ចិន

ចិន​សន្យា​ដំឡើង​ថ្លៃ​រូបិយប័ណ្ណ៖ ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ ឬ​សម្ពាធ​បរទេស?

តម្លៃ​លុយ​យ័ន គឺ​ជា​ចំណូច​ចម្រូងចម្រាស់​ដ៏ធំមួយ​រវាង​ចិន​និង​អាមេរិក
តម្លៃ​លុយ​យ័ន គឺ​ជា​ចំណូច​ចម្រូងចម្រាស់​ដ៏ធំមួយ​រវាង​ចិន​និង​អាមេរិក ©Reuters

កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី១៩ មិថុនា ២០១០​នេះ ធនាគារ​កណ្តាល​ចិន​បាន​​ប្រកាស​សន្យា​ថា​នឹង​​ដំឡើង​​ថ្លៃ​លុយ​យ័ន​ឲ្យ​ ត្រូវ​នឹង​តម្លៃ​ទីផ្សារ។ សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឡើង តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុន​ពេល​ចាប់​បើក​ជំនួបកំពូល​ក្រុម G20 នៅ​កាណាដា នៅ​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ។ ការ​ដំឡើង​ថ្លៃ​លុយ​យ័ននេះ នឹង​ផ្តល់​ចំណេញ​ដល់​សេដ្ឋកិច្ច​ចិន ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​អាច​នឹង​ត្រូវ​ទទួល​រងនូវ​ការរិះគន់​ថា​ចុះញ៉ម​នឹង​ការ​ដាក់ ​សម្ពាធ​ពី​បរទេស។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

ជាច្រើន​ឆ្នាំ​មកហើយ ដែល​រដ្ឋាភិបាល​ចិន​លូកដៃចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​ទប់​លុយ​យ័ន​ឲ្យ​នៅ​ទាប​ធៀប​នឹង​លុយ​ដុល្លារ។ គោលដៅ គឺ​ដើម្បី​ជំរុញ​ការ​នាំ​ទំនិញ​ចិន​ទៅ​ក្រៅ​ប្រទេស។ សហរដ្ឋ​អាមេរិក ព្រមទាំង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​របស់​ចិន តែងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ដក​ដៃ​ ទុក​ឲ្យ​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ឡើង​ថ្លៃ​តាម​តម្លៃ​ទីផ្សារ។ ក៏ប៉ុន្តែ ជារឿយៗ រដ្ឋាភិបាល​ចិន​តែងតែ​បដិសេធ។

នៅ​ក្នុង​សប្តាហ៍នេះ សម្ពាធ​លើ​រដ្ឋាភិបាល​ ស្តីពី​តម្លៃ​លុយ​យ័ន ក៏​ចាប់​កើន​ឡើង​វិញ​ម្តង​ទៀត ដែល​​ធ្វើ​ឲ្យ​គេ​ព្យាករ​ថា ការប៉ះទង្គិចគ្នា​អាច​នឹង​កើត​មាន​​ នៅ​ក្នុង​ជំនួបកំពូល G20 នៅ​កាណាដា ពីថ្ងៃ​ទី២៥-២៧ មិថុនា ខាងមុខ។ ក៏ប៉ុន្តែ ការប៉ះទង្គិចគ្នា​នេះ​អាច​នឹង​ត្រូវ​បញ្ចៀស​បាន​មួយ​គ្រា ក្រោយ​ពី​ចិន​បាន​សន្យា​​ផ្លាស់ប្តូរ​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ទៅតាម​ការ​ទាមទារ​​របស់​ប្រទេស​ជាដៃគូ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​ ម្សិលមិញ ធនាគារ​កណ្តាល​ចិន​បាន​លើក​ឡើង​ថា ការ​សម្រេច​ផ្លាស់ប្តូរ​នយោបាយ​​រូបិយវត្ថុ​ នៅពេលនេះ គឺ​មក​ពី​ស្ថានភាព​សេដ្ឋកិច្ច​ចិន​​តម្រូវ​ឲ្យ​ធ្វើ​កំណែទម្រង់​នយោបាយ​នេះ។ ជាការពិត​ថា ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ ដែល​មាន​អត្រាខ្ពស់​ជ្រុល ហើយ​អត្រា​អតិផរណា​ក៏​ចេះតែ​កើនឡើង​ឥតឈបឈរ ការដំឡើង​ថ្លៃ​លុយ​យ័ន​គឺ​ជា​មធ្យោបាយ​ល្អ​មួយ​​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ចិន​ធ្លាក់​ក្នុង​វិបត្តិ​អតិផរណា។ ក៏ប៉ុន្តែ ការ​សម្រេច​ដំឡើង​ថ្លៃ​លុយយ័ន នៅ​ពេល​ដែល​មាន​សម្ពាធ​ពីរបរទេស​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ត្រូវ​ទទួល​រង​នូវការ​រិះគន់​ថា​ចុះញ៉ម​ចាញ់​សម្ពាធ​បរទេស ជាពិសេស ចាញ់​សម្ពាធ​សហរដ្ឋ​អាមេរិក។

បណ្តា​មេដឹកនាំ​​មួយចំនួន រួមមាន​ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ជាដើម សុទ្ធតែ​បាន​ថ្លែងអបអរ​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ចិន​នេះ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​​ហាក់​បង្ហាញ​នូវ​ភាព​ប្រយ័ត្ន​ប្រយែង​ ចំពោះ​ដំណឹង​ល្អ​មួយនេះ។ លោក​ធីម៉ូធី ហ្កៃត៍ណឺ (Timothy Geithner) បាន​ថ្លែងថា សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​​ផ្លាស់ប្តូរ​នយោបាយ​រូបិយវត្ថុ​នៅពេលនេះ គឺជា​ជំហាន​វិជ្ជមាន​ដ៏សំខាន់​មួយ។ ក៏ប៉ុន្តែ គេ​ត្រូវ​​រង់ចាំមើល​ថា​ តើ​ចិន​នឹង​អនុញ្ញាត​ឲ្យ​លុយ​យ័ន​កើន​ឡើង​​ដល់​កម្រិត​ណា និង​​ក្នុង​ល្បឿន​​ប៉ុណ្ណា?

អ្នកវិភាគ​សេដ្ឋកិច្ច​ជាច្រើន​យល់ថា បើ​យោងទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួយ នៅ​អឺរ៉ុប និង​ចលនា​ជាតិនិយម​នៅ​ក្នុង​ប្រទេស​ចិន ដែល​ចាំតែរិះគន់​រដ្ឋាភិបាល​ថា​​ធ្វើ​តាម​បញ្ជា​​បរទេស​នោះ រដ្ឋាភិបាល​ចិន​នឹង​​​មិន​បណ្តោយ​​ឲ្យ​លុយ​យ័ន​ឡើង​ថ្លៃ​ខ្លាំង​ភ្លាមៗ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI