ចិននិងអាមេរិកនឹងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
សហរដ្ឋអាមេរិក និងចិន បានប្រកាសថា ប្រទេសទាំងពីរនឹងពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សេចក្តីប្រកាស ដែលបានធ្វើឡើង នៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់លោកចន ឃែរី នៅក្នុងប្រទេសចិន។ ចិន និងអាមេរិក សុទ្ធសឹងជាប្រទេសជាប់លំដាប់ថ្នាក់កំពូល ខាងការបញ្ចេញឧស្ម័ន ដែលនាំឲ្យផែនដីឡើងកម្តៅ។
អាមេរិក និងចិន ប្រទេសពីរដែលជាប់ចំណាត់ថ្នាក់កំពូល ខាងការបញ្ចេញឧស្ម័ន ដែលនាំឲ្យផែនដីឡើងកម្តៅ ហើយក៏ជាប្រទេស ដែលកន្លងមក តែងតែព្យាយាមគេចវេះពីកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័ននេះដែរ។
អាមេរិកបានបដិសេធមិនផ្តល់សច្ចាប័នលើពិធីសារក្រុងក្យូតូ ដែលចែងពីកាតព្វកិច្ចក្នុងការកាត់បន្ថយឧស្ម័នកាបូនិក ដោយលើកហេតុផលថា ចិន ដែលគូប្រជែងខាងពាណិជ្ជកម្ម មិនជាប់កាតព្វកិច្ចនេះ។ ចំណែកចិនវិញ មិនព្រមទទួលកាតព្វកិច្ចនេះ ក្នុងហេតុផលថា ខ្លួនគឺជាប្រទេស ដែលទើបនឹងងើបចេញពីការអភិវឌ្ឍ ហើយមិនទាន់មានបច្ចេកវិទ្យាគ្រប់គ្រាន់ ក្នុងការផលិតថាមពលអគ្គិសនី ដែលមិនសូវបំពុលបរិយាកាស។
នៅពេលនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានច្រើនជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស គឺការបង្កើនតម្លាភាព ដោយចែកចាយព័ត៌មានគ្នាទៅវិញទៅមក ទាក់ទងនឹងផែនការ ដែលប្រទេសនីមួយៗបានដាក់ចេញ ក្នុងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន នៅក្រោយឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកចន ឃែរី នៅក្នុងប្រទេសចិន អាមេរិក និងចិនក៏បានប្រកាសផងដែរ អំពីកិច្ចព្រមព្រៀងក្នុងការអនុវត្តអានុសាសន៍ ៥ចំណុច របស់ក្រុមការងារអន្តរជាតិ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន រួមមានដូចជា ការបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល ទាំងនៅក្នុងអគាររស់នៅ និងនៅក្នុងវិស័យឧស្សាហកម្ម។
គេសង្កេតឃើញថា នៅពេលនេះ អាជ្ញាធរចិនហាក់ដូចជាបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងខ្លាំងជាងមុន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ដោយសារតែឧស្ម័នទាំងនេះ ក្រៅពីបង្កឲ្យផែនដីឡើងកម្តៅ ក៏ជាដើមហេតុនៃការបំពុលបរិយាកាសផងដែរ។ កម្រិតឧស្ម័នពុលក្នុងបរិយាកាស ដែលចេះតែកើនឡើងឥតឈប់ នៅតាមទីក្រុងធំៗរបស់ចិន ហើយដែលកំពុងតែធ្វើឲ្យប្រជាជនមិនសប្បាយចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ