មេបក្សប្រឆាំងបរិហារអាក្រាត អំពីរបៀបរស់នៅដ៏ហ៊ឺហារបស់លោកប្រមុខរដ្ឋពូទីន
ចុះផ្សាយនៅថ្ងៃ៖
ខ្លឹមសារនៃការបរិហារនេះ ធ្វើលើទំព័រកាសែតថ្ងៃនេះ ដោយមេដឹកនាំបក្សប្រឆាំង គឺថា លោកពូទីន “កំពុងបាត់បង់ប្រជាប្រិយភាព” ហើយ “នៅតោងអំណាចដូចខ្មោចចូល” ចំណែកមូលហេតុមួយនៃបាតុភាពនេះ គឺមកពី”បរិយាកាសនៃទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភដែលគាត់ទម្លាប់ទៅហើយ រួចដែលគាត់មិនព្រមបណ្តោយឲ្យវារបូតពីខ្លួនគាត់ឡើយ”។
មេបក្សប្រឆាំងនេះគឺឈ្មោះ Boris Niemtsov ក្នុងទសវត្សរ៍ទី៩០ ធ្លាប់ធ្វើជាអភិបាលខេត្ត និងជាឧបនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន ជាសហប្រធាននៃសម្ព័ន្ធ “គណបក្សសាធារណរដ្ឋស្តាំនិយម” និង “គណបក្សប្រជាសេរីភាព PARNAS”។ រូបគាត់ល្បី ដោយក្នុងអង្គមីទ្ទិញ និងបាតុកម្មតែងបន្លឺឡើងនូវការទាមទារពីលោកពូទីនឲ្យចុះចេញពីអំណាចទៅ ក្រោមពាក្យស្លោកថា “ ប្រទេសរុស្ស៊ីឥតត្រូវការរូបពូទីនទេ”។ លើទំព័រកាសែត Kommersant លេខថ្ងៃនេះ គាត់សរសេរហែកកេរ្តិ៍លោកពូទីនថា លោកពូទីន ក្នុងសម័យឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីខែមិនាកន្លងទៅ បានបោកប្រាស់ប្រជាជនម្ចាស់ឆ្នោតដោយប្រកាសជាសាធារណៈថា មានប្រាក់ចំណូលក្នុង១ឆ្នាំតែ៤លានរូប្ល៍ ឬស្មើនឹង ១២៥.០០០ដុល្លារប៉ុណ្ណោះ។ តាមមេបក្សប្រឆាំង បើខ្ទង់ចំណូលតែប៉ុណ្ណឹង ហេតុម៉េចក៏ពូទីនរស់នៅដូចជីវភាពពួកស្តេចនៃប្រទេសតំបន់ឈូងសមុទ្រ Persique អ៊ីចឹង!
របាយការណ៍មេបក្សប្រឆាំងនោះ ធ្វើការបូកគុណដូចតទៅ ៖សព្វថ្ងៃសម្រាប់តម្រូវការលោកពូទីន គឺមានវិមានភូម៌គ្រឹះនិវេសនដ្ឋាន សរុបទៅ២០កន្លែងដែលពីក្នុងនោះ វិមាន៩កន្លែងត្រូវបានសង់ឡើងគឺ សម័យក្រោមអំណាចពូទីនតែម្តង។ ក្នុងយានដ្ឋានបម្រើការហោះហើរលោកពូទីន គឺមាន យន្តហោះ ៤៣គ្រឿង និងឧទ្ធម្ភាគចក្រ ១៥គ្រឿងដែលតម្លៃសរុបរបស់វាគឺ ១.០០០លានដុល្លារ។ នៅមាននាវាកំសាន្តតូចៗ ៤ទៀត តម្លៃប្រមាណ ១០០.០០០ដុល្លារ។
មេបក្សប្រឆាំងថែមទាំងរាប់អំពីចំនួននាឡិកាដៃលោកពូទីនទៅផង ដែលសរុបទៅមានចំនួន ១១ ក្នុងតម្លៃសរុប ២២លានរូប្ល៍ ទាំងផ្គើនឲ្យលោកពូទីនទៅផងថា គ្រាន់តែដើម្បីទិញនាឡិកាទាំងនេះ លោកពូទីនត្រូវចំណាយប្រាក់ខែខ្លួនទាំងស្រុងអស់៦ឆ្នាំជាប់ ដោយធ្វើពលីកម្មមិនហូប មិនចុក ពេញទាំង៦ឆ្នាំនោះ។ របាយការណ៍នោះ ភាគច្រើន គឺជារូបថតដែលចំណងជើងវា សុទ្ធតែយោងទៅលើប្រភពជាក់លាក់ ដើម្បីបញ្ចៀសឲ្យផុតពីការចោទប្រកាន់ តាម”បទមួលបង្កាច់” ដែលច្បាប់ស្តីអំពីប្រការ”មួលបង្កាច់” នេះ អាចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៣ឆ្នាំឯណោះ។
អ្នកនាំពាក្យផ្លូវការរបស់វិមានក្រេមឡាំងបានប្រតិកម្មទៅហើយ តបនឹងរបាយការណ៍មេបក្សប្រឆាំង គឺថា រាល់អ្វីៗដែលប្រធានាធិបតីជាប់ឆ្នោត ប្រើប្រាស់សម្រាប់តម្រូវការខ្លួន គឺសុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋទេតើ។ គឺថ្ងៃស្អែក ទី២៨ សីហាដែលនឹងប្រព្រឹត្តទៅ ពិធីបង្ហាញរបាយការណ៍នោះ ដែលបោះពុម្ពផ្សាយតែចំនួន ៥ពាន់ច្បាប់ប៉ុណ្ណោះ ប៉ុន្តែពួកប្រឆាំងរំពឹងទៅលើការផ្សព្វផ្សាយវា ឲ្យបានខ្ចរខ្ចាយតាមបណ្តាញសង្គម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ