អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​កំពុង​ក្លាយជា​ប្រទេស​នាំចូល​ប្រេង​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក

សំឡេង ០៣:៥៥
តម្រូវការ​ប្រេងឆៅ នៅ​ក្នុង​ប្រទេស​ចិន​ បាន​កើនឡើងដល់ ១៣លាន​ធុង ក្នុងមួយថ្ងៃ
តម្រូវការ​ប្រេងឆៅ នៅ​ក្នុង​ប្រទេស​ចិន​ បាន​កើនឡើងដល់ ១៣លាន​ធុង ក្នុងមួយថ្ងៃ Getty Images/Photo 24/Brand X Pictures
ដោយ៖ សេង ឌីណា
២៦ នាទី

ចាប់ពី​ខែ​តុលា​នេះ​តទៅ ចិន​នឹង​​ក្លាយទៅ​​ជា​ប្រទេស​ដែ​ល​នាំ​ចូល​ប្រេង​ច្រើន​ជាងគេ​បង្អស់ នៅលើ​ពិភពលោក។ ចំណាត់ថ្នាក់ ដែល​រហូត​មក​ទល់​នឹង​ពេលនេះ កាន់កាប់​ដោយ​សហរដ្ឋ​អាមេរិក។ ការ​ប្រែប្រួល​នៃ​ទីផ្សារ​ប្រេងអន្តរជាតិ​នេះ​​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ផងដែរ ទៅដល់​ភូមិសាស្រ្តនយោបាយ​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

 

សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ច្រើន​ជាង​គេ​ នៅលើ​ពិភពលោក។ ចំណែក​ចិន​វិញ ស្ថិត​នៅ​លំដាប់ទីពីរ។ ក៏ប៉ុន្តែ បើ​និយាយ​ពី​​ចំណាត់ថ្នាក់​​នៃ​ការ​នាំចូលប្រេង​វិញ ចិន​នឹងឡើង​ហួស​​អាមេរិក ចាប់ពីខែ​តុលា​ខាងមុខ​នេះ​តទៅ។

យោងតាម​ការិយាល័យស្ថិតិថាមពល​អាមេរិក (Energy Information Administration) ការប្រែប្រួល​ ក្នុង​ចំណាត់ថ្នាក់​ប្រទេស​នាំចូលប្រេង​នេះ កើតមានឡើង ដោយសារ​តែ​តម្រូវការ​ប្រេង​នៅ​ចិន​ចេះតែ​មាន​ការ​កើនឡើង​ឥតឈប់ឈរ ចំណែក​នៅ​ឯ​សហរដ្ឋ​អាមេរិក​វិញ តម្រូវការ​ប្រេង​នៅ​ទ្រឹង​មួយកន្លែង ឬ​ក៏​អាច​ធ្លាក់​ចុះ ហើយ​ក្នុង​ពេល​ជាមួយគ្នា ការ​ផលិតប្រេង​ក្នុង​ស្រុក​អាមេរិក​មាន​ការ​កើនឡើង។

តម្រូវការ​ប្រេងឆៅ នៅ​ចិន មាន​ប្រមាណ​ជាជាង ១១លាន​ធុង ក្នុងមួយថ្ងៃ ទាប​ជាង​អាមេរិក ដែល​មាន​រហូតដល់​ទៅ​ ១៨លាន ៧សែន​ធុង ក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ អាមេរិក​អាច​បូមប្រេងឆៅ​ខ្លួន​ឯង​មក​ប្រើ​ប្រាស រហូតដល់​ទៅ ១៣លាន​ធុង ក្នុងមួយថ្ងៃ ឯ​ចិនវិញ ផលិត​ប្រេង​ឆៅ​ខ្លួនឯង​បាន​តែប្រមាណ​ជា ៣លាន​ធុង​តែ​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

បើនិយាយ​ឲ្យ​ងាយស្តាប់ អាមេរិក​មាន​តម្រូវការ​ប្រេង​ខ្ពស់​ដែរ ក៏ប៉ុន្តែ អាច​បូមប្រេង​ខ្លួនឯង​​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​​បានច្រើន ដូច្នេះ អាច​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ពី​បរទេស។ ចំណែកចិនវិញ តម្រូវការ​ប្រេង​ក៏​កើនឡើង​ខ្លាំង ក៏ប៉ុន្តែ មិនមានជង្រុកប្រេង​ច្រើន​ដូច​នៅ​អាមេរិក ដូច្នេះ ចិន​ត្រូវ​បង្កើន​ការ​នាំចូល​ប្រេង​ពី​បរទេស។

តាមការ​សង្កេតជារួម តាំងពីដើម​មក គេឃើញ​ថា ប្រេងកាត និង​ភូមិសាស្រ្ត​នយោបាយ​​ពិភពលោក​ មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ស្អិតល្មួត។ ដូច្នេះ នៅ​ពេល​ដែល​ផ្គត់ផ្គង់ និង​តម្រូវការ​ប្រេង​មាន​ការ​ប្រែប្រួល វា​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​ដែរ។

ការប្រែប្រួល​នេះ​អាច​ជា​ដំណឹង​ល្អ​មួយ សម្រាប់​អាមេរិក ពីព្រោះ​ថា ម្យ៉ាង ការ​កាត់បន្ថយ​ការ​នាំប្រេង​ពី​បរទេស អាច​ជួយ​ឲ្យ​អាមេរិក​កាត់បន្ថយ​ឧនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ខ្លួន ហើយ​ម្យ៉ាងទៀត អាមេរិក​ក៏​​អាច​កាត់បន្ថយផងដែរ​​ការ​ពឹងផ្អែក​លើ​​ការនាំប្រេង​ពី​បរទេស ជាពិសេស ពី​តំបន់​មជ្ឈិមបូព៌ា ដែល​ជា​តំបន់​សម្បូរ​ប្រេង ក៏​ប៉ុន្តែ សម្បូរ​បញ្ហា​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ។

គេ​ឃើញ​ថា ក្នុង​រយៈពេល​​​ប៉ុន្មាន​ទសវត្សរ៍កន្លង​ទៅនេះ ក្នុង​ពេល​ដែល​អាមេរិក​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំប្រេង​ពី​មជ្ឈិមបូព៌ា ​អាមេរិក​បាន​ចំណាយ​ទាំង​អាយុជីវិត ទាំង​​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រក្សា​សន្តិសុខ​ និង​ដើម្បី​គ្រប់គ្រង​អណ្តូង​ប្រេង​នៅ​ក្នុង​តំបន់​នេះ ព្រម​ទាំង​រក្សា​​សន្តិសុខ​តាម​ផ្លូវ​សមុទ្រ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ និង​ការ​ដឹកជញ្ជូន​ប្រេង ពី​ឈូងសមុទ្រ​ពែរស៍ ទៅកាន់​ទីផ្សារ​អន្តរជាតិ។

អ្នកជំនាញម្នាក់ ​នៃ​មជ្ឈមណ្ឌល​សិក្សា​ខាង​ផ្នែក​យុទ្ធសាស្រ្ត និង​កិច្ចការ​អន្តរជាតិ (Center for Strategic and International Studies) បាន​លើកឡើង​ថា នៅ​ពេល​ដែល​អាមេរិក​កំពុង​តែ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការនាំប្រេង​ពី​មជ្ឈិមបូព៌ា ​អាមេរិក​គួរ​តែ​ឆ្លៀត​ក្នុង​ឱកាស​នេះ​​ធ្វើការ​គិតគូរ​ឡើង​វិញ អំពី​គោលនយោបាយ​ការបរទេស និង​យុទ្ធសាស្រ្ត​រយៈពេល​វែង​របស់​ខ្លួន នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

នៅពេលនេះ អ្នក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំប្រេង​ពី​មជ្ឈិមបូព៌ា គឺ​ចិន។ ដូច្នេះ ចិន​នឹង​ត្រូវ​ចូលរួម​ចំណែក ចែករំលែក​កម្លាំង និង​ការ​ចំណាយ ក្នុងការ​រក្សា​សន្តិសុខ​ នៅ​ក្នុង​តំបន់​នេះ។

ក៏ប៉ុន្តែ នៅ​ក្នុង​បរិបទ​ថ្មី​នេះ ការប្រកួតប្រជែងគ្នា​ក៏​អាច​កើតមាន​ខ្លាំង​ដែរ រវាង​ចិន និង​អាមេរិក ដើម្បី​ត្រួតត្រា​តំបន់​ជា​ជង្រុក​ប្រេង​ដ៏សម្បើម​មួយនេះ។ ការប្រកួតប្រជែង ដែល​អាច​នឹង​ឈាន​ទៅបង្ក​ជា​វិវាទ។

ម្យ៉ាងទៀត ការ​ដែល​ចិន​មាន​ការ​ពឹងផ្អែក​កាន់តែ​ខ្លាំង លើ​ការ​នាំចូល​ប្រេង​ពី​បរទេស ក៏​អាច​នឹង​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​ផងដែរ ដល់​វិស័យ​ការទូត​អាមេរិក និង​សម្ព័ន្ធមិត្ត។ រហូត​មកទល់​នឹង​ពេលនេះ គេ​បាន​សង្កេតឃើញ​រួចជា​ស្រេច​ទៅហើយ​ថា ដើម្បី​ធានា​ការ​ផ្គត់ផ្គង​ប្រេង​របស់​ខ្លួន​ ចិន​បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយចំនួន ដូចជា អ៊ីរ៉ង់ ដែល​កំពុង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ វេណេស៊ុយអេឡា ដែល​ជា​គូសត្រូវ​របស់​អាមេរិក និង​ស៊ូដង់​ ដែល​មេដឹកនាំ​កំពុង​ស្ថិត​ក្រោម​ការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយ​មាន​ទាំង​​​ដីកា​ចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ​ទៀតផង។

លើសពីនេះ​ទៅទៀត នៅពេល​ណា​ដែល​ចិន​ទិញប្រេង​ពី​បរទេស​កាន់តែ​ច្រើន ឥទ្ធិពល​របស់​ចិន ទៅលើ​បណ្តា​ប្រទេស​ផលិត​ប្រេង​ក៏​មានការ​កើនឡើង ហើយ​ចិន​​ក៏​នឹង​ក្លាយ​ទៅជា​តួអង្គ​ដ៏មាន​ឥទ្ធិពល​ខ្លាំង​ផងដែរ ទៅលើ​តម្លៃ​ប្រេង នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ