មេដឹកនាំភាគច្រើនបានអះអាងអំពីវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ានដែលមានមេដឹកនាំកំពូលនៃប្រទេសអាស៊ាន និងប្រទេសមហាអំណាចជាដៃគូ នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី២០នៅក្នុងខែវិច្ឆិកា។ ក្រសួងពាក់ព័ន្ធនានាបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ជាងពេលកិច្ចប្រជុំធំៗកាលពីខែមេសា និងខែកក្កដាកន្លងទៅ ពីព្រោះ មេដឹកនាំកំពូលនៃប្រទេសមហាអំណាចនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មេដឹកនាំភាគច្រើននៃប្រទេសដែលត្រូវចូលរូមក្នុងកិច្ចប្រជុំអាស៊ាននៅក្នុងខែវិច្ឆិកាខាងមុខនេះ បានឆ្លើយតបតាមការអញ្ជើញរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះអាស៊ានហើយ។ នេះបើតាមការអះអាងរបស់លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ លោកស្រី រដ្ឋចាវី ដែលជាប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីបានពន្យល់ថា កម្ពុជាបានអញ្ជើញមេដឹកនាំកំពូលនៃប្រទេសមហាអំណាចដែលត្រូវចូលរួមក្នុងកិច្ចប្រជុំអាស៊ានអស់ហើយ ប៉ុន្តែតាមទំលាប់មានមេដឹកនាំធំៗមួយចំនួន ពួកគេនឹងឆ្លើយបញ្ជាក់អំពីវត្តមានរបស់ពួកគេនៅជិតពេលដល់កិច្ចប្រជុំ។
កិច្ចប្រជុំនៅក្នុងខែវិច្ឆិកាខាងមុខនេះ នឹងជាកិច្ចប្រជុំដ៏សំខាន់ ពិសេសកិច្ចប្រជុំរវាងអាស៊ាននិងប្រទេសដៃគូ ហើយប្រទេសដៃគូទាំងនោះនឹងតំណាងដោយមេដឹកនាំកំពូលតែម្តង។ ក្រៅពីប្រទេសសមាជិកអាស៊ានទាំង១០ ប្រសិនជាមេដឹកនាំនៃប្រទេសដៃគូទាំង៨របស់អាស៊ានចូលរួមនោះ វានឹងមាន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីសាធារណៈរដ្ឋកូរ៉េ លោក លី ម្ញុងបាក់ នាយករដ្ឋមន្ត្រីញូហ្ស៊ីលេន លោកចន ហ្វីលីព ឃី នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ាន់ម៉ូហាន់ ស៊ីញ នាយករដ្ឋមន្ត្រីចិន លោក វេន ជាប៉ោ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី ជូលៀ ហ្គីឡាដ។
ដោយសារតែវានឹងមានវត្តមានមេដឹកនាំកំពូលៗនៃប្រទេសមហាអំណាច ការរៀបចំកិច្ចប្រជុំត្រូវបានត្រៀមយ៉ាងម៉ត់ចត់។
ក្រសួងព័ត៌មានទើបតែបានរៀបចំកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធក្នុងពេលកន្លងទៅនេះ ដើម្បីត្រៀមធ្វើយ៉ាងណាធ្វើអោយកាន់តែប្រសើរឡើងនូវការរៀបចំផ្នែកមណ្ឌលព័ត៌មាន។ ផ្នែកសន្តិសុខក៏ដូចគ្នា ស្នងការរាជធានីភ្នំពេញធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប៉ូលីសមានសមត្ថកិច្ចនឹងត្រូវធ្វើការដោយប្រុងប្រយ័ត្នខ្លាំងបំផុតដោយសារ នៅក្នុងកិច្ចប្រជុំខែវិច្ឆិកានោះ នឹងមានវត្តមេដឹកនាំកំពូលនៃប្រទេសមហាអំណាចជាច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ