អ៊ីរ៉ង់

ចិន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​សហការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​

REUTERS/Jason Lee

នៅថ្ងៃ​សុក្រ​នេះ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA)​ បាន​បើក​កិច្ចចរចា​សាជាថ្មី​ម្តងទៀត​ជាមួយ​អ៊ីរ៉ង់ ដើម្បី​ជជែក​អំពី​​ការ​បើក​ឲ្យ​មន្រ្តី​អធិការកិច្ច​​របស់ AIEA ចូល​ទៅ​ពិនិត្យ​ទីតាំង​មួយ​ចំនួន នៅ​អ៊ីរ៉ង់ ដែល​គេ​សង្ស័យថា មាន​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ នៅ​ប្រទេស​ចិន​ឯណោះវិញ លោក​ហ៊ូ ជិនតាវ បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​សហការ​ជាមួយ​​នឹង​ទីភ្នាក់ងារ AIEA។

ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​ត្រូវ​បាន​បើក​ធ្វើ នៅ​ក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ អ្វី​ដែល​ AIEA ទាមទារ​ចង់បាន នៅ​ក្នុង​ការ​ចរចា​នេះ គឺ ចង់​ឲ្យ​អ៊ីរ៉ង់​បើក​សិទ្ធិ​ឲ្យ​មន្រ្តី​អធិការ​កិច្ច​នុយក្លេអ៊ែរ ចូល​ទៅ​ត្រួតពិនិត្យ​ទីកន្លែង​សំខាន់ៗ​មួយ​ចំនួន ដែល​គេ​សង្ស័យថា មាន​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ ទីតាំង​ដែល​ AIEA ចាប់អារម្មណ៍​ជាងគេ គឺ​មូលដ្ឋាន​យោធា Parchin ដែល​គេ​សង្ស័យ​ថា​ជាទីតាំង ដែល​អ៊ីរ៉ង់​ធ្វើកា​រសាកល្បង​គ្រឿងផ្ទុះ​មួយចំនួន ដែល​គេ​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ទីភ្នាក់ងារ AIEA បាន​អះអាង​ថា អាជ្ញាធរ​អ៊ីរ៉ង់​បាន​រារាំងមិន​ឲ្យ​​មន្រ្តី​អធិការកិច្ច​​របស់ AIEA ​ចូល​ទៅ​ក្នុង​មូលដ្ឋាន​យោធា Parchin នៅ​ក្នុង​ដំណើរទស្សនកិច្ច​​​ពីរលើក កាល​ពី​ខែ​មករា និង​កុម្ភៈ​។ កាល​ពី​ខែ​ឧសភា​កន្លងទៅនេះ AIEA បាន​ចេញផ្សាយ​របាយការណ៍​មួយ ដោយ​លើកឡើង​ថា រូបភាព​ថតតាម​ផ្កាយរណប​បង្ហាញ​ឲ្យ​ឃើញ​អំពី​សកម្មភាព​ខុសប្រក្រតី នៅ​ Parchin ជាពិសេស គឺ​ការ​រុះរើ​អគារ​ចំនួន​ពីរ និង​សកម្មភាពផ្សេងទៀត ដែល​មើល​ទៅ​ទំនង​ជា​ការ​លាង​សម្អាត​ ដើម្បី​បំបាត់​ដាន​នុយក្លេអ៊ែរ​នៅទីនោះ។

គួររំឭកឡើងវិញ​ថា អ៊ីស្រាអែល និង​ប្រទេស​លោកខាងលិច​សង្ស័យ​ថា អ៊ីរ៉ង់​កំពុង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ក្នុងគោលដៅ​យោធា។ ចំណែក​អ៊ីរ៉ង់វិញ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​​របស់​អ៊ីរ៉ង់ គឺ​ធ្វើឡើង ក្នុងគោលដៅ​ស៊ីវិល​ប៉ុណ្ណោះ មិនមែន​​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។

មន្រ្តី​ទីភ្នាក់ងារ​ AIEA បានលើកឡើង​ថា ប្រសិនបើ​មន្រ្តី​អធិការកិច្ច AIEA មិនអាច​ចូល​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព Parchin និង​ជួប​ជាមួយ​មនុស្ស​សំខាន់ៗ​មួយចំនួនរបស់​អ៊ីរ៉ង់ ដែល​ពាក់ព័ន្ធ​នឹង​​កម្មវិធី​នុយក្លេអ៊ែរ​ទេនោះ ខ្លួនមិនអាច​អះអាង​ឲ្យ​ប្រាកដ​បានទេ​ថា​ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​​ពិតជា​ធ្វើឡើង​ក្នុងគោលដៅ​ស៊ីវិល​ពិតមែន។

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្នុង​ពេល​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​ប៉េកាំង លោក​ហ៊ូ ជិនតាវ បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​សហការ​ជាមួយ​ទីភ្នាក់ងារ AIEA ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ។ លោក​ហ៊ូ ជិនតាវ ក៏​បាន​​អំពាវនាវ​ផងដែរ​ឲ្យ​អ៊ីរ៉ង់​បង្ហាញ​នូវ​ភាព​ទន់ភ្លន់​ក្នុង​ពេលចរចា​ជាមួយ​ប្រទេស​មហាអំណាច ៥ បូក ១ (​អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ បូក​ជាមួយ​នឹង​អាល្លឺម៉ង់) នៅ​ថ្ងៃ​ទី១៨ និង​១៩ មិថុនា​ខាងមុខ នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI