ចិន-អាស៊ី

មេដឹកនាំ​កងទ័ព​ចិន​ប្រកាស​ថា​នឹង​បន្ត​ពង្រាយ​នាវាល្បាត​នៅក្នុង​សមុទ្រ​ជាប់ជម្លោះ

ឧត្តមសេនីយ៍ ឈី ជៀនហ្គួ (Qi Jianguo) នាយរង​សេនាធិការ​កងទ័ព​​ចិន ថ្លែង​នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ថ្ងៃទី២ មិថុនា ២០១៣
ឧត្តមសេនីយ៍ ឈី ជៀនហ្គួ (Qi Jianguo) នាយរង​សេនាធិការ​កងទ័ព​​ចិន ថ្លែង​នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ថ្ងៃទី២ មិថុនា ២០១៣ REUTERS/Edgar Su

មន្រ្តី​ជាន់ខ្ពស់​នៃ​កងទ័ព​ចិន​បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​នេះថា នាវាល្បាត​ដែន​សមុទ្រ​របស់​ចិន​នឹង​នៅតែ​បន្ត​ល្បាត នៅ​ក្នុង​តំបន់ ដែល​ចិន​ទាមទារ​អធិបតេយ្យភាព។ ការប្រកាស​បែបនេះ​បាន​ធ្វើឡើង នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី Shangri-La នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ វេទិកា ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មេដឹកនាំយោធា​មក​ពី​អាមេរិក និង​មក​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​នឹង​ចិន​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សុន្ទរកថា នៅ​ចំពោះ​មុខ​មន្រ្តី​យោធា​មក​ពី​បណ្តា​ប្រទេស​​មួយ​ចំនួន មក​ពី​អាមេរិក និង​អាស៊ី​ ​ឧត្តមសេនីយ៍ ឈី ជៀនហ្គួ (Qi Jianguo) នាយរង​សេនាធិការ​នៃ​កងទ័ព​ជើងគោកចិន​បាន​លើកឡើង​ថា ចិន​មិនដែល​ប្រកាន់​យក​នយោបាយ​វាតទី​ទឹកដី ឬ​ប្រើ​កម្លាំង​ទ័ព ដើម្បី​ឈ្លានពាន​ប្រទេស​ដទៃ​នោះទេ។

ក៏ប៉ុន្តែ នៅ​ក្រោយ​សុន្ទរកថា​នេះ ប្រតិភូ​យោធា​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La នេះ​ដែរ​បាន​​លើកឡើង​ថា តាមការ​សង្កេតជារួម ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ហាក់ដូចជា​មិនសូវ​ទុកចិត្ត​ចំពោះ​ឆន្ទៈ​ពិតប្រាកដ​របស់​ចិន​នោះទេ ដោយសារ​តែ​គេ​បាន​សង្កេត​ឃើញ​​ថា​ ចិន​បាន​បង្កើន​សកម្មភាព​កងទ័ព​ជើងទឹក​របស់​ខ្លួន​កាន់តែ​ខ្លាំង នៅ​ក្នុង​តំបន់ ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​នឹង​ប្រទេស​ជិតខាង។

​ឆ្លើយតប​ទៅនឹង​ការ​លើកឡើងនេះ ឧត្តមសេនីយ៍ ឈី ជៀនហ្គួ លើកឡើង​ថា “ចិន​តែងតែ​ប្រកាន់​នូវ​ជំហ​មួយច្បាស់លាស់ ចំពោះ​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ថា តំបន់​ទាំងអស់​នេះ​ស្ថិត​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​ចិន ដោយ​មិន​អាច​ប្រកែកបាន។ ដូច្នេះ ការ​ដែល​ចិន​ដាក់ពង្រាយនាវាចម្បាំង ឬ​នាវាល្បាត​ដែន​សមុទ្រ នៅ​ក្នុង​តំបន់​អស់ទាំងនេះ វា​គឺ​ជា​រឿង​ត្រឹមត្រូវស្របច្បាប់ ដែល​មិនគួរ​​ជា​បញ្ហា​ចម្រូងចម្រាសអ្វី​នោះទេ”

គួរបញ្ជាក់ឡើងវិញ​ថា នៅ​ក្នុង​សមុទ្រចិន​ខាង​កើត ចិន​កំពុង​ជាប់ជម្លោះ​ជាមួយ​នឹង​ជប៉ុន ជុំវិញ​ប្រជុំកោះ​​ដែល​ជប៉ុន​ហៅ​ថា សេនកាគូ ហើយ​ចិន​ហៅ​ថា ទៀវយូ។ ប្រជុំកោះ​ដែល​បច្ចុប្បន្ន ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ជប៉ុន ក៏ប៉ុន្តែ ចិន​កំពុង​ទាមទារ ហើយ​តែងតែ​បញ្ជូន​នាវាល្បាត​ចូល​ទៅ​ក្បែរ​ប្រជុំកោះ​នេះ។

ចំណែក​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​វិញ ចិន​ប្រកាស​យក​​តំបន់​នេះ​ស្ទើរតែ​ទាំងមូល ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន ក្នុង​ពេល​ដែល​ប្រទេស ៤ផ្សេងទៀត នៅ​ក្នុង​តំបន់​អាស៊ាន គឺ​វៀតណាម ហ្វីលីពីន ព្រុយណេ និង​ម៉ាឡេស៊ី ទាមទារ​ដែនសមុទ្រ​នេះ​មួយផ្នែក គឺ​ផ្នែក ដែល​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​របស់​ពួកគេ។

ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ​ទាំងនេះ ក៏​តែងតែ​បង្ក​ភាព​តានតឹង​ផងដែរ រវាង​ចិន និង​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ប្រទេស​ជាប់ជម្លោះ​ជាមួយចិន ដូចជា ជប៉ុន និង​ហ្វីលីពីន ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI