កម្ពុជា

សហ​ជីពសេរី​កម្មករ​ប្រកាស​ធ្វើកូដ​កម្មចំ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុ​កម្ម​

លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា
លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា RFI/Channa Siv

សហជីព​សេរី​កម្មករ របស់លោក ជា​មុនី បានចេញ​សេចក្តី​អំពាវនាវ​​មួយ​​ទៅកាន់​​មេដឹកនាំ​សហជីព និង​កម្មករ​តាម​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់​ឲ្យ​ធ្វើ​កូដកម្ម​មិន​ធ្វើការ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​តុលា​សប្តាហ៍​​ក្រោយ​នេះ។ កូដកម្ម​នេះ​​ត្រូវ​គេ​ពន្យល់​ថា​​ដើម្បី​​ទាមទារ ផលប្រយោជន៍​​កម្មករ​​និង​សហជីព។ ប៉ុន្តែ វា​បាន​កើតឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ដែរ។

ផ្សាយពាណិជ្ជកម្ម

សហជីព​សេរី​កម្មករ​ដែលមាន​ទំនោ​ទៅរក​គណបក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​សហជីព​កម្មករ​រោងចក្រ​ផ្អាក​ការងារ​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២២ និង ២៣ តុលា​ខាងមុខនេះ​ដើម​ធ្វើ​កូដកម្ម។​ គឺជា​កូដកម្ម​ដែល​សហជីព​នេះ​ពន្យល់ថា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បុគ្គលិក​​សហជីព ​និង​​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ទាំង ៨ នាក់ ដែល​តុលាការ​ឃុំខ្លួន​អស់​រយៈពេល​​ជាង ៤ ខែ​មកហើយ។ កូដកម្ម​នេះ​ក៏​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​ចំនួន​១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​​ផងដែរ។

ក្នុង​សេចក្តីអំពាវនាវ ដែល​ត្រូវបាន​គេ​ចែក​ផ្សាយ​នៅ​ថ្ងៃទី១៩ តុលា​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​គូស​បញ្ជាក់​ថា ការធ្វើ​កូដកម្ម​នេះ​គឺ​ដើម្បី​ប្រាប់​ទៅ​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់​ថា កម្មករ កម្មការិនី ត្រូវការ​ប្រាក់​ឈ្នួល ចំនួន ៦០ ម៉ឺន​រៀល ឬ ១៥០ ដុល្លារ​អាមេរិក ក្នុង​មួយខែ​ ដើម្បី​ទ្រទ្រង់​ជីវភាព និង​សុខភាព​របស់​ខ្លួន។  ម្យ៉ាងទៀត វា​ក៏​ជា​ការ​ទាមទារ​​រក​យុត្តិធម៌ ជូន​កម្មករ​ផងដែរ។

សេចក្តីអំពាវនាវ​នេះ​មិនបាន​ចងភ្ជាប់​ទៅនឹង​បញ្ហានយោបាយ​ទេ ប៉ុន្តែ​ការអំពាវនាវ​ឲ្យ​មាន​កូដកម្ម​កម្មករ​នេះ​បានកើត​ឡើង​ចំ​ពេល ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ដែរ​នៅ​ថ្ងៃទី២៣តុលា​ខាងមុខនេះ។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បាតុកម្ម​នេះ​នឹង​ធ្វើឡើង​រយៈពេល៣ថ្ងៃ​យ៉ាងតិច​ គឺ​ធ្វើ​រហូតដល់​ការទាមទារ​​របស់ខ្លួន​បាន​សម្រេច។ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​​ភាព​មិន​ប្រក្រតី​នៃ​​ការបោះឆ្នោត និង​​ឲ្យ​​មាន​​តុល្យភាព​​អំណាច​នៅក្នុង​រដ្ឋសភា។

 
សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​មហា​បាតុកម្ម​ពីរលើក​រួចមកហើយ​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​សភា​អាណត្តិ​ទី៥មក។ កាលពី​បាតុកម្ម​លើកមុនៗ មេដឹកនាំ​សហជីព​ដែលមាន​ទំនោរ​ទៅរក​បក្សប្រឆាំង ដូចជា​សហជីព​សេរី​កម្មករ​របស់លោក ជា​មុនី និង​សហភាព​​សហជីព​របស់​លោក រ៉ុង ឈុន ជាដើម ​ធ្លាប់បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​សមាជិក​របស់ខ្លួន​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI