ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឧស្សាហកម្ម​សព្វាវុធ​ចិន​បោះជំហាន​ចូលក្នុង​ទីផ្សារ​អន្តរជាតិ

សំឡេង ០៤:២២
ក្រុមហ៊ុន​ផលិតអាវុធចិន CPMIEC ដែល​ទទួលបាន​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទៅ​ឲ្យ​រុស្ស៊ី ក្នុង​ទឹកប្រាក់​ ៣ ៤០០លានដុល្លារ​អាមេរិក
ក្រុមហ៊ុន​ផលិតអាវុធចិន CPMIEC ដែល​ទទួលបាន​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទៅ​ឲ្យ​រុស្ស៊ី ក្នុង​ទឹកប្រាក់​ ៣ ៤០០លានដុល្លារ​អាមេរិក REUTERS/Kim Kyung-Hoon/Files

កាលពី​ខែ​កញ្ញា​កន្លងទៅ តួកគី ដែល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់ ហើយ​ដែល​​ជាទូទៅ​តែងតែ​ពឹងផ្អែក​លើ​អាមេរិក​ ក្នុងការ​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ បាន​​ប្រកាសឲ្យដឹងថា​ខ្លួន​នឹង​​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស ក្នុង​តម្លៃ​ ៣៤០០លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ កិច្ចសន្យា​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ មិនមែន​ចុះ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ទេ គឺ​ចុះ​ជាមួយ​នឹងចិន។ ចាប់ពី​ពេល​នោះមក ​គេដឹង​​ថា ​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​ដ៏ធំមួយ​ថ្មី​ទៀត​ គឺ​ចិន។

ផ្សាយពាណិជ្ជកម្ម

រាប់ឆ្នាំមកហើយដែល​តួកគី រំពឹង​លើ​ប្រព័ន្ធមីស៊ីល​អាមេរិក ដើម្បី​ការពារ​ដែន​អាកាស​របស់​ខ្លួន។ ប្រព័ន្ធការ​ពារដែន​អាកាស​នេះ​ប្រើបច្ចេកវិទ្យា​ត្រូវគ្នា​ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​ជា​សមាជិក​អង្គការ​អូតង់​ដូចគ្នា។ ក៏ប៉ុន្តែ នៅពេលនេះ ​តួកគីបានបែរទៅទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ពីចិន​មក​ប្រើ​វិញ​ម្តង ដោយ​ច្រានចោល​កិច្ចសន្យា​ស្នើឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក រុស្ស៊ី និង​អឺរ៉ុប។

ការណ៍​ដែល​តួកគី​សម្រេច​ទិញ​ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស​ពី​ចិន​បាន​ធ្វើ​ឲ្យ​អាមេរិក និង​អង្គការ​អូតង់​ភ្ញាក់ផ្អើល​មិនតិចទេ។ អាមេរិក​ ក៏ដូចជា​អង្គការ​អូតង់​​បាន​សម្តែង​នូវ​ការព្រួយបារម្ភ ដោយ​លើកឡើង​ថា ម្យ៉ាង បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​មីស៊ីល​ចិន​មិន​ត្រូវគ្នា​នឹង​បច្ចេកវិទ្យា​ប្រើ​ដោយ​ប្រទេស​ក្នុង​អូតង់ ហើយ​ម្យ៉ាងទៀត ក្រុមហ៊ុន​ចិន​ដែល​ផលិត​ប្រព័ន្ធ​មីស៊ីល​នេះ​កំពុង​ស្ថិត​ក្រោម​ទណ្ឌកម្ម​អាមេរិក ដោយ​រងការចោទប្រកាន់​ថា​បាន​លួចផ្ទេរ​បច្ចេកវិទ្យា​ដោយ​ខុសច្បាប់​ទៅ​ឲ្យ​អ៊ីរ៉ង់ ស៊ីរី និង​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ ក្រៅពី​ក្តីព្រួយបារម្ភ​ទាំងប៉ុន្មាន​ខាងលើ​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​មិន​សប្បាយចិត្ត គឺ​ដោយសារ​តែ​គេ​ដឹង​ថា ចាប់ពីពេលនេះ​ទៅ ពួកគេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​ដ៏ធំមួយ​ទៀត នៅ​ក្នុង​ទីផ្សារ​សព្វាវុធ​ពិភពលោក គឺ​ចិន។ ចិនវិញ ដែល​មាន​ចក្ខុវិស័យ​ចង់​ក្លាយខ្លួន​ជា​តួអង្គ​សំខាន់មួយ ក្នុង​វិស័យ​បច្ចេកវិទ្យា​សព្វាវុធ​ទំនើប កិច្ចសន្យា​ជាមួយ​ប្រទេស​សមាជិក​អង្គការ​អូតង់​ដូចជា​តួកគី គឺ​ជា​ជំហាន​ដ៏សំខាន់ ឆ្ពោះ​ទៅ​ប្រកួតប្រជែង​ជាមួយ​នឹង​បណ្តា​ប្រទេស​នាំចេញ​សព្វាវុធ​ផ្សេងទៀត។

កន្លងមក ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​នាំចេញ​តែ​អាវុធ​ធុនស្រាលតែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បន្តិចម្តងៗ​ ក្រុមហ៊ុន​ចិន​ចាប់ផ្តើម​ផលិត និង​នាំចេញ​នូវ​គ្រឿង​សព្វាវុធ ដែល​ប្រើបច្ចេកវិទ្យា​ទំនើបៗ ជាពិសេស នាំចេញ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ។

​វិទ្យាស្ថាន​ស្រាវជ្រាវ​ពី​សន្តិភាព​អន្តរជាតិ​ក្រុងស្តុកខុម (Stockholm International Peace Research Institute) បាន​ចេញផ្សាយ​របាយការណ៍​មួយ នៅ​ឆ្នាំ​២០១៣​នេះ បង្ហាញ​ថា នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១២ បរិមាណ​នៃ​ការនាំចេញ​គ្រឿងសព្វាវុធ​ចិន ដោយរាប់បញ្ចូល​ទាំង​យន្តហោះ មីស៊ីល នាវាចម្បាំង និង​កាំភ្លើងផ្លោង មាន​ការ​កើនឡើង​រហូតដល់​ទៅ ១៦២% បើធៀប​នឹង​កាល​ពី​៥ឆ្នាំ​មុន។ បច្ចុប្បន្ន​នេះ ចិន​ជាប់​ចំណាត់ថ្នាក់​លេខ ៥ ជា​ប្រទេស​នាំ​ចេញ​គ្រឿងសព្វាវុធ​ទៅ​ក្រៅប្រទេស បន្ទាប់​ពី​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង។

កន្លងមក​ គេសង្កេតឃើញ​ថា អតិថិជន​ធំបំផុត ដែល​ទិញ​គ្រឿង​សព្វាវុធ​ពី​ចិន គឺ​ប៉ាគីស្ថាន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ចិន​បាន​ពង្រីក​រង្វង់​អតិថិជន​របស់​ខ្លួន​កាន់តែ​ធំឡើងៗ ហើយ​​ការ​ទទួលបាន​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​ទៅ​ឲ្យ​តួកគី គឺ​ជា​ជោគជ័យ​ដ៏ធំមួយ​សម្រាប់​ចិន។ ម្យ៉ាង វា​ជា​កិច្ចសន្យា​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន ​រហូតដល់​ទៅ​ ៣៤០០លាន​ដុល្លារ ហើយ​ម្យ៉ាងទៀត ការណ៍​ដែល​តួកគី ដែល​​ជា​ប្រទេស​សមាជិក​អង្គការ​អូតង់ សុខចិត្ត​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ពី​ចិន ហើយ​មិន​ទិញ​ពី​អាមេរិក និង​ពី​អឺរ៉ុប ដែល​ជា​សម្ព័ន្ធមិត្ត គឺ​ជា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏ធំមួយ សម្រាប់​គ្រឿងសព្វាវុធ​ចិន។

ក្រុមហ៊ុន​ផលិតអាវុធ​នៅ​អឺរ៉ុប​បាន​ទទួលស្គាល់​ថា តទៅថ្ងៃ​អនាគត ចិន​នឹងជា​គូប្រជែង​ដ៏​ធំមួយ នៅ​ក្នុង​ទីផ្សារ​សព្វាវុធ​អន្តរជាតិ ហើយ​ការ​ប្រកួតប្រជែងនេះ​​ចាប់ផ្តើម​ឈានចូល​ទៅក្នុង​ប្រភេទ​សព្វាវុធ​ដែល​ប្រើ​បច្ចេកវិទ្យា​កាន់តែ​ខ្ពស់ឡើងៗ។

អ្នក​ជំនាញ​ខាង​ទីផ្សារ​សព្វាវុធ​យល់ថា គ្រឿងសព្វាវុធ​ចិន​មាន​លក្ខណៈ​ពិសេស ២ ដែលជា​លក្ខខណ្ឌ​អំណោយ​ផល​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

ទីមួយ គឺ​តម្លៃ។ គ្រប់គ្នា​ទទួលស្គាល់​ថា បច្ចេកវិទ្យា​សព្វាវុធ​ចិន​នៅ​អន់​ជាង​ប្រទេស​លោកខាងលិច​ ក៏ប៉ុន្តែ វាមាន​តម្លៃ​ថោកជាង​ច្រើន។ និយាយ​ជារួម គ្រឿងសព្វាវុធ​ចិន ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ផលិតផល ដែល​មាន​គុណភាព​មិន​ល្អណាស់ណ៎ា ក៏ប៉ុន្តែ ក៏​មិន​អន់ពេក ពោលគឺ​ គុណភាព​ល្អល្មមអាច​ប្រើការ​បាន ក៏ប៉ុន្តែ មាន​តម្លៃ​ថោក។ ផលិតផល​ប្រភេទនេះ​អាច​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អតិថិជន ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស ប្រទេស​នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន។

ក្រៅពី​តម្លៃ ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ​ចិន​ នៅមាន​លក្ខខណ្ឌ​អំណោយ​ផល​សំខាន់​មួយទៀត គឺ​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​របស់​រដ្ឋាភិបាល​ចិន។ ចិន​មិនធ្វើការ​ទាមទារ​អ្វី ឬ​ដាក់​លក្ខខណ្ឌ​អ្វី មុននឹង​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ណាមួយ​នោះទេ។ ​បញ្ហា​នយោបាយ សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​គេ។ អ្វី​ដែល​សំខាន់​សម្រាប់​ចិន គឺ​ការ​ធ្វើ​ជំនួញ។ ចំណុចនេះ​អាច​ធ្វើ​ឲ្យ​ការ​ចរចា​លក់​គ្រឿងសព្វាវុធ​ចិន​កាន់តែ​មាន​ភាព​ងាយស្រួល​មួយកម្រិតទៀត បើ​ធៀប​នឹង​ក្រុមហ៊ុន​មក​ពី​ប្រទេស​លោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI