ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​ចិន​ត្រូវ​បារម្ភ​ចំពោះ​ការ​ដកទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន?

សំឡេង ០៤:០២
លោក​ស៊ី ជីនពីង (ឆ្វេង) ពេល​ទទួល​ជួប​លោក​អាស្ហ្រាហ្វ ហ្កានី ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ថ្ងៃទី២៨ តុលា ២០១៤
លោក​ស៊ី ជីនពីង (ឆ្វេង) ពេល​ទទួល​ជួប​លោក​អាស្ហ្រាហ្វ ហ្កានី ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ថ្ងៃទី២៨ តុលា ២០១៤ REUTERS/Lintao Zhang

លោក​​អាស្ហ្រាហ្វ ហ្កានី (Ashraf Ghani) ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន បាន​ចេញ​ធ្វើ​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​ជាលើកទីមួយ នៅថ្ងៃ​អង្គារ ហើយ​ប្រទេស​ដែល​ជា​ទិសដៅ​នៃ​ដំណើរទស្សនកិច្ច​នេះ គឺ​ប្រទេស​ចិន មិនមែន​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​​មាន​វត្តមាន​កងទ័ព​រាប់ម៉ឺន និង​ផ្តល់​ជំនួយ​រាប់សិបពាន់លាន​ដុល្លារ​​ក្នុងមួយឆ្នាំៗ​មក​ឲ្យ​អាហ្វហ្កានីស្ថាន​នោះទេ។​ នេះ​គឺ​ជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​អាហ្វហ្កានីស្ថាន និង​ចិន ជាពិសេស នៅក្នុង​ពេល​ដែល​អាមេរិក និង​អង្គការ​អូតង់​កំពុង​ត្រៀម​ដក​កងទ័ព​ចេញ​នៅ​ខែ​ធ្នូ ចុងឆ្នាំ​២០១៤​នេះ។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ក្នុង​ប្រទេស​ចិន រយៈពេល ៤ថ្ងៃ ពីថ្ងៃ​អង្គារ ដល់ថ្ងៃសុក្រ លោក​អាស្ហ្រាហ្វ ហ្កានី ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ត្រូវ​ជួប​ជជែក​ជាមួយ​លោក​ស៊ី ជីនពីង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​មួយចំនួន ព្រមទាំង​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ការស្តារ​ប្រទេស​អាហ្វហ្កានីស្ថាន​ក្រោយ​សង្រ្គាម។ សន្និសីទ​អន្តរជាតិ ដែល​នឹង​រៀបចំ​ធ្វើ​នៅថ្ងៃ​សុក្រ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រទេស​នៅ​ជុំវិញ​អាហ្វហ្កានីស្ថាន ជាពិសេស គឺ​ចិន ដែល​ជា​ម្ចាស់ផ្ទះ ឥណ្ឌា និង​រុស្ស៊ី។

ការ​ជ្រើសរើស​យក​ប្រទេស​ចិន​ សម្រាប់​ដំណើរទស្សនកិច្ច​លើកដំបូង​ទៅក្រៅប្រទេស គឺ​ជា​ការ​បញ្ជាក់​ឲ្យឃើញ​​​អំពី​អាទិភាព​របស់​លោកអាស្ហ្រាហ្វ ហ្កានី ដែល​កំពុងតែ​សំឡឹង​ឃើញ​ចិន​ជា​ដៃគូ​ដ៏សំខាន់មួយ នៅ​ក្នុង​ពេល​ដែល​អាហ្វហ្កានីស្ថាន​កំពុងតែ​ចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី គឺ​អាហ្វហ្កានីស្ថាន ក្រោយ​ការ​ដកកងទ័ព​របស់​អាមេរិក។

រដ្ឋាភិបាល​ក្រុង​កាប៊ុល​យល់ថា ការគាំទ្រ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ពី​សំណាក់​ប្រទេស​ចិន អាច​នឹង​ជួយ​​អាហ្វហ្កានីស្ថាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ នៅ​ក្រោយ​ពេល​ដែល​អាមេរិក និង​អង្គការ​អូតង់​ ដកកងទ័ព​ នៅ​ខែ​ធ្នូ​ខាងមុខ​នេះ។

មន្រ្តី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ការ​គូសបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន គឺ​ជា​ប្រទេស​ដែល​បាន​ធ្វើការ​វិនិយោគ​ច្រើន​ជាងគេ​បំផុត នៅ​ក្នុងប្រទេស​អាហ្វហ្កានីស្ថាន ហើយ​ក្រៅ​ពី​វិស័យ​វិនិយោគ ចិន និង​អាហ្វហ្កានីស្ថាន ក៏​កំពុងតែ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅ​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ។ ដំណើរទស្សនកិច្ច​ ​របស់​លោក​អាស្ហ្រាហ្វ ហ្កានី នៅ​ពេលនេះ គឺ​ជាជំហាន​ថ្មីមួយ​ទៀត ឆ្ពោះទៅ​ពង្រឹង​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្រ្ត​ សម្រាប់​រយៈពេល​វែង រវាង​ចិន និង​អាហ្វហ្កានីស្ថាន។

ចិនវិញ​ក៏​សំឡឹងឃើញ​ផលប្រយោជន៍​ច្រើន​ដែរ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​ជា​ប្រទេស​សម្បូរ​ធនធានរ៉ែ និង​ថាមពល។ ម្យ៉ាងទៀត អាហ្វហ្កានីស្ថានគឺ​ជា​ផ្នែកមួយ​​នៃ​​នយោបាយ​ជា​អាទិភាព​របស់​លោក​ស៊ី ជីនពីង ក្នុងការ​បង្កើត​ខ្សែក្រវាត់​សេដ្ឋកិច្ច តភ្ជាប់​ពី​ចិន ទៅ​អាស៊ីកណ្តាល ដែល​ជា​តំបន់​សម្បូរ​ទៅដោយ​ធនធាន​ប្រេង និង​ឧស្ម័ន ដែល​ចិន​ត្រូវការ​ខ្លាំង​ផង និង​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល សម្រាប់​នាំចេញ​ទំនិញ​ចិន​ផង។

នៅ​ក្នុង​ចក្ខុវិស័យ​នេះ​ហើយ​ដែល​ចិន​​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​នយោបាយ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

តាមការពិត ការដកទ័ព​អាមេរិក និង​អង្គការអូតង់​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ចុងឆ្នាំ​នេះ ក៏​កំពុងតែ​ធ្វើ​ចិន​មាន​ការ​បារម្ភ​មិនតិចដែរ គឺ​បារម្ភ​ខ្លាចក្រែង អាជ្ញាធរ​អាហ្វហ្កានីស្ថាន​មិនមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​ផ្នែក​សន្តិសុខ ជាពិសេស ទប់ទល់​នឹង​​ពួកឧទ្ទាម​តាលីបង់ ព្រមទាំង​ក្រុម​ភេរវជន​​អ៊ីស្លាមជ្រុលនិយម​​ជាច្រើន​ផ្សេងទៀត។

ប្រសិនបើ​អាហ្វហ្កានីស្ថាន​​​ជួប​នឹង​បញ្ហា​អសន្តិសុខ បាត់បង់​ស្ថិរភាពនយោបាយ ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ ចិន​មិនត្រឹមតែ​ត្រូវ​ប្រឈមមុខ​នឹង​ការ​បាត់បង់​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ធនធានរ៉ែ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ អាច​នឹង​ប្រឈមមុខ​ផងដែរ​នឹង​បញ្ហា​សន្តិសុខ ដែល​រាលដាល​ពី​អាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា ចិន និង​អាហ្វហ្កានីស្ថាន មាន​ព្រំដែន​គោក​ជាប់គ្នា ហើយ​ព្រំដែន​គោកនេះ ថ្វីដ្បិតតែ​មាន​ប្រវែង​ខ្លី​ត្រឹម ៧៦គីឡូម៉ែត្រ ក៏ប៉ុន្តែ វា​នៅ​ជាប់នឹង​តំបន់​ស៊ីនជាំង ដែល​ជា​តំបន់​សម្បូរ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​កាន់សាសនាអ៊ីស្លាម ហើយ​ដែល​​កំពុង​ឆាបឆេះ​ដោយ​អំពើ​ហិង្សា​អស់រយៈពេល​ជាង​មួយឆ្នាំ​មកហើយ។

គេសង្កេតឃើញ​ថា នៅ​ពេលថ្មីៗ​ចុងក្រោយ​នេះ អំពើហិង្សា​នៅ​ស៊ីងជាំង​​ ដែល​ជាទូទៅ​​ត្រូវ​បាន​អាជ្ញាធរ​ក្រុងប៉េកាំង​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ក្រុម​​អ៊ុយហ្គួរ​ជ្រុលនិយម មានការ​​វិវឌ្ឍ​​ទៅជា​ការ​វាយប្រហារ​បែប​ភេរវកម្ម​អត្តឃាត ដែល​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​សកម្មភាព​របស់​ក្រុម​ជីហាត​អ៊ីស្លាម។ អ្នក​ជំនាញ​ជាច្រើន​យល់ថា ការវិវឌ្ឍ​នៃ​អំពើ​ហិង្សា​នៅ​ស៊ីងជាំង​ទំនង​ជា​បណ្តាល​មក​ពី​​ក្រុម​អ៊ុយហ្គួរ​ជ្រុលនិយម​មួយ​ចំនួនតូច នៅ​ស៊ីងជាំង បាន​ទទួល​ការ​បំពាក់បំប៉ន​មនោគមន៍​វិជ្ជា និង​ការ​ហ្វឹកហ្វឺន​ពី​​​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅ​​​បរទេស ជាពិសេស នៅ​តាម​បណ្តោយ​ព្រំដែន​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។

ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន​កំពុងតែ​បារម្ភ​ថា ប្រសិនបើ​​នៅ​ក្រោយ​ពី​អាមេរិក​ដកកងទ័ព​ អាហ្វហ្កានីស្ថាន​ត្រូវ​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ​មិន​អាច​គ្រប់គ្រងបាន ទឹកដី​អាហ្វហ្កានីស្ថាន​អាច​​នឹង​ត្រូវ​ក្លាយ​ទៅជា​​ស្ថានសួគ៌ សម្រាប់​ឲ្យ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​យក​ធ្វើ​ជា​ទីជម្រក និង​កន្លែង​ហ្វឹកហ្វឺន​ រួចហើយ​ឆ្លងព្រំដែន ដើម្បី​មក​បង្ក​បញ្ហា​អសន្តិសុខ​ នៅ​ក្នុង​ប្រទេស​ចិនវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI