ប៉េកាំងប្រកាសបើកយុទ្ធនាការបង្រ្កាបភេរវកម្មមួយឆ្នាំនៅស៊ីនជាំង
ចុះផ្សាយនៅថ្ងៃ៖
នៅប្រទេសចិន នៅពីរថ្ងៃក្រោយភេរវកម្ម នៅទីក្រុងអ៊ូរ៉ុមឈី ខេត្តស៊ីនជាំង អាជ្ញាធរចិនបានបញ្ចេញអត្តសញ្ញាណរបស់ក្រុមអត្តឃាតជន ទាំង៥នាក់ ដែលបានបំផ្ទុះគ្រាប់ សម្លាប់មនុស្ស ៣៩នាក់ និងធ្វើឲ្យរបួស ជិត១០០នាក់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នៅក្រោយព្រឹត្តិការណ៍ភេរវកម្មសម្លាប់មនុស្សដ៏ច្រើន មិនធ្លាប់មាន អាជ្ញាធរចិន បានពង្រាយកងទ័ពនៅក្នុងទីក្រុង និងពង្រឹងត្រួតពិនិត្យ នៅរាល់ច្រកចេញចូលខេត្តស៊ីនជាំង។
ពីរថ្ងៃក្រោយភេរវកម្មសម្លាប់មនុស្សនៅផ្សារបន្លែ បរិយាកាសនៅតែតានតឹង ក្នុងក្រុងអ៊ូរ៉ុមឈី។ រថក្រោះ ត្រូវបញ្ឈរជើង នៅកន្លែងប្រជុំជន នៅពេលទាហានចិនជាងមួយពាន់នាក់ដើរល្បាតគ្រប់ផ្លូវ។ កាលពីថ្ងៃសុក្រ គឺនៅមួយថ្ងៃក្រោយភេរវកម្ម ទីក្រុងប៉េកាំងបានប្រកាសបើកយុទ្ធនាការកណ្តាប់ដៃដែក រយៈពេលមួយឆ្នាំ ដើម្បីបង្រ្កាបក្រុមភេរវជន និងក្រុមជ្រុលនិយមសាសនា នៅស៊ីនជាំង។ អាជ្ញាធរចិននឹងផ្តោតជាពិសេស ទៅលើចរាចរណ៍លួចលាក់អាវុធ កន្លែងផលិតគ្រឿងផ្ទុះ និងបន្ទាយដែលលួចបណ្តុះបណ្តាលក្រុមភេរវករ។
បើទោះបីជារហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយប្រកាសចេញមុខទទួលខុសត្រូវលើភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ កាលពីព្រលប់សុក្រ អាជ្ញាធរចិនបានបញ្ចេញឈ្មោះជនសង្ស័យទាំងប្រាំនាក់ ដែលជាក្រុមបំផ្ទុះគ្រាប់ នៅផ្សារលក់បន្លែ។ ជនសង្ស័យ បួននាក់ជាក្រុមអត្តឃាតជន និងបានស្លាប់នៅក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានប៉ូលិសចិន ចាប់បាន នៅភាគខាងត្បូងទីក្រុងអ៊ូរ៉ុមឈី។ ឈ្មោះរបស់ជនសង្ស័យបង្ហាញថា ពួកគេមកពីក្រុមជនភាគតិចអ៊ុយហ្គួរ ដែលកាន់សាសនាអ៊ីស្លាម នៅតំបន់ស៊ីនជាំង។
តាមទីភ្នាក់ងារព័ត៌មានចិនថ្មី ដែលដកស្រង់សំដីរបស់ប៉ូលិសក្នុងស្រុក ជនសង្ស័យទាំងប្រាំនាក់រងឥទ្ធិពលឃោសនារបស់ក្រុមអ្នកកាន់សាសនាជ្រុលនិយម។ ពួកគេបានចូលរួមយ៉ាងលួចលាក់ នៅក្នុងសកម្មភាពសាសនា និងបានស្តាប់ មើលរូបភាពដែលញុះញង់ឲ្យធ្វើភេរវកម្ម។
ក្រៅតែពីខេត្តស៊ីនជាំង អាជ្ញាធរចិនបានពង្រឹងផងដែរសន្តិសុខ នៅទីក្រុងប៉េកាំង។ នៅថ្ងៃនេះ អាជ្ញាធរបានប្រកាសត្រួតពិនិត្យតឹងរ៉ឹងនៅតាមបណ្តាញផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងប៉េកាំង។ អំណើះតទៅនៅក្នុងផ្លូវរទេះភ្លើងក្រោមដី អ្នកដំណើរត្រូវគេឆែកឆេរនៅក្នុងកាបូប និងវ៉ាលីសធ្វើដំណើរ។
តាំងពីខែមករា អាជ្ញាធរប៉េកាំងបានពង្រឹងការឆែកត្រួតពិនិត្យខ្លួន ទៅលើរាល់អ្នកដំណើរដែលចង់ធ្វើដំណើរទៅទីលានធានអានមេន បន្ទាប់ពីភេរវកម្ម នៅទីលានធានអានមេន កាលពីខែតុលាឆ្នាំ ២០១៣ បានសម្លាប់មនុស្សបីនាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ