ចិនត្រៀមទប់ទល់នឹងវិបត្តិសង្គមដែលបណ្តាលមកពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្រ្តីកំពូលនៃគណបក្សកុម្មុយនិស្តចិនបានប្រាប់ទៅអាជ្ញាធរតាមបណ្តាខេត្តឲ្យប្រុងប្រៀបខ្លួន ដើម្បីទប់ទល់នឹងភាពចលាចលសង្គម ដែលអាចនឹងកើតឡើងដោយសារតែកំណើនសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ ដែលបានចុះផ្សាយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
នៅក្នុងត្រីមាសទី៣ (កក្កដា-កញ្ញា) ឆ្នាំ២០១១នេះ អត្រាកំណើនសេដ្ឋកិច្ចចិនបានធ្លាក់ចុះមកនៅត្រឹមតែ ៩,១% ប៉ុណ្ណោះ ពោលគឺ ០,៤% ទាបជាង កាលពីត្រីមាសទី២ ដែលមានរហូតដល់ទៅ ៩,៥%។
វិស័យឧស្សាហកម្ម ដែលជាកម្លាំងចលករដ៏ធំបំផុតនៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះដល់កម្រិតមួយទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅនេះ។ មូលហេតុ គឺមកពីការធ្លាក់ចុះនៃតម្រូវការទីផ្សារនៅអាមេរិក និងអឺរ៉ុប ដែលកំពុងជាប់ផុងក្នុងវិបត្តិ។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កូដកម្មទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើង នៅចិន ដោយសារតែកម្មកររោងចក្របាននាំគ្នាតវ៉ាប្រឆាំងនឹងការផ្តល់ប្រាក់ខែទាប និងការកាត់បន្ថយបុគ្គលិក។ កូដកម្មនៅតែបន្តកើតមាន នៅថ្ងៃចន្ទនេះ នៅរោងចក្រផលិតគ្រឿងអេឡិចត្រូនិកមួយ នៅសៀងហៃ។ ទាំងនេះហើយជាសញ្ញាអវិជ្ជមាន ដែលធ្វើឲ្យមេដឹកនាំបក្សកុម្មុយនិស្តចិនព្រួយបារម្ភខ្លាចមានវិបត្តិសង្គមផ្ទុះឡើង។
គួររំឭកឡើងវិញថា ក្រោយពីមានផ្ទុះវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ រដ្ឋាភិបាលចិនបានចាត់វិធានការមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យចេញពីវិបត្តិ។ វិធានការទាំងនោះពិតជាបានជួយឲ្យចិនចេញផុតពីវិបត្តិសេដ្ឋកិច្ចបានលឿនមែន ក៏ប៉ុន្ត វាក៏បានធ្វើឲ្យអត្រាអតិផរណាកើនឡើងខ្ពស់ដែរ។
ដោយបារម្ភខ្លាចការឡើងថ្លៃទំនិញបង្កឲ្យមានការតវ៉ាពីប្រជាជន អាជ្ញាធរចិនក៏បានរឹតបន្តឹងនយោបាយរូបិយវត្ថុ និងរឹតត្បិតចរន្តឥណទានមកវិញ ដើម្បីទប់ទល់នឹងបញ្ហាអតិផរណា។ អត្រាអតិផរណាក៏បានធ្លាក់ចុះមកវិញ កាលពីខែតុលា ក៏ប៉ុន្តែ វិធានការទាំងនេះក៏បានធ្វើឲ្យកំណើនសេដ្ឋកិច្ចត្រូវធ្លាក់ចុះមកវិញដែរ។
អាជ្ញាធរចិនត្រូវប្រឈមមុខនឹងបញ្ហា “ចុះទឹកក្រពើ ឡើងលើខ្លា”។ បើទុកបណ្តោយឲ្យមានអត្រាអតិផរណាខ្ពស់ ទំនិញឡើងថ្លៃ ក៏អាចបណ្តាលឲ្យមានវិបត្តិសង្គម។ បើសិនជាទាញអត្រាអតិផរណាឲ្យធ្លាក់ចុះមកវិញ វាធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ធ្វើឲ្យប្រជាជនបាត់បង់ការងារធ្វើ ហើយវាក៏អាចនាំទៅរកចលាចលសង្គមដូចគ្នា។
កាលពីថ្ងៃពុធ សប្តាហ៍មុន ធនាគារកណ្តាលចិនបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតឥណទានធនាគារឯកជនមកវិញ ចាប់ពីថ្ងៃចន្ទ ៥ ធ្នូ នេះតទៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបង្ហាញថា នៅពេលនេះ ការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចកំពុងតែធ្វើឲ្យចិនព្រួយបារម្ភខ្លាំងជាងបញ្ហាអតិផរណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ