ចិន

ចិន​នឹង​បើកធ្វើ​សមយុទ្ធ​នាវា​ផ្ទុកយន្តហោះ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

នាវាផ្ទុកយន្តហោះ​របស់​ចិន​ឈ្មោះ លៀវនីនង (Liaoning) ថតកាល​ពីខែកក្កដា ឆ្នាំ២០១៤ (រូបថតឯកសារ)
នាវាផ្ទុកយន្តហោះ​របស់​ចិន​ឈ្មោះ លៀវនីនង (Liaoning) ថតកាល​ពីខែកក្កដា ឆ្នាំ២០១៤ (រូបថតឯកសារ) CHINA OUT AFP PHOTO

មន្រ្តី​កងទ័ព​ចិន​បាន​ឲ្យដឹង កាលពីថ្ងៃ​សៅរ៍​ថា ចិន​ត្រៀម​បើក​ធ្វើ​សមយុទ្ធទ័ពជើងទឹក​ទ្រង់ទ្រាយធំ​មួយ នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ពេលវេលា​​និង​ទីតាំង​ពិតប្រាកដ​នៃ​សមយុទ្ធនេះ​មិនត្រូវ​បាន​បញ្ជាក់​ឲ្យដឹង​នោះទេ ដោយ​គ្រាន់តែ​បាន​ឲ្យដឹង​ថា សមយុទ្ធនេះ​នឹង​មាន​ការ​ចូលរួម​ជាលើកទី១​ដោយ​នាវាផ្ទុក​យន្តហោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះផ្សាយ កាល​ពីល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ កងទ័ព​ជើងទឹក​ចិន​បាន​ឲ្យដឹង​ថា នាវាចម្បាំង​មួយក្រុម​របស់​ចិន ដោយ​ក្នុងនោះ​រួមមាន នាវាផ្ទុក​យន្តហោះ​លៀវនីង​ផង បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ទៅ​បើក​ធ្វើ​សមយុទ្ធ​​នៅ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

គួររំឭកឡើងវិញ​ថា លៀវនីង គឺ​ជា​នាវាផ្ទុកយន្តហោះ​តែមួយគត់​ដែល​ចិន​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ ហើយ​នាពេល​កន្លងមក នាវាផ្ទុក​យន្តហោះ​នេះ​​ធ្លាប់​បាន​ធ្វើ​សមយុទ្ធ​ជាច្រើន​លើករួចមកហើយ ​តែ​ជាសមយុទ្ធ​​នៅ​ក្នុង​តំបន់​សមុទ្រ​ក្បែរៗ​ប្រទេស​ចិន​តែប៉ុណ្ណោះ ជាពិសេស គឺ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ធ្វើ​សមយុទ្ធ​នៅ​ក្នុង​តំបន់​សមុទ្រ​លឿង ចន្លោះ​ប្រទេស​ចិន និងឧបទ្វីបកូរ៉េ។

ដូច្នេះ សមយុទ្ធ​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅពេលនេះ ថ្វីដ្បិត​តែ​កងទ័ព​ចិន​មិន​បាន​បញ្ជាក់​​ពី​ទីតាំង​ពិតប្រាកដ តែ​គេ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​លើកទី១ ដែលចិន​បញ្ជូន​​នាវាផ្ទុក​យន្តហោះ​របស់​ខ្លួន​​ឲ្យ​ទៅ​ធ្វើ​សមយុទ្ធ នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឆ្ងាយ​ពី​ប្រទេស។

សមយុទ្ធនេះ ថ្វីដ្បិត​តែ​ចិន​បញ្ជាក់ថា ជា​សមយុទ្ធដែល​បាន​រៀបចំ​ធ្វើ​​តាំង​ពី​យូរ​មកហើយ ទៅតាម​កម្មវិធី​សមយុទ្ធ​ប្រចាំឆ្នាំ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វា​កើតឡើង​គាប់ជួន​នឹង​បរិយាកាស​តានតឹង​ខ្លាំង រវាង​ចិន និង​លោក​ប្រធានាធិបតី​ទើប​នឹង​ឆ្នោត ដូណាល់ត្រាំ ជាពិសេស ទាក់ទង​នឹង​បញ្ហា​តៃវ៉ាន់។

ទាំង​តៃវ៉ាន់ និង​ជប៉ុន សុទ្ធតែ​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​កំពុងតែ​តាម​ឃ្លាំមើល​យ៉ាងដិតដល់​បំផុត​ចំពោះ​ដំណើរការ​សមយុទ្ធ​របស់​ចិន ជាពិសេស ឃ្លាំមើល​ពី​ផ្លូវ​ធ្វើ​ដំណើរ ដោយសារ​តែ​ការធ្វើ​ដំណើរ​ទៅមក រវាង​​មូលដ្ឋាន​ទ័ពជើងទឹក​របស់​ចិន និង​​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក អាច​នឹង​ត្រូវ​ឆ្លងកាត់​តំបន់​សមុទ្រ​ជាប់ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI