អានតួអត្ថបទ
ចិន

អ្នកប្រើប្រាស់​អ៊ីនធ័រណែត​ចិន៖« ចៅហ្វាយ​ក្រុង​ប៉េកំាង​ត្រូវ​ប្តូរ​វិធានការ​វាស់កម្រិត​ឧស្ម័នពុល​នៅក្នុង​បរិយាកាស »

ចិន​សន្យា​ប្តូរ​វិធានការ​វាស់កម្រិត​ឧស្ម័នពុល​នៅក្នុង​បរិយាកាស
ចិន​សន្យា​ប្តូរ​វិធានការ​វាស់កម្រិត​ឧស្ម័នពុល​នៅក្នុង​បរិយាកាស Getty Images/Melanie Stetson Freeman
១៦ នាទី

កាល​ពី​ថ្ងៃ​សុក្រ ទី៦ មករា ម្សិលមិញ សាលាក្រុង​ប៉េកំាង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​ពី​របៀប​វាស់កម្រិត​អត្រា​ឧស្ម័នពុល​នៅ​ក្នុង​បរិយាកាស​ដោយ​យក​គំរូ​តាម​ប្រព័ន្ធអាមេរិកំាង​វិញ។ ប្រព័ន្ធអាមេរិកំាង​ដែល​អាច​នឹង​អនុញ្ញាត​ឲ្យ​គេ​ទទួល​បាន​លទ្ធផល​ជាក់ច្បាស់ និង​ប្រាកដប្រជា និង​ដែល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកំាង​បាន​ទាមទារ​ជា​យូរ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត គឺ​អ្នកប្រើប្រាស់​អ៊ីនធ័រណែត​ទេ​ដែល​បាន​ទាញ​សញ្ញាអាសន្ន​មុន​គេ។ នៅ​ដំណាច់​ឆ្នំា ២០១១ ដែល​ទើប​បិទបញ្ចប់​ទៅ​ថ្មីៗ​នេះ អង្គធាតុ​ល្អិតឆ្មារ​ត្រូវ​បាន​គេ​មើល​ឃើញ​នឹង​ភ្នែក​ទទេ និង​បាន​ប្រមូលផ្តុំ​ស្អេកស្កះ​នៅ​ក្នុង​លំហ​អាកាស​ក្នុង​ទីក្រុង​ប៉េកំាង។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​មន្រ្តីផ្លូវការ​ចិន​និយាយ​ពី​កម្រិត​ឧស្ម័នពុល​ទាប​នោះ ស្ថានទូតអាមេរិក​ប្រចំា​ទីក្រុង​ប៉េកំាង​បាន​ទាញ​សញ្ញាអាសន្ន​ពី​កម្រិត​ឧស្ម័នពុល​កើន​ខ្ពស់​ជាប់​ជាប្រចំា និង​គ្រប់​ម៉ោង។ កន្លង​មក ចិន​បាន​ប្រើប្រាស់​​ប្រព័ន្ធ​វាស់កម្រិត​ឧស្ម័នពុល​ក្នុង​បរិយាកាស​របស់​ខ្លួន ដោយ​គិតគូរ​តែ​ពី​អត្រា​នៃ​អង្គធាតុ​ធំៗ​ប៉ុណ្ណោះ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អង្គធាតុ​ល្អិតឆ្មារ​ដែល​កំពុង​ហោះវិលវល់​នៅ​ក្នុង​បរិយាកាស​ទេ។ អង្គធាតុ​ល្អិតឆ្មារ​ដែល​ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្រ្ត​ចាត់ទុក​ថា មាន​លក្ខណៈ​គ្រោះថ្នាក់​ខ្លំាង​ជាង​អង្គធាតុ​ធំៗ​ទៅ​ទៀត។

គឺ​ដោយ​យល់​ពី​ផលវិបាក​នៅ​ចំពោះ​មុខ​នេះ​ហើយ​បាន​ជា​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នំា ២០១១ មាន​អ្នកប្រើប្រាស់​អ៊ីនធ័រណែត​ចិន​រាប់លាននាក់​បាន​ស្នើ​រដ្ឋាភិបាល​របស់ខ្លួន​ឲ្យ​ផ្លាស់ប្តូរ​ពី​របៀប​វាស់វែង​អត្រា​ឧស្ម័នពុល​ក្នុង​បរិយាកាស​ដោយ​យក​គំរូ​តាម​ប្រព័ន្ធ​អាមេរិកំាង​វិញ។ ឥឡូវ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកំាង​បាន​យល់​ព្រម​ទទួល​យក​តាម​សំណើ​របស់​ប្រជាជន និង​សន្យា​ថា បើ​ប្រព័ន្ធ​អាមេរិកំាង​អាច​នឹង​អនុញ្ញាត​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​មែន​នោះ ខ្លួន​នឹង​យក​ទៅ​អនុវត្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត​នៅ​ទូទំាង​ប្រទេស។ នេះ​ពិត​ជា​សុឆន្ទៈ​ដ៏​ល្អ​មួយ​របស់​រដ្ឋាភិបាល​ចិន។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋអំណាច​នៅ​តាម​មូលដ្ឋាន​ចូល​រួម​កាត់​បន្ថយ​កំរិត​ឧស្ម័នពុល​នៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ១០% ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ឆ្នំា ២០១៥។

គួរ​ជម្រាបជូន​ថា មជ្ឈមណ្ឌល​ដែល​ដើរដោយ​ធ្យូងថ្ម និង​ដែល​អាច​ផ្តល់​ភ្លើង​អគ្គិសនី​ប្រមាណ​ជា ៧០% នៅ​ទូទំាង​ប្រទេស​នោះ គឺ​ជា​មជ្ឈមណ្ឌល​ដែល​បាន​ប្រើប្រាស់​ធ្យូងថ្ម និង​បាន​បញ្ចេញ​ឧស្ម័នកាបូនិច​ច្រើន​ជាង​គេ​នៅ​ក្នុង​លោក។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ខ្លួន​នឹង​បញ្ឈប់​ការ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ធ្យូងថ្ម និង​ដាក់​ជំនួស​មជ្ឈមណ្ឌល​ដើរ​ដោយ​នុយក្លេអ៊ែរ ឬ​មួយ​ក៏​ឧស្ម័នធម្មជាតិ​វិញ។

បើ​យោង​តាម​ក្រុមអ្នកឯកទេស គេ​ត្រូវ​ការ​ពេលវេលា​​យ៉ាង​តិច​ពី ២០ ទៅ ៣០ឆ្នំា ដើម្បី​អាច​ឲ្យ​ស្ថានការណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ