៥​នាក់ ដែល​គេ​បង្វិល​ទៅជា​សាក្សី​នោះ ក៏មិន​មាន​អ្វី​ដើម្បី​ដាក់​បន្ទុក​ចោទ​ប្រកាន់​​លើ​លោក ម៉ម សូណង់ដូ ឡើយ។

លោក អំ សំអាត បាន​បន្ថែមថា "អីចឹង បើសិនជា​មាន​ភាពយុត្តិធម៌ លោក ម៉ម សូណង់​ដូ គួរតែ​មាន​ការលើកលែង​ការចោទប្រកាន់​នូវ​បទល្មើស​ទាំងអស់នេះ"។​
សូម​រម្លឹក​ថា តុលាការ​សាលាឧទ្ធរណ៍​ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣ បាន​លើក​យក​សំណុំរឿង​ក្តី​លោក ម៉ម សូណង់ដូ ដែល​ជាប់ចោទ​ថា​ជា​មេក្លោង​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​នឹងរាជ​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​​ មក​ធ្វើការ​ជំនុំ​ជម្រះ។

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​សម្រេច​ផ្តន្ទា​ទោស​លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ដាក់​ពន្ធនាគារ ២០ ឆ្នាំ បន្ទាប់​ពី​លោក​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។​

ក្នុង​ពេល​តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាកា​​ជំនុំ​ជម្រះ​លើ​ករណី​លោក ម៉ម សូណង់ដូ ចាប់​​តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៣ ក្រុម​ប្រជា​ពលរដ្ឋ​​រាប់សិប​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ​លើក​បដា ញត្តិ​ស្នាម​មេដៃ ពាក់មួក​ធ្វើ​ពី​ក្រដាស​កូ​តុង រួម​ទាំង​ផ្ទាំង​រូបថត​និង​មាន​កាន់​ព្រះពុទ្ធ​រូប​ផង ហើយបាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម​សូណង់ដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI