កូរ៉េខាងជើង

ចិន​ឈប់​រាំងខ្ទប់​របាយការណ៍​ជុំវិញ​សកម្មភាព​ខុសច្បាប់​របស់​កូរ៉េ​ខាង​ជើង

(Photo: UN)

ក្រោយ​ពី​បាន​ជំទាស់​​អស់​រយៈពេល​ជិត​៦ខែ​មក នៅ​ពេលនេះ ចិន​​ឈប់​រារាំង​មិន​ឲ្យ​យក​របាយការណ៍​ស្តីពី​សកម្មភាព​ខុសច្បាប់​របស់​ កូរ៉េ​ខាង​ជើង​ ដាក់​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ​ទៀត​ហើយ។ ដោយ​គ្មាន​ការ​ជំទាស់​ពី​ចិន របាយការណ៍​នេះ​ត្រូវ​បាន​ដាក់​ជូន​​​​ជា​ផ្លូវការ​ទៅ​ឲ្យ​ ក្រុមប្រឹក្សាសន្តិសុខ​ ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ទទួលបន្ទុក​តាមដាន​ការ​អនុវត្ត​ទណ្ឌកម្ម​​ដែល​ដាក់​លើ​កូរ៉េ​ខាងជើង បាន​រៀបចំ​របាយការណ៍​មួយ ដែល​បង្ហាញ​អំពី​​ការ​ជាប់ពាក់ព័ន្ធ​របស់​កូរ៉េ​ខាងជើង ក្នុង​កម្មវិធី​មីស៊ីល​រយៈចម្ងាយឆ្ងាយ និង​មីស៊ីល​​នុយក្លេអ៊ែរ​​ខុសច្បាប់ របស់​បណ្តា​ប្រទេស​មួយចំនួន ដូចជា ស៊ីរី អៀរ៉ង់ និង​ភូមា។

របាយការណ៍​នេះ​ត្រូវ​ដាក់​ជូន​អង្គប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដើម្បី​ពិនិត្យ​ និង​សម្រេច តាំង​ពី​ជិត ៦ខែ​មុន​ម៉្លេះ ក៏ប៉ុន្តែ ​ត្រូវ​ជាប់គាំង​ មិន​អាចធ្វើ​ទៅបាន ដោយ​សារតែ​មាន​ការ​ជំទាស់​ពី​សំណាក់​​ចិន ដែល​ជា​សមាជិក​អចិន្រ្តៃយ៍។ នេះ​បើ​យោងតាម​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) ដែល​បាន​ដកស្រង់​សម្តី​របស់​មន្រ្តី​ការទូត​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ។

កាល​ពី​ថ្ងៃ​សុក្រ ទី៥ វិច្ឆិកា ២០១០ កន្លងទៅនេះ នៅពេល​ដែល​របាយការណ៍​ត្រូវ​បាន​គេ​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​សាជាថ្មី​ទៀត​នោះ ស្រាប់​តែ​ចិន​​នៅ​ស្ងៀម លែង​ជំទាស់​តទៅទៀត។ ដូច្នេះ របាយការណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ដាក់​ជូន​ជាផ្លូវការ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បី​ពិនិត្យ។ របាយការណ៍​នេះ​ក៏​ត្រូវ​បាន​ចុះផ្សាយ​ជាផ្លូវការ នៅលើ​វែបសៃត៍​របស់​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ផងដែរ។

គេ​មិនដឹង​ច្បាស់​អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​ជំរុញ​ឲ្យ​ចិន​បញ្ឈប់ការ​រារាំង​របាយការណ៍​ ស្តីពី​កូរ៉េ​ខាងជើង​នេះ​ទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក្តី មន្រ្តីការទូត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ឲ្យដឹង​ថា ចិន​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​យក​របាយការណ៍​នេះ​ មកធ្វើ​ជា​សំអាង ដើម្បី​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI