ចិននឹងហាមឃាត់រាល់ការជួញដូរភ្លុកទាំងស្រុងឲ្យបានត្រឹមដំណាច់ឆ្នាំ២០១៧
រដ្ឋាភិបាលចិនបានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួននឹងធ្វើការហាមឃាត់នូវរាល់ការជួញដូរភ្លុកសត្វឲ្យបានទាំងស្រុងត្រឹមដំណាច់ឆ្នាំ២០១៧។ វិធានការដែលត្រូវបានសកម្មជនការពារត្វព្រៃអបអរសាទរ ដោយចាត់ទុកថាជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសត្វដំរី ពីព្រោះថា ចិនគឺជាទិសដៅដ៏ធំបំផុតនៃការជួញដូរភ្លុកដំរី ដែលបានពីការបរបាញ់ដោយខុសច្បាប់ ជាពិសេស ដំរីនៅអាហ្វ្រិក។
ចុះផ្សាយនៅថ្ងៃ៖
ចិន ដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីការជួញដូរអន្តរជាតិនៃសត្វនិងរុក្ខជាតិដែលប្រឈមមុខនឹងការផុតពូជ ធ្លាប់បានចាត់វិធានការជាច្រើនរួចមកហើយ ទាក់ទងនឹងការហាមឃាត់ការនាំចូលភ្លុកពីក្រៅប្រទេស ក៏ប៉ុន្តែ អនុញ្ញាតឲ្យមានការជួញដូរភ្លុកនៅក្នុងស្រុក។
បម្រាមដែលរដ្ឋាភិបាលចិនប្រកាសដាក់ចេញ កាលពីថ្ងៃសុក្រ គឺទាក់ទងនឹងការជួញដូរគ្រប់ទម្រង់ទាំងអស់ ទាំងការនាំចេញនាំចូល និងការជួញដូរនៅក្នុងស្រុក ទាំងការជួញដូរភ្លុកមិនទាន់ច្នៃ និងការជួញដូរវត្ថុដែលធ្វើពីភ្លុក លើកលែងតែវត្ថុបុរាណដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយ កាលពីម្សិលមិញ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់ថា ការហាមឃាត់ទាំងស្រុងនូវការជួញដូរភ្លុកដំរីនេះ គឺធ្វើឡើង នៅក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងការការពារសត្វដំរី ហើយថា ការហាមឃាត់ការជួញដូរភ្លុក និងសកម្មភាពច្នៃភ្លុក នឹងត្រូវធ្វើជាដំណាក់កាលៗចាប់ពីពេលនេះទៅ ដោយទីតាំងច្នៃភ្លុក និងហាងលក់ភ្លុកមួយក្រុមដំបូងនឹងត្រូវបញ្ជាឲ្យបិទទ្វារនៅត្រឹមថ្ងៃទី៣១ខែមីនា ចំណែកឯទីតាំងផ្សេងទៀតនឹងត្រូវបិទទ្វារជាបន្តបន្ទាប់ ទៅតាមកាលវិភាគកំណត់ដោយរដ្ឋាភិបាល ដើម្បីឈានទៅការហាមឃាត់ការជួញដូរភ្លុកទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០១៧ខាងមុខ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បម្រាមរបស់រដ្ឋាភិបាលនឹងត្រូវប៉ះពាល់ទៅដល់ក្រុមហ៊ុនច្នៃភ្លុកចំនួន ៣៤ និងហាងលក់ភ្លុកធំៗចំនួន ១៤៣ នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ចិនត្រូវបានគេចាត់ទុកថាជាទីផ្សារភ្លុកដំរីដ៏ធំជាងគេបង្អស់នៅលើពិភពលោក ដោយសារតែនៅចិន ភ្លុកគឺជាវត្ថុដ៏មានតម្លៃដែលគ្រប់គ្នាចង់បាន។ នៅចិន ភ្លុកដំរីមួយគីឡូអាចមានតម្លៃនៅលើទីផ្សាររហូតដល់ទៅជាង ១ពាន់អឺរ៉ូ។ ហេតុដូច្នេះហើយបានជាចិនត្រូវក្លាយជាទិសដៅចម្បងបំផុតនៃការជួញដូរភ្លុកដំរី ដែលបានពីការបរបាញ់ដោយខុសច្បាប់ ជាពិសេស ដំរីនៅអាហ្វ្រិក។
យោងតាមអង្គការពារសត្វព្រៃ WWF គ្រាន់តែក្នុងរយៈពេលមួយឆ្នាំ នៅក្នុងឆ្នាំ២០១៥កន្លងទៅ មានដំរីរហូតដល់ទៅជាង២ម៉ឺនក្បាលត្រូវបានគេសម្លាប់យកភ្លុក ហើយគិតជាសរុបនៅទូទាំងពិភពលោក សត្វដំរីនៅសល់តែប្រមាណជា ៤១៥ ០០០ក្បាលប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ