ចិន

ចិន​បង្ហាញ​សាច់ដុំ​ដោយ​បង្អួត​ពី​នាវា​មុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ

រូបភាព​នាវាមុជទឹក​ចិនដែលចុះផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋចិន​ ឈ្មោះ China News Service
រូបភាព​នាវាមុជទឹក​ចិនដែលចុះផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋចិន​ ឈ្មោះ China News Service CNS

នៅថ្ងៃ​អង្គារ​នេះ ចិន​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​កងនាវាមុជទឹក​​នុយក្លេអ៊ែរ​របស់​ខ្លួន តាមរយៈ​ការចុះផ្សាយ​យ៉ាងផុសផុល​តាមប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ ដែល​ជាទូទៅ​តែងតែ​ចុះផ្សាយ​អំពី​ជំហរ​ផ្លូវការ​របស់​រដ្ឋ និង​បក្ស​កុម្មុយនិស្ត​ចិន បាន​អះអាង​ថា ការ​បង្ហាញ​ឲ្យឃើញ​ជាសាធារណៈ​នូវ​សមត្ថភាព​​នៃ​កងនាវាមុជទឹក​នេះ គឺ​ជាការចាំបាច់​​នៅ​ក្នុងពេល​ដែល​ជម្លោះ​ដែនសមុទ្រ​ជាមួយនឹង​ប្រទេស​ជិតខាង​ចិន​កំពុងតែ​មាន​ភាព​តានតឹង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​បាន​នាំគ្នា​ចុះផ្សាយ​យ៉ាងគគ្រឹកគគ្រេង​នូវ​រូបភាព ឬ​វីដេអូ ដែល​បង្ហាញ​ពី​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​កងទ័ព​ជើងទឹកចិន ក្នុងពេល​ធ្វើ​សមយុទ្ធ។

កាសែត​ស្និទ្ធិ​នឹង​បក្ស​កុម្មុយនិស្ត​ចិន​បាន​សរសេរ​ថា ចិន​មាន​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ តាំង​ពី​ឆ្នាំ​១៩៧០​ម៉្លេះ ក៏ប៉ុន្តែ មិនសូវ​ជា​មាន​ប្រទេស​ណា​យកចិត្តទុកដាក់។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅពេលនេះ ​ចិន​ចាំបាច់​ត្រូវ​តែ​បង្ហាញ​ឲ្យ​គ្រប់គ្នា​បាន​ឃើញ​នូវ​សមត្ថភាព​ទ័ព​ជើងទឹក​របស់ខ្លួន ដែល​មាន​ទាំង​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ហើយ​ដែល​អាច​​ធ្វើការ​វាយប្រហារ​ដោយ​ប្រើ​មីស៊ីល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​បាន។

គេ​សង្កេតឃើញ​ថា នាវាមុជទឹក​ដែល​បណ្តាញផ្សព្វផ្សាយ​ចិន​ចុះផ្សាយ​នៅពេលនេះ សុទ្ធសឹង​ជា​នាវាមុជទឹក​ធុន​ចាស់ៗ ដោយ​មិន​បង្ហាញ​ពី​នាវាមុជទឹក​ទំនើប​ថ្មីៗ ដែល​ចិន​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​នោះទេ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា អ្នក​វិភាគ​ជាច្រើន​យល់ថា ​តាមរយៈ​ការ​បង្អួត​​នូវ​នាវាមុជទឹក​អស់ទាំងនេះ ចិន​ចង់​ប្រាប់​ទៅ​ពិភពលោក​ឲ្យ​ដឹង​​ថា ខ្លួន​មាន​សមត្ថភាព​វាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ចេញ​ពី​នាវាមុជទឹក។ បើទោះបី​ជា​នាវាមុជទឹក​ដែល​ចិន​បង្ហាញ​ជា​សាធារណៈ​នៅពេលនេះ សុទ្ធសឹង​ជា​នាវាធុន​ចាស់ៗ ក៏ប៉ុន្តែ គ្រប់គ្នា​ដឹង​ថា ចិន​មាន​នាវាមុជទឹក​ថ្មីៗ​និង​ទំនើបៗ​ជាង​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ ការ​បង្អួត​អំពី​នាវាមុជទឹក​នុយក្លេអ៊ែរ​ចិន​នៅពេលនេះ​ត្រូវ​បាន​ធ្វើឡើង នៅក្នុង​ពេល​ដែល​ជម្លោះ​ដែនសមុទ្រ​ រវាង​ចិន និង​ជប៉ុន កំពុងតែ​ស្ថិតក្នុង​សភាព​តានតឹង​ខ្លាំង រហូត​ដល់​មានការ​ប្រើពាក្យ​ “ប្រកាស​សង្រ្គាម”។

កាលពីថ្ងៃ​សៅរ៍ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិចិន​បាន​លើកឡើង​អំពី​សកម្មភាព​យន្តហោះ​ចម្បាំង​របស់​ជប៉ុន ដែល​ហោះ​តាមឃ្លាំមើល​យន្តហោះ​របស់​ចិន ក្នុង​តំបន់​កោះ​ជាប់ជម្លោះ​ ហើយ​បាន​ព្រមាន​ជប៉ុន​ថា រាល់​​សកម្មភាព​​ប្រឆាំង​នឹង​យន្តហោះ​របស់​ចិន​ គឺ​មានន័យ​ស្មើ​នឹង​ការ​ប្រកាស​សង្រ្គាម។

នៅថ្ងៃ​អង្គារ​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ព្រមាន​មក​វិញ​ថា សកម្មភាព​របស់​ចិន ដែល​លុកលុយ​ចូល​ទៅ​ក្នុង​ដែនទឹក​នៃ​កោះ​ជាប់ជម្លោះ កំពុង​តែ​​ធ្វើឲ្យ​ភាពតានតឹង​ត្រូវ​​ធ្លាក់ចូល​ទៅ​ក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់មួយ នៅចន្លោះ​​សន្តិភាព និង​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI