ទីភ្នាក់ងារអវកាសអឺរ៉ុប បាញ់បង្ហោះតេឡេស្កុប ដើម្បីទៅសិក្សាលម្អិតពីភពក្រៅប្រព័ន្ធព្រះអាទិត្យ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃពុធ ទី១៨ធ្នូ ទីភ្នាក់ងារអវកាសអឺរ៉ុប បានបាញ់បង្ហោះតេឡេស្កុបអវកាស ដើម្បីទៅសិក្សាលម្អិតអំពីភពក្រៅប្រព័ន្ធព្រះអាទិត្យ។ នេះគឺជាការបាញ់បង្ហោះតេឡេស្កុបអវកាស លើកទី៣ហើយ ក្នុងរយៈពេលមួយឆ្នាំ២០១៩នេះ។
តេឡេស្កុបអវកាស របស់ទីភ្នាក់ងារអវកាសអឺរ៉ុប នេះ មានឈ្មោះថា ឃីអប់សឺ (Cheops)។ ឃីអប់សឺ មានបេសកម្មឈ្វេងយល់លម្អិតបន្ថែមទៀត ពីភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគេធ្លាប់បានរកឃើញរួចហើយ ហើយនិងសិក្សាប្រៀបធៀបបន្តទៀតពីរបកគំហើយភពផ្សេងៗដែលអាចបង្កជីវិតបាន។ នេះបើតាមការបញ្ជាក់របស់តារាវិទ្យុ Didier Queloz ជ័យលាភីណូបែលរូបវិទ្យា ២០១៩។
ទីភ្នាក់ងារអវកាសអឺរ៉ុប សន្និដ្ឋានថា សព្វថ្ងៃនេះ អាចមានភពនិងផ្កាយ ប្រហែលជា១ពាន់លាន នៅក្នុងប្រព័ន្ធកាឡាក់ស៊ី។ ហើយ គេនឹងប្រមូលទិន្នន័យព័ត៌មានពីភពនិងផ្កាយទាំងអស់នោះដើម្បីសិក្សាវិភាគមើល។ នេះយោងតាមប្រសាសន៍របស់អ្នកវិទ្យាសាស្ត្រអឺរ៉ុបលោក David Ehrenrich។ អ្នកមើលការខុសត្រូវគម្រោងរូបនេះ បន្តទៀតថា ការសិក្សា អង្កេត និងឈ្វេងយល់ពីភពនិងផ្កាយផ្សេងៗ គឺអាចឱ្យគេប្រៀបធៀបនិងយល់កាន់តែច្បាស់ពីភពផែនដីយើង ព្រមទាំងយល់រឹតតែច្បាស់ពីកំណកំណើតជីវិតនៅលើទ្វីបលោក ហើយនឹងរកភពថ្មីផ្សេងទៀត ដែលមានលក្ខខណ្ឌស្រដៀងគ្នា អាចឱ្យជីវិតមនុស្សនិងសត្វរស់នៅបាន។
គួរបញ្ជាក់ថា ការបាញ់បង្ហោះតេឡេស្កុបអវកាសលើកនេះ គឺដឹកនាំដោយទីភ្នាក់ងារអវកាសសហភាពអឺរ៉ុប (ESA) និងប្រទេសស្វីស ដែលប្រមូលផ្តុំដោយក្រុមអ្នកវិទ្យាសាស្ត្រអ៊ីតាលី បារាំង អង់គ្លេស និងស្វីស ជាដើម។ ហើយចំណែក តេឡេស្កុប ឃីអប់សឺ ដែលហោះចេញនៅថ្ងៃនេះ នឹងត្រូវផ្ញើលទ្ធផលត្រឡប់មកផែនដី នៅអំឡុងពេលប៉ុន្មានខែទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ