អាស៊ាន និងចិន ៖ទំនាក់ទំនងបង្កប់ទៅដោយការមិនទុកចិត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៨
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមនិយាយបកស្រាយអំពីទំនាក់ទំនងរវាងអាស៊ាននិងចិន។
នៅក្នុងអតីតកាល ជាពិសេសនៅចន្លោះទសវត្សរ៍ទី៦០និងទសវត្សរ៍ទី៧០ បណ្តាប្រទេសអាស៊ីអាគ្នេយ៍តែងតែចាត់ទុកចិនថាជាគ្រោះថ្នាក់មួយធំ។ កាលជំនាន់នោះចិន ជាគ្រោះថ្នាក់កុម្មុយនិស្តសម្រាប់ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬភូមា។ ប្រទេសទាំងនេះខ្លាចចិនខ្លាំង និងព្រួយបារម្ភខ្លាំងជាពិសេសនៅក្នុងឆ្នាំ១៩៧៥ នាពេលដែលឥណ្ឌូចិនទាំងមូលក្លាយជាកុម្មុយនិស្ត។ ក្រោយមកទៀត នៅឆ្នាំ១៩៧៩ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើននាំគ្នាចាត់ទុកចិនថា ជាគ្រោះថ្នាក់យោធា ពីព្រោះកាលនោះ កងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាមដែលហ៊ានវាយរំលំរបបខ្មែរក្រហម និងហ៊ានចូលកាន់កាប់ប្រទេសកម្ពុជា។
ផ្ទុយទៅវិញ សព្វថ្ងៃនេះ ជាទូទៅបណ្តាប្រទេសសមាជិកទាំង១០របស់អាស៊ានមានទំនាក់ទំនងល្អជាមួយចិន ល្អជាងកាលសម័យសង្គ្រាមត្រជាក់។ មិនតែប៉ុណ្ណោះ អាស៊ានថែមទាំងគាំទ្រចិន និងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយទៀតផង នៅលើឆាកអន្តរជាតិ។ នៅក្នុងបរិបទនេះ តាំងពីដើមទសវត្សរ៍ទី៩០មក ចិនបាននិងកំពុងបន្តរុញកូនអុករបស់គេបន្តិចម្តងៗចូលមកក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដោយសារតែការទូតសេដ្ឋកិច្ចវប្បធម៌ និង នយោបាយដ៏ប៉ិនប្រសប។ ចិនប្រើអំណាចស្រទន់The soft power និងអនុវត្តនយោបាយ«ឈ្នះឈ្នះ»ក្នុងគោលដៅពង្រីកឥទ្ធិពល និងលាងសម្អាតកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាទូទៅ អាស៊ានកក់ក្តៅក្នុងចិត្តជាងកាលសម័យសង្គ្រាមត្រជាក់ ពីព្រោះថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាងឥទ្ធិពលមនោគមវិជ្ជា ហើយពីព្រោះសុន្ទរកថារបស់ថ្នាក់ដឹកនាំចិនសំដៅចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសចិន និងនៅតំបន់ជុំវិញប្រទេសចិន។ នៅក្នុងន័យនេះ នៅឆ្នាំ២០០៤ វេន យ៉ាបៅ (Wen Jiabao) ដែលជានាយករដ្ឋមន្ត្រីចិនជំនាន់នោះបានប្រដូចប្រទេសចិនទៅនឹងសត្វដំរីដ៏ស្លូតមួយដែលគ្មានបំណងអាក្រក់ចង់បៀតបៀនអាស៊ានឡើយ។
តាមរយៈនយោបាយអំណាចស្រទន់ ចិនក៏កំពុងពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍ដែរ។ ខ្សែរភាពយន្តចិន សិល្បៈធ្វើម្ហូបអាហារចិន និងផលិតផលឧបភោគបរិភោគmade in China កំពុងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ចិន ល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។
នៅលើវិស័យសេដ្ឋកិច្ចវិញ ចិនខ្នះខ្នែងអនុវត្តនយោបាយ«ឈ្នះឈ្នះ»នៅចំពោះមុខ
អាស៊ាន។ ជាក់ស្តែង ក្រោយពីមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧-១៩៩៨ អាស៊ានបូកបីក៏បានចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងសហប្រតិបត្តិការរូបិយវត្ថុមួយ ដែលគ្រោងឲ្យមានការខ្ចីរូបិយប័ណ្ណគ្នាទៅវិញទៅមករវាងបណ្តាប្រទេសហត្ថលេខី ពេលណាអស្ថិរភាពខ្លាំងកើតឡើងម្តងៗនៅលើទីផ្សារហិរញ្ញវត្ថុ។ វិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧ក៏ជាឱកាសមួយសម្រាប់ឲ្យចិនបង្ហាញនូវសាមគ្គីភាពរបស់គេចំពោះអាស៊ានដែរ។ កាលនោះ ចិនមិនព្រមបញ្ចុះខ្លាំងពេកទេតម្លៃប្រាក់យ៉ន់(Yuan)របស់ខ្លួន ពីព្រោះចិនចង់ជួយអូសទាញអាស៊ានឲ្យចេញផុតពីវិបត្តិ។
សព្វថ្ងៃ ចិនបាននិងកំពុងបន្តទិញយ៉ាងសន្ធឹកសន្ធាប់ផលិតផលរបស់អាស៊ាន ជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំង ជាពិសេសតាំងពីឆ្នាំ២០០២
មក។ ម្យ៉ាងវិញទៀត អាស៊ានក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែរស្តីពីការផ្តោះប្តូរពាណិជ្ជកម្មដោយសេរីជាមួយចិន។
ដោយឡែក សហគមន៍ចិននៅអាស៊ីអាគ្នេយ៍ក៏ជួយទាញចិននិងអាស៊ានឲ្យខិតចូលជិតគ្នាដែរ។ នៅអតីតកាល ជនជាតិចិននៅអាស៊ីអាគ្នេយ៍ស្អប់របបចិនកុម្មុយនិស្ត។ ផ្ទុយទៅវិញ សព្វថ្ងៃ កូនចៅចិននៅក្នុងតំបន់មានមោទនភាពចំពោះឥទ្ធិពលខ្លាំងក្លានៃប្រទេសដូនតាពួកគេហើយមិនរារែកឡើយក្នុងការទាក់ទងរកស៊ីជាមួយចិនកុម្មុយនិស្ត។
ក៏ប៉ុន្តែ ទោះបីជាទំនាក់ទំនងរវាងចិននិងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមកថ្នាក់ដឹកអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន។
ជាការពិតណាស់ដែលថា សព្វថ្ងៃទំនាក់ទំនងរវាងចិននិងអាស៊ានមានលក្ខណៈកាន់តែល្អ ល្អណាស់បើប្រៀបទៅនឹងសម័យសង្គ្រាមត្រជាក់។
ជាការពិតណាស់ដែលថា ចិននិងអាស៊ានមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរឡើង ជាក់ស្តែងតាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរនៅខែមករាឆ្នាំ២០១០ ទោះជាវាមានសុពលភាពទៅលើតែឥណ្ឌូនេស៊ី ថៃ សិង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេសិនក៏ដោយ។ តែ ចង់ឬមិនចង់ នៅឆ្នាំ២០១៥ នៅពេលណាដែលប្រទេសអាស៊ាន៤ទៀត គឺវៀតណាម កម្ពុជា ឡាវនិងភូមានឹងត្រូវចូលក្នុងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានហើយ នៅពេលនោះ ចិននឹងច្បាស់ជាក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន គឺធំជាងជប៉ុន និងសហភាពអឺរ៉ុបទៅទៀត។
ជាការពិតណាស់ដែលថា ថ្នាក់ដឹកនាំទីក្រុងប៉េកាំងបាននិងកំពុងបន្តខ្នះខ្នែងពន្យល់ប្រាប់អាស៊ានថា ចិនគ្មានបំណងអាក្រក់ចង់បៀតបៀនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទេ ហើយថាចង់ធ្វើជាដៃគូគំរូមួយរបស់អាស៊ាន។
ក៏ប៉ុន្តែ ថ្នាក់ដឹកនាំអាស៊ានមិនដែលទុកចិត្តមហាយក្សចិនទាំងស្រុងឡើយ ហើយតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន។ អ៊ីចឹងហើយបានជាតាំងពីឆ្នាំ១៩៩៨មកនៅក្រោយជំនួបកំពូលអាស៊ានម្តងៗ តែងតែមានរៀបចំឡើងនូវអ្វីដែលគេហៅថា ជំនួបកំពូលអាស៊ានបូក៣ គឺបូកចិន ជប៉ុន និងកូរ៉េ ខាងត្បូង។ មិនតែប៉ុណ្ណោះ រៀងរាល់ឆ្នាំនៅពេលបិទបញ្ចប់ជំនួបកំពូលអាស៊ានហើយ ក៏តែងតែមានរៀបចំឡើងដែរនូវអ្វីដែលគេហៅថាជំនួបកំពូលអាស៊ីបូព៌ារវាងប្រទេសអាស៊ានទាំង១០ និងចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី នូវែលសេឡង់ សហរដ្ឋអាមេរិកព្រមទាំងរុស្ស៊ី។
ការដែលអាស៊ាននៅតែមិនទាន់ទុកចិត្តចិនកុម្មុយនិស្តមួយរយភាគរយ គឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើងនៅឆ្នាំ១៩៦៧ គឺការបង្រួបបង្រួមគ្នាជាខែលមួយ ដើម្បីទប់ទល់នឹងគ្រោះថ្នាក់កុម្មុយនិស្ត។
ដោយឡែក ក្នុងបច្ចុប្បន្នកាលនេះ នៅម្ខាងថ្នាក់ដឹកនាំចិនថ្លែងថា ចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ នៅម្ខាងទៀត កាយវិការរបស់ទីក្រុងប៉េកាំងមិនទាន់ស្តែងឲ្យឃើញច្បាស់នៅឡើយទេថា ចិនជាមហាប្រទេសដែលនិយមអំណាចស្រទន់The soft power។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនៅតែបន្តបណ្តាលឲ្យភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិននិងជប៉ុន រវាងចិននិងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍ជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
គឺនៅក្នុងបរិបទតានតឹងបែបនេះហើយដែលអាស៊ានបានបើកដៃទទួលសហរដ្ឋអាមេរិក តាមរយៈជំនួបកំពូលអាស៊ាន-អាមេរិក តាំងពីឆ្នាំ២០០៩មក។
ការខិតចូលជិតគ្នារវាងសហរដ្ឋអាមេរិកនិងអាស៊ាន មិនយូរមិនឆាប់ វានឹងអាចធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះវាបើកលទ្ធភាពឲ្យអាមេរិកបង្កើនវត្តមាន និងទម្ងន់របស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនចាត់ទុកថាជាដែនអំណាចរបស់ខ្លួន។
សហរដ្ឋអាមេរិកច្បាស់ជានឹងឆ្លៀតពន្យល់ដល់បណ្តាប្រមុខដឹកនាំអាស៊ាន នូវតួនាទីដ៏ចាំបាច់របស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឧទាហរណ៍ នៅក្នុងដំណោះស្រាយនៃជម្លោះទីប្រជុំកោះParacel និងSprately ជាដើម។ ត្រង់នេះ នៅខែកញ្ញាឆ្នាំ២០១០ នាពេលដែលជំនួបកំពូលអាស៊ាន-អាមេរិក កំពុងតែប្រព្រឹត្តិទៅនៅញូយ៉ក ស្រាប់តែក្រសួងការបរទេសចិនចេញសេចក្តីថ្លែងការណ៍ព្រមានថា ចិនជំទាស់មិនឲ្យប្រែក្លាយបញ្ហាទីប្រជុំកោះParacel និងSprately ទៅជាបញ្ហាអន្តរជាតិទេ បានន័យថា ទីក្រុងប៉េកាំងចង់ដោះស្រាយជម្លោះទីប្រជុំកោះទាំងពីរនេះ ជាឧភតោភាគី គឺថាជាមួយភាគីជម្លោះនីមួយៗដាច់ពីគ្នា។
មិនតែប៉ុណ្ណោះ មិនយូរមិនឆាប់ វត្តមានរបស់អាមេរិកនៅក្នុងវេទិកាអាស៊ាន ក៏នឹងអាច
បណ្តាលឲ្យមានការបាក់បែកគ្នារវាងប្រទេសអាស៊ានដែលមានទំនោរទៅរកអាមេរិក និងប្រទេសអាស៊ានដែលមានទំនោរទៅរកចិន។ ដោយហេតុតែការវិវឌ្ឍន៍ទៅនៃប្រវត្តិសាស្រ្តនៅក្នុងអាស៊ាន មានរួចស្រេចទៅហើយប្រទេសដែលស្និទ្ធនឹងអាមេរិកនិងប្រទេសដែលស្និទ្ធនឹងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ