អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ចង់​យក ​BRICS ​ធ្វើជា​តុល្យភាព​អំណាច​ទល់នឹង​លោក​ខាងលិច

សំឡេង ០៦:២៩
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា​ជួបគ្នា នៅ​មុនពេល​បើក​ជំនួបកំពូល BRICS នៅ​ប្រេស៊ីល
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា​ជួបគ្នា នៅ​មុនពេល​បើក​ជំនួបកំពូល BRICS នៅ​ប្រេស៊ីល AFP PHOTO/PIB
ដោយ៖ សេង ឌីណា

ប្រមុខដឹកនាំ​ប្រទេស របស់​ BRICS បាន​ចាប់បើក​ធ្វើ​ជំនួបកំពូល​ប្រចាំឆ្នាំ​របស់​ខ្លួន នៅថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ជំនួបកំពូល​នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការ​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដើម្បី​​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ធនាគារ​ពិភពលោក និង​រូបិយវត្ថុ​រូបិយវត្ថុ​អន្តរជាតិ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ខាងលិច។

ផ្សាយពាណិជ្ជកម្ម

​ក្រុម​ប្រទេស BRICS មាន​ប្រទេស​សមាជិក​ចំនួន ៥ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង (Brazil, Russia, India, China, South Africa)។ ប្រទេស​ទាំង ៥​នេះ សុទ្ធសឹង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ តែ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន ដែល​ពេលខ្លះ គេឲ្យឈ្មោះ​ថា ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ជំនាន់​ថ្មី។ ក្រុមប្រទេស​ BRICS មាន​ចំនួន​ប្រជាជន​ប្រមាណ​ជា ៤០% នៃ​ប្រជាជន​សរុប​នៅលើ​ពិភពលោក ហើយ​មាន​​ផលិតផល​ក្នុងស្រុកសរុប​ប្រហែល​ជា ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅលើ​ពិភពលោក។

សក្តានុពល​សេដ្ឋកិច្ច​នេះ កំពុងតែ​ធ្វើ​ឲ្យ​ BRICS ក្លាយ​ជា​ប្លុក​​ដែល​មាន​ឥទ្ធិពល ទាំង​ខាង​សេដ្ឋកិច្ច និង​នយោបាយ​ការទូត ​​នៅលើ​ឆាក​អន្តរជាតិ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន​រំពឹង​ថា BRICS អាច​នឹង​ជា​​តុល្យភាព​អំណាច​ ជាមួយ​នឹង​​ប្រទេស​លោកខាងលិច ជាពិសេស ទល់នឹង​ក្រុ​ម​ប្រទេស G7។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ BRICS ក៏​មិនទាន់​ក្លាយ​ជា​ប្លុក​ ដែល​មាន​ការ​រួបរួមគ្នា​ជា​ធ្លុងមួយ​នៅឡើយដែរ ដោយ​ប្រទេស​ជា​សមាជិក​​ខ្លះ នៅ​តែ​មិនទាន់​មាន​ការទុកចិត្ត​គ្នា ហើយ​នៅ​មាន​ការ​ប្រជែងគ្នា រវាង​គ្នា​ឯងនៅឡើយ ជាពិសេស រវាង​ចិន ឥណ្ឌា និង​រុស្ស៊ី ដែល​មិនសូវ​​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹង​គ្នា។
 
នៅ​ក្នុង​ជំនួបកំពូល នៅ​ក្នុង​ប្រទេស​ប្រេស៊ីល រយៈពេល ២ថ្ងៃ​នេះ ក្រុម​ប្រទស BRICS ផ្តោត​ទៅលើ​ប្រធានបទ​ដ៏​សំខាន់​មួយ គឺ​ការ​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​រួមគ្នា។ ស្ថាប័ន​ហិរញ្ញវត្ថុ ដែលគេ​កំពុងរៀបចំ​បង្កើត​នៅពេលនេះ មាន​ ២ គឺ​ ​ធនាគារ​អភិវឌ្ឍ ដែល​មាន​ដើមទុន ៥០ពាន់​លាន​ដុល្លារ (ប្រទេស​នីមួយៗ​ចូលរួម​វិភាគទាន​ក្នុង​ចំណែក​ស្មើៗគ្នា គឺ ១០ពាន់​លាន​ដុល្លារ​ម្នាក់) និង​​​មូលនិធិ​ទុនបម្រុង ដែល​អាច​មាន​ទុន​រហូត​ដល់​ទៅ ១០០ពាន់​លាន​ដុល្លារ ដោយ​ភាគច្រើន​បាន​ពី​ចិន។

ក្រុម​ប្រទេស BRICS ចង់​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងពីរ​នេះ​ឡើង ដើម្បី​ជា​ប្រភព​ហិរញ្ញវត្ថុ​ ​ជួយដល់គម្រោង​​​អភិវឌ្ឍ​របស់​ប្រទេស​សមាជិក ជាពិសេស ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ជា​ទុនបម្រុង​មួយ ដើម្បី​ទុក​ជួយ​ប្រទេស​សមាជិក ក្នុងករណី​មាន​វិបត្តិ​ហិរញ្ញវត្ថុ។ បើ​និយាយ​ឲ្យ​ចំ ក្រុមប្រទេស BRICS ចង់​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​ពឹងផ្អែក​ខ្លាំង​លើ​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ពីព្រោះ គេ​យល់ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​ទាំងពីរ​នេះ ស្ថិត​ក្រោម​អំណាច​របស់​ប្រទេស​លោកខាង​លិច។

ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​ BRICS មាន​ប្រទេស​​ខ្លះ ជាពិសេស ឥណ្ឌា កំពុង​មាន​ការ​បារម្ភ​ខ្លាច​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់ BRICS នេះ​​នឹង​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន ហើយ​​ចិន​អាច​នឹង​យក​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ សូម្បី​តែ​​ការ​កំណត់​​ទីតាំង​ដែល​ត្រូវ​យក​ទៅ​ធ្វើ​ជា​ទីស្នាក់ការ​កណ្តាល​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ BRICS នេះ ក៏​ជា​បញ្ហា​ចម្រូងចម្រាសមួយ​ដែរ ដោយ​ចិន និង​រុស្ស៊ី ចង់​យក​ទីក្រុង​សៀងហៃ​ជា​ទីស្នាក់ការ ក៏ប៉ុន្តែ ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង​ជំទាស់។ ការខ្វែង​គំនិត​គ្នា​នឹង​ត្រូវ​ប្រមុខដឹកនាំ​ BRICS យក​ទៅ​ជជែក នៅ​ក្នុង​ជំនួបកំពូល​​នៅ​ប្រេស៊ីល ដើម្បី​ស្វែងរក​ជំហរ​រួមគ្នា​។

បើ​យោងតាម​ប្រេស៊ីល​ដែល​ជា​ម្ចាស់ផ្ទះ បញ្ហា​សំខាន់​មួយ​ទៀត​ក៏​ប្រហែល​ជា​នឹង​ត្រូវ​លើកឡើង ក្នុង​ជំនួបកំពូល​នេះ​ដែរ គឺ​វិបត្តិ​នៅ​អ៊ុយក្រែន ពីព្រោះ​ថា វិបត្តិ​អ៊ុយក្រែន​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី ដែល​ជា​​សមាជិករបស់​ BRICS។
 
ជាទូទៅ គេ​សង្កេតឃើញ​ថា ប្រទេស BRICS ច្រើន​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​វិបត្តិ​អ៊ុយក្រែន ហើយ​ជំហរ​អព្យាក្រឹត្យ​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ នៅ​ក្នុងការ​បោះឆ្នោត​នៅ​អ.ស.ប កាល​ពី​ពេល​កន្លងមក។ ទាំង​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ និង​ទាំង​នៅ​ក្នុង​មហាសន្និបាត​អ.ស.ប ចិន ឥណ្ឌា ប្រេស៊ីល និង​អាហ្វ្រិក​ខាង​ត្បូង សុទ្ធតែ​បាន​នាំគ្នា​បោះឆ្នោត​អនុប្បវាទ ទៅលើ​​សេចក្តីសម្រេច​​ប្រឆាំង​នឹង​ការណ៍​ដែល​រុស្ស៊ី​កាត់យក​តំបន់​គ្រីមេ​ពី​អ៊ុយក្រែន។

លើសពីនេះ​ទៅទៀត ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន ប្រទេស BRICS តែងតែ​បង្ហាញ​ជំហរ​ជំទាស់​ទៅនឹង​ទណ្ឌកម្មរបស់​ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ទៅលើ​រុស្ស៊ី ហើយ​បដិសេធ​មិនព្រម​ចូលដៃ​ជាមួយ​ប្រទេស​លោកខាងលិច ដើម្បី​ដាក់​ឲ្យ​រុស្ស៊ី​ស្ថិត​ក្នុង​ភាព​ឯកោ​ខាង​ការទូត។

សម្រាប់​លោក​ពូទីន ជំនួបកំពូល BRICS នៅ​ពេលនេះ មាន​សារៈសំខាន់​ជាងពេល​ណាៗ​ទាំងអស់ ពីព្រោះ​ថា ជំនួបកំពូល​នេះ​ គឺ​ជា​វេទិកា​មួយ ដែល​អាច​ឲ្យ​លោក​ពូទីន​ចំអក​ទៅ​ប្រទេស​លោកខាង​លិច​ ដែលទើបនឹង​​បាន​ផាត់​រុស្ស៊ី​ចេញ​ពី ក្រុម G8 ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ