ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​និង​ជប៉ុន​អាច​រងគ្រោះ​ខ្លាំង​ជាងគេ​ក្នុង​ករណី​អាមេរិក​ក្ស័យធន

សំឡេង ០៤:១៨
美金
美金 REUTERS/Romeo Ranoco

អស់រយៈពេលជាង​មួយសប្តាហ៍​មកហើយ ដែល​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បិទទ្វារ​មួយផ្នែក ដោយសារ​តែ​មាន​ការជាប់គាំង​​នៅ​សភា មិនអាច​អនុម័ត​ថវិកា​ជាតិ​បាន។ វិបត្តិ​ថវិកា​នេះ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទៅដល់​ទីផ្សារ​មូលបត្រ​នៅ​ស្ទើរតែ​ពាសពេញ​តំបន់​អាស៊ី។ ក៏ប៉ុន្តែ អាស៊ី ជាពិសេស ចិន និង​ជប៉ុន កំពុង​តែ​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែ​ធំមួយ​ទៀត គឺ​វិបត្តិ​បំណុល​អាមេរិក។ ចិន និង​ជប៉ុន ជា​អ្នកគួរ​មាន​ក្តីបារម្ភ​ជាងគេ ចំពោះ​វិបត្តិ​បំណុល​អាមេរិក ពីព្រោះ ប្រទេស​ទាំងពីរ​នេះ គឺ​ជា​ម្ចាស់​បំណុល​ដ៏ធំបំផុត​របស់​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំ​២០០៨ ពិភពលោក​ទាំងមូល​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ ដែល​មាន​ឫសគល់​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ នៅ​អាមេរិក។ ៥ឆ្នាំ​ក្រោយ​មក អាមេរិក​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​សាជាថ្មី​ម្តងទៀត។ ខុសពី​​វិបត្តិ​កាល​ពីឆ្នាំ​២០០៨ ដែល​មាន​ឫសគល់​ចេញ​ពី​ការ​ធ្វេសប្រហែស និង​ទង្វើ​ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​មជ្ឈដ្ឋាន​ធនាគារ និង​ផ្សារ​មូលបត្រ​អាមេរិក វិបត្តិ​លើកនេះ គឺ​កើតចេញ​ពី​អ្នក​នយោបាយអាមេរិក។

អស់រយៈពេល ៩ថ្ងៃ​មកហើយ ដែល​​រដ្ឋាភិបាល​សហព័ន្ធអាមេរិក​ត្រូវបិទទ្វា​រ​មួយផ្នែក ដោយសារ​តែ​សភា​មិនព្រម​អនុម័ត​ថវិកា​ជាតិ​ថ្មី។ វិបត្តិ​នេះ​​មិនមែន​បង្ក​បញ្ហា​តែ​ត្រឹម​អាមេរិក​ខ្លួនឯង​នោះទេ ប៉ុន្តែ វាបាន​ប៉ះពាល់​ផងដែរ​​ទៅដល់​ស្ថិរភាព​នៃ​​ទីផ្សារ​មូលបត្រ​នៅ​ស្ទើរតែ​ពាសពេញពិភពលោក ជាពិសេស នៅ​អាស៊ី។

រហូតមកទល់នឹង​ពេលនេះ គេ​នៅតែ​មិន​ឃើញ​មាន​ពន្លឺ​ណាមួយ ដែល​អាច​ឈាន​ទៅ​បញ្ចប់​ភាព​ជាប់គាំង​នយោបាយ​នៅ​សភា​អាមេរិក​នេះ​បាន​នៅឡើយ ហើយ​លើសពីនេះ​ទៅទៀត បញ្ហា​ថ្មីមួយទៀត និង​កាន់តែ​ធ្ងន់ធ្ងរ​មួយទៀត កំពុង​តែ​ខិតជិត​ចូល​មកដល់។

នៅថ្ងៃទី១៧​ខែ​តុលា​ខាងមុខ រតនាគារ​ជាតិ​អាមេរិក​នឹង​ត្រូវ​អស់លុយ ហើយ​ចាំបាច់​ត្រូវ​ខ្ចីបំណុល​បន្ថែម។ ប្រសិនបើ​​សភាអាមេរិក​នៅតែ​ជាប់គាំង ហើយ​មិន​ព្រម​​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើន​កម្រិត​បំណុល​សាធារណៈ​ទេ​នោះ រដ្ឋការ​របស់​លោក​អូបាម៉ា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំមួយ គឺ​បំណុល​ថ្មី​ក៏​ខ្ចីមិនបាន ចំណែក​ឯ​បំណុល​ចាស់​ក៏​គ្មានលុយសង។ តាមលក្ខណៈ​បច្ចេកទេស អាមេរិក​នឹង​ត្រូវ​ក្ស័យធន។ ការក្ស័យធន​នៃ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយនេះ អាច​នឹង​រាលដាល​ ​បង្ក​ភាព​ចលាចល នៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក។

ក៏ប៉ុន្តែ មាន​ប្រទេស​ពីរ​នៅ​អាស៊ី ដែល​អាច​ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាងគេ ក្នុង​ករណីអាមេរិក​ក្ស័យធន គឺ​ចិន និង​ជប៉ុន ដែល​ជា​ម្ចាស់​បំណុល​ដ៏ធំបំផុត​របស់​អាមេរិក។ យោងតាម​តួលេខ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គិត​មក​ត្រឹម​ថ្ងៃទី៣១​កក្កដា ឆ្នាំ​២០១៣​នេះ បំណុល​ដែល​អាមេរិក​ជំពាក់​​ចិន មាន​រហូតដល់ទៅ ១ ២៨០​ពាន់​លាន​ដុល្លារ ហើយ​បំណុល​ដែល​ជំពាក់​ជប៉ុន មាន​ ១ ១៤០ពាន់លាន​ដុល្លារ។

ចិន និង​ជប៉ុន​បាន​សុទ្ធតែ​បាន​បង្ហាញ​ នូវ​ក្តី​បារម្ភ​របស់​ខ្លួន ហើយ​បាន​អំពាវនាវ​ជា​សាធារណៈ​​ឲ្យ​រដ្ឋាភិបាល និង​​សភា​អាមេរិកដោះស្រាយ​ជម្លោះ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន។

អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ចិន​បាន​ថ្លែង​កាលពីថ្ងៃ​ចន្ទ​​ថា វាជារឿង​ធម្មតា ដែលចិនត្រូវ​ព្រួយបារម្ភ​អំពី​ស្ថានភាព​វិបត្តិ​នយោបាយ​នៅ​​សហរដ្ឋ​អាមេរិក ហើយ​ថា វា​ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុងការ​បញ្ចៀស​វិបត្តិ​បំណុល និង​ធានា​សុវត្ថិភាព​នៃ​លុយវិនិយោគ​របស់​ចិន នៅ​អាមេរិក។

កាសែត​ជប៉ុនវិញ បាន​ចុះផ្សាយ​ថា មន្រ្តី​ជាន់ខ្ពស់​ជប៉ុន​បាន​ជួប​ជជែក​តាមទូរស័ព្ទ​ជាច្រើនលើក​ ​ជាមួយ​នឹង​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាលពីថ្ងៃ​ចន្ទ ដើម្បីជជែក​អំពី​វិបត្តិ​បំណុល។ កាលពីថ្ងៃ​អង្គារ​នេះ លោក​តារ៉ូ អាសូ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​ថ្លែង​រំឭក​ថា ភាព​ជាប់គាំង​នយោបាយ​នៅ​អាមេរិក​ជុំវិញ​រឿង​ថវិកា និង​បំណុល​សាធារណៈ អាចនឹង​បង្ក​ជា​បញ្ហា​ចោទ​ចំពោះ​តម្លៃ​មូលបត្រ​បំណុលរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា លុយ ដែល​ចិន និង​ជប៉ុន ឲ្យ​អាមេរិក​ខ្ចី គឺ​ធ្វើឡើង​តាម​រយៈ​ការ​ទិញ​មូលបត្រ​បំណុល​​របស់​រដ្ឋ។ ប្រសិនបើ​​តម្លៃ​មូលបត្រ​បំណុលរដ្ឋ​អាមេរិក​ធ្លាក់ចុះ ​ចិន និង​ជប៉ុន ដែល​មាន​មូលបត្រ​បំណុល​អាមេរិក​ក្នុង​ដៃ​ច្រើន គឺ​ជា​អ្នក​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាតបង់​ច្រើន។

បញ្ហាមួយទៀត ដែល​ចិន និង​ជប៉ុន​ត្រូវ​ប្រឈមមុខ គឺ​តម្លៃ​លុយ​ដុល្លារ​អាមេរិក។ វិបត្តិ​បំណុល​អាមេរិក អាច​នឹង​​ធ្វើ​ឲ្យ​លុយដុល្លារ​អាមេរិក​ធ្លាក់ថ្លៃ​ខ្លាំង​ ធៀប​នឹង​លុយ​យេន​របស់​ជប៉ុន និង​លុយ​យ័ន​របស់​ចិន ហើយ​នេះ គឺ​ជា​បញ្ហា​ចោទ​ធំមួយ សម្រាប់​សេដ្ឋកិច្ច​របស់ប្រទេស​ទាំងពីរ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ។

គេ​នៅចាំបាន​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ អាមេរិក​ធ្លាប់​បាន​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​នេះ​ម្តងរួចមកហើយ។ នៅពេលនោះ ភាព​ជាប់គាំង​នៅ​ក្នុង​សភា​អាមេរិក ក៏​បាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលបត្រ​ពិភពលោក​​រង្គោះរង្គើ​មិនតិច​ដែរ។ រហូតដល់​នាទី​ចុងក្រោយ ទើប​សភា​អាមេរិក​សុខចិត្ត​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា​ខ្ចីបំណុល​បន្ថែម ហើយ​អាច​បញ្ចៀស​ការក្ស័យធន​បាន។

នៅ​លើកនេះ គេមិនដឹង​ថា តើ​អាមេរិក​នឹង​អាច​បញ្ចៀស​ការ​ក្ស័យធន​បាន ដូចកាល​ពី​ឆ្នាំ​២០១១​ទៀត​ដែរ​ឬទេ? អ្វី​ដែល​គេ​សង្កើតឃើញ ហើយ​ដែល​គួរ​ឲ្យ​មាន​ការព្រួយបារម្ភ គឺ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​ហាក់ដូចជា​​​យល់ថា ការណ៍​ដែល​អាមេរិក​ក្ស័យធន​នឹង​មិន​បង្ក​ផលវិបាក​អ្វី​ធ្ងន់ធ្ងរ​ដូច​ដែល​គេ​ធ្លាប់គិត។ ការយល់ឃើញ​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មិន​ចង់​ធ្វើ​សម្បទាន​ ដើម្បីសម្រុះសម្រួល​​បញ្ចប់​វិបត្តិ ហើយ​​សុខចិត្ត​ទុក​បណ្តោយ​ឲ្យ​អាមេរិក​ក្ស័យធន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI