បច្ចេកវិទ្យា

ចិន​បោះ​មួយ​ជំហាន​ទៀត​ទៅ​ក្នុង​អវកាស

អវកាសយានិក​ចិន បីរូប​ដែល​មាន​ម្នាក់​ជាស្រ្តី (ខាងឆ្វេង)ចាកចេញ​ទៅ​លំហអាកាស​ កាលពីថ្ងៃ​ទី ១៦ មិថុនា ២០១២
អវកាសយានិក​ចិន បីរូប​ដែល​មាន​ម្នាក់​ជាស្រ្តី (ខាងឆ្វេង)ចាកចេញ​ទៅ​លំហអាកាស​ កាលពីថ្ងៃ​ទី ១៦ មិថុនា ២០១២ © REUTERS

ប្រទេស​ចិន នៅថ្ងៃ​អាទិត្យ ទី ២៤ មិថុនា​នេះ បាន​ទទួល​ជោគជ័យ​ក្នុង​ការតភ្ជាប់​យាន​អវកាស​ពីរ​របស់ខ្លួន ដែល​កំពុង​ហោះ​នៅក្នុង​គន្លង​តារាវិថី។ ដែល​គេ​និយាយ​ថា ជោគជ័យ ព្រោះថា នៅថ្ងៃអាទិត្យ នេះ គឺ​អវកាសយានិក ម្នាក់ ក្នុង​ចំណោម​បីនាក់ ដែល​ចិន​បាន​បញ្ជូន​ទៅ​កាលពី​ថ្ងៃ​ទី ១៦​មិថុនា​កន្លងទៅ នោះ ​ជា​អ្នក​បញ្ជា​ផ្ទាល់ ទៅលើ​ដំណើរការ​តភ្ជាប់​យានអវកាស​ទាំងពីរ ដែល​ពីមុន ធ្លាប់តែ​ធ្វើ​ដោយ​ស្វ័យប្រវត្តិ។

ផ្សាយពាណិជ្ជកម្ម

 

ប្រតិបត្តិការ​តភ្ជាប់​យានអវកាស​Shenzhou ទី ៩ ទៅនឹង​យាន​អវកាស​(ធានកុង) Tiangong ដែល​ប្រែថា វិមានអាកាស​បាន​ប្រព្រឹត្ត​ដោយ​ល្អិតល្អន់​បំផុត និង​ក្រោមក្រសែភ្នែក​តាមដាន​របស់​ក្រុមអ្នកវិទ្យាសាស្រ្ត​ចិន។ លើកនេះ គេមិនចាំបាច់​បញ្ជា​ពី​ផែនដី​ដើម្បី​តភ្ជាប់​យានអវកាស​ទាំងពីរ​ដោយ​ស្វ័យប្រវត្តិនោះទេ។ គឺ​អវកាសយានិក Liu Wang ដែល​បញ្ជា​ទៅលើ​ម៉ាស៊ីន ដើម្បី​តភ្ជាប់​យានអវកាស​ទាំងពីរ។ វា​ជាបទពិសោធន៍​លើកទីមួយ​របស់​ក្រុម​អវកាសយានិក​ចិន ហើយ​ប្រតិបត្តិការ​លើកនេះ​ត្រូវ​គេ​វាយតម្លៃថា ពិបាក និង​គ្រោះថ្នាក់​បំផុត ព្រោះថា យាន​ទាំងពីរ​ហោះ​ក្នុង​ល្បឿន ជិត បីម៉ឺន​(២៨​០០០) គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ដូចគ្នា។ ដូច្នេះ បើមាន​ការថ្លោះធ្លោយ​អ្វីមួយ នោះ យានអវកាស​ទាំងពីរ​នឹង​អាច​ប៉ះ​ទង្គិចគ្នា និង​ផ្ទុះឆេះ​មិនខាន។

តាមពិតទៅ យានអវកាស​ចិន​ទាំងពីរ​បាន​តភ្ជាប់​គ្នា ដោយ​ស្វ័យប្រវត្តិ ម្តង​រួចហើយ កាលពី​ថ្ងៃ​ទី ១៨​មិថុនា​កន្លងទៅ។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្ត​ចិន ចង់​ឲ្យ​មាន​ការសាកល្បង​តភ្ជាប់​យានទាំងពីរ​ដោយ​ដៃ​របស់​ក្រុម​អ្នកអវកាសយានិក​ផ្ទាល់ ព្រោះ ដើម្បី​បង្កា នៅថ្ងៃ​ណា មួយ ដែល​គេ​បរាជ័យ មិន​អាច​គ្រប់គ្រង បញ្ជា​ឲ្យ​យានអវកាស​អាច​តភ្ជាប់គ្នា​ដោយ​ស្វ័យប្រវត្តិ។

ជោគជ័យ​ដ៏ធំធេង​លើកនេះ ជា​លទ្ធផល​នៃការប្រឹងប្រែង រាប់ឆ្នាំ ​របស់ចិន​ ដែល​ខំសង្វាត​រត់​ឲ្យ​ទាន់​បច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច។ គួរដឹងថា អវកាសយានិក​អាមេរិក និង​រុស្ស៊ី​ធ្លាប់​បាន​ជោគជ័យ ក្នុង​តភ្ជាប់​យានអវកាស​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការបញ្ជា​ដោយ​ស្វ័យប្រវត្តិ តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៦០​ម្ល៉េះ។

យ៉ាងណាក៏ដោយ ជោគជ័យ​នៅថ្ងៃនេះ បាន​ធ្វើ​ឲ្យ​ចិន​មាន​មោទនភាព​ខ្លាំងណាស់។ កាលពី​ខែ​៧ខែមុន ចិន​ទើប​បាន​តភ្ជាប់​ យានអវកាស​Shenzhou​ទី ៨ ជាមួយ​វិមាន​អាកាស​ Tiangong។ លើកនេះ យានអវកាស​Shenzhou​ទី ៩​ដែល​មាន​ដឹក​អវកាសយានិក​ផង​អាច​អាច​ទៅ​តភ្ជាប់​ដោយ​ជោគជ័យ​ជាមួយ​វិមានអាកាស​Tiangongទៀត។

ជាមួយ​នឹង​ការគ្រប់គ្រង​ដោយ​ប្រសិទ្ធិភាព​លើ​ការតភ្ជាប់​យានអវកាស ចិន​មាន​មហិច្ឆតា​ចង់​បញ្ចប់​គម្រោង​សាងសង់​ស្ថានីយ៍អវកាស​មួយរបស់ខ្លួន នៅឆ្នាំ ២០២០ ហើយ​ដែល​នៅក្នុង​ស្ថានីយ៍​អវកាសនោះ អវកាសយានិក​អាច​ធ្វើការ និង​រស់នៅ​រាប់ខែ គឺ​យកគំរូ​តាម​អតីត​ស្ថានីយ៍​អវកាស​Mir របស់​រុស្ស៊ី និង​ស្ថានីយ៍​អន្តរជាតិ​ISS បច្ចុប្បន្ន។ ជាមួយគ្នានេះ ចិន​ក៏​មាន​មហិច្ឆតា​សំឡឹង​ទៅ​ជាន់​ឋាន​ព្រះចន្ទ ដូច​រុស្ស៊ី និង​អាមេរិកដែរ។ ចិន​ដែល​ចង់​ឲ្យ​អវកាសយានិក​​របស់ខ្លួន​ជាជនជាតិ​អាស៊ី​ទីមួយ ទៅជាន់​ឋាន​ព្រះចន្ទ ធ្លាប់​បាន​ជោគជ័យ​ពីរដង ក្នុង​ការបញ្ជូន ឧបករណ៍ស្ទង់​ទៅឋានព្រះចន្ទ កាលពីឆ្នាំ ២០០៧ និង​ឆ្នាំ ២០១០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI