កម្ពុជា-ចិន

ចិន​ផ្តល់​ជំនួយ​សម្ភារៈ​យោធា​លើកទី២​ដល់​កម្ពុជា

មន្រ្តីយោធា​កម្ពុជា និង​ចិន ក្នុង​ពិធី​ប្រគល់​ជំនួយ
មន្រ្តីយោធា​កម្ពុជា និង​ចិន ក្នុង​ពិធី​ប្រគល់​ជំនួយ ©ចាន់ណា/RFI

ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​និង​ចិន​ ក្រសួង​ការពារជាតិ​ចិន​បាន​ផ្តល់​ជំនួយ​ធំ​លើក​ទី២ ​ខាង​សម្ភារៈ​យោធា​ ដល់​កង​យោធពល​ខេមរៈភូមិន្ទ ​ក្នុង​គោលដៅ​ជួយ​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា។ ​ជំនួយ​សម្ភារៈ​យោធា​របស់​ចិន ​ដែល​បាន​ផ្តល់​ជូន​កងទ័ព​កម្ពុជា​នៅ​ព្រឹក​មិញ​នេះ​ មាន​សម្លៀកបំពាក់ ​ស្បែកជើង ​ខ្សែក្រវ៉ាត់ ​និង​សម្ភារៈ​មួយចំនួន​ទៀត​ដែល​ក្នុង​មួយ​មុខៗ​ សម្រាប់​បំពាក់​ឲ្យ​កងទ័ព​កម្ពុជា​៥​ម៉ឺន​នាក់។ ​នេះជា​ជំនួយ​ឥត​សំណង​ធំ​លើក​ទី២​ផ្នែក​យោធា​របស់​ចិន​បន្ទាប់​ពី​ជំនួយ​រថយន្ត​យោធា​ចំនួន​២៥៧​គ្រឿង​ដែល​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជា​កាល​ពី​ឆ្នាំមុន។

ផ្សាយពាណិជ្ជកម្ម

សម្ភារៈ​យោធា ​ដែល​មាន​សម្លៀកបំពាក់​៥​ម៉ឺន​សម្រាប់ ​ស្បែក​ជើង​ប្រយុទ្ធ​៥​ម៉ឺន​សម្រាប់ ​មួក​៥​ម៉ឺន​ ខ្សែក្រវាត់​៥​ម៉ឺន​ និង​ខ្សែ​ព័ទ្ធឆៀង ​(Ceinturon) ​ចំនួន​៥ម៉ឺន​ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ចិន ផ្តល់​ឲ្យ​យោធា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ឯ​ទីបញ្ជាការដ្ឋាន​ទ័ព​អាកាស ​ក្នុង​ព្រលានយន្ត​ហោះ​យោធា​ក្រុង​ភ្នំពេញ​។

លោក​ឧត្តម​សេនីយ៍​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ ទទួល​ជំនួយ​បរទេស ​និង​អភិវឌ្ឍន៍​កងយោធពល​ខេមរៈភូមិន្ទ ​បាន​មាន​ប្រសាសន៍​ថា ​ជំនួយ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​កងទ័ព​ជាតិ​កម្ពុជា​មាន​សម្ភារៈ​កាន់​តែ​សម្បូរ​បែប​ និង​ទំនើប​ថែម​ទៀត។ ចំណែក​លោក ​ហ្សាង ហ្ស៊ីដលីន ​( Zhang Jidn Lin) ​អនុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ​ក៏​បាន​ថ្លែង​ដែរ​ថា ​កម្ពុជា​និង​ចិន​គឺជា​មិត្តភ័ក្តិ ​និង​ជា​បងប្អូន​ ហើយ​កងទ័ព​ចិន ​និង​កម្ពុជា​គឺជា​គ្រួសារ​តែ​មួយ។ ​លោក​បន្តថា ​ចិន​នឹង​ជួយ​ពង្រឹង​សមត្ថភាព​យោធា​កម្ពុជា​បន្ត​ទៀត។ ​

នេះជា​ជំនួយ​ឥត​សំណង​ផ្នែក​យោធា​ជាទ្រង់ទ្រាយ​ធំ​លើក​ទី២​ ដែល​ចិន​បាន​ផ្តល់​ឲ្យ​កងទ័ព​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចុងក្រោយ​នេះ។ ​កាលពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០១០​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ចិន​ លោក​ ហ៊ូ ជិនតាវ​ ប្រធានា​ធិបតីចិន​ បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សម្ភារៈ​យោធា​ដែល​មាន​តម្លៃ​សរុប ​១០០ ​លាន​យ័ន​ ឬ​ស្មើនឹង​១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា។ ​សម្ភារៈ​ទាំង​នោះ​មាន​រថយន្ត​យោធា​ចំនួន​២៥៧​គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​រួច​ហើយ​កាល​ពី​ឆ្នាំ​២០១០។ ចំណែក​ឯ​សម្លៀកបំពាក់​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​ទៀត​ចំនួន​៥ម៉ឺន​សម្រាប់​ទើប​តែ​បាន​មក​ដល់​នៅ​ថ្ងៃ​នេះ។

ការ​ប្រកាស​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​ពី​សំណាក់​ប្រទេស​ចិន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​យោធា​ដល់​កម្ពុជា​កាលពី​ខែ​មេសា​ឆ្នាំ​២០១០​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​២០​នាក់​ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ។ ជំនួយ​យោធា​របស់​ចិន​ក៏​បាន​មក​ដល់​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ​យ៉ាងណា​ក៏ដោយ ​ចិន​មិន​បាន​លូកដៃ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​កម្ពុជា​និង​ថៃ​ទេ។ កាលពី​សប្តាហ៍​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​ឲ្យ​ចិន​ និង​វៀតណាម​បែងចែក​មិត្ត​ល្អ ​និង​មិត្ត​អាក្រក់​ផង​នៅ​ក្នុង​ជម្លោះ​កម្ពុជា​និង​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI