ចិនតវ៉ាតាមផ្លូវទូតចំពោះប្រទេសដែលរិះគន់ជុំវិញការស្លាប់ជ័យលាភីណូបែលលីវស៊ាវប៉ូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចិនបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើការតវ៉ាតាមផ្លូវទូតជាផ្លូវការទៅកាន់ប្រទេសមួយចំនួន រួមមាន អាមេរិក បារាំង និងអាល្លឺម៉ង់ ព្រមទាំងទៅកាន់អ.ស.បផងដែរ ក្រោយពីពួកគេបានធ្វើការបរិហាររិះគន់រដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញការស្លាប់របស់ជ័យលាភីណូបែលសន្តិភាព លីវ ស៊ាវប៉ូ។ ចិនត្រូវរងការរិះគន់ខ្លាំងចំពោះរឿងបដិសេធមិនផ្តល់សេរីភាពពេញលេញឲ្យលីវ ស៊ាវប៉ូ អាចចេញទៅព្យាបាលជំងឺនៅបរទេសបាន ដោយទុកបណ្តោយរហូតដល់ស្លាប់។
“ចិនគឺជាអ្នកមានការទទួលខុសត្រូវធំបំផុតចំពោះការស្លាប់របស់លោកលីវ ស៊ាវប៉ូ” នេះគឺជាការលើកឡើងរបស់គណៈកម្មាធិការណូបែល នៅក្នុងសេចក្តីសេចក្តីថ្លែងការណ៍ ដែលបានបង្ហាញនូវការមិនសប្បាយចិត្តដែលចិនមិនបានផ្តល់ការព្យាបាលត្រឹមត្រូវ ហើយទុកបណ្តោយឲ្យជ័យលាភីណូបែលសន្តិភាពរូបនេះត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ស្លាប់បែបនេះ។
ការបរិហាររិះគន់ធ្ងន់ៗបែបនេះ ក៏មានដែរពីសំណាក់រដ្ឋាភិបាលអង់គ្លេស ដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេសបានលើកឡើងថា វាជាកំហុសឆ្គងដ៏ធំមួយ ដែលរដ្ឋាភិបាលចិនចចេសមិនព្រមអនុញ្ញាតឲ្យ លោក លីវ ស៊ាវប៉ូ ចេញទៅព្យាបាលជំងឺនៅបរទេស។ ដូចគ្នាដែរ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលរហូតមកទល់នឹងថ្ងៃពុធ គឺមួយថ្ងៃមុនលោក លីវ ស៊ាវប៉ូ ទទួលមរណភាព អាល្លឺម៉ង់នៅតែបន្តទាមទារដោយទទូចឲ្យចិនបង្ហាញនូវកាយវិកាមនុស្សធម៌ ហើយអនុញ្ញាតឲ្យលោក លីវ ស៊ាវប៉ូ ចេញទៅព្យាបាលជំងឺនៅអាល្លឺម៉ង់។
លោកស្រីអង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានលើកសរសើរផងដែរ ដល់លោក លីវ ស៊ាវប៉ូ ដោយបានចាត់ទុកលោកថាជា “វីរបុរស” នៃប្រជាធិបតេយ្យ និងជាអ្នកតស៊ូប្រកបដោយភាពក្លាហានក្នុងការការពារសិទ្ធិមនុស្ស។
លោកអាន់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអ.ស.បវិញ បានត្រឹមតែសម្តែងនូវភាពសោកសៅ និងការចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារ តែលោកមិនបានរិះគន់ចិនចំពោះការមិនអនុញ្ញាតឲ្យលោកលីវ ស៊ាវប៉ូ ចេញទៅព្យាបាលនៅបរទេសនោះទេ។ ដូចគ្នាដែរ ចំពោះប្រធានាធិបតីបារាំង និងអាមេរិក ដែលនៅជាមួយគ្នាពេញមួយថ្ងៃ កាលពីម្សិលមិញ តែមិនបញ្ចេញយោបល់អ្វីទាំងអស់ជុំវិញការស្លាប់របស់លោក លីវ ស៊ាវប៉ូ។ ផ្ទុយទៅវិញ ទាំងរដ្ឋមន្រ្តីការបរទេសបារាំង និងរដ្ឋមន្រ្តីការបរទេសអាមេរិក សុទ្ធតែបានទាមទារឲ្យចិនធានាឲ្យបាននូវសិទ្ធិសេរីភាពពេញលេញ ចំពោះភរិយា និងសាច់ញាតិរបស់លោកលីវ ស៊ាវប៉ូ។
ប្រឈមមុខនឹងការទាមទារ និងការរិះគន់អស់ទាំងនេះ ចិនបានឆ្លើយតបវិញដោយកំហឹង ដោយបានបញ្ជាក់សាជាថ្មីម្តងទៀតថា ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលប្រទេសដទៃមិនត្រូវលូកដៃចូលមកជ្រៀតជ្រែក។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបរិហាររិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះគណៈកម្មាធិការណូបែល ដោយបានលើកឡើងថា ការសម្រេចផ្តល់រង្វាន់ណូបែលសន្តិភាព ដល់មនុស្សដូចជាលោកលីវ ស៊ាវប៉ូ វាគឺជាការធ្វើផ្ទុយនឹងគោលដៅនៃពានរង្វាន់ណូបែល ហើយវាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយចំពោះពានរង្វាន់នេះ។
ក៏ប៉ុន្តែ អតីតប្រធានគណៈកម្មាធិការណូបែលបានឆ្លើយតបមកវិញថា ការតស៊ូដើម្បីសិទ្ធិមនុស្ស គឺជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីសន្តិភាព ដែលសក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ