ចិននិងវៀតណាមស្វះស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះដែនសមុទ្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចិន និងវៀតណាម បានបង្ហាញនូវជំហររួមគ្នា ចង់បន្ធូរបន្ថយភាពតានតឹង ដែលបង្កឡើងដោយជម្លោះនៅក្នុងសមុទ្រចិនខាងត្បួង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយ នៅថ្ងៃចន្ទ ក្រោយពីមានជំនួប នៅទីក្រុងហាណូយ រវាងរដ្ឋមមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់ចិន។
ដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម របស់ក្រុមប្រឹក្សារដ្ឋចិន គឺលោកយ៉ាង ជៀឈី នៅថ្ងៃចន្ទ គឺជាដំណើរទស្សនកិច្ចលើកទី២ ចាប់តាំងពីចិន និងវៀតណាមផ្ទុះជម្លោះនឹងគ្នាខ្លាំង ក្រោយពីចិនបញ្ជូននាវាឲ្យចូលទៅខួងរកប្រេងក្រោមបាតសមុទ្រ នៅក្នុងតំបន់សមុទ្រជាប់ជម្លោះ កាលពីខែឧសភា។
គេនៅចាំបានថា កាលពីក្នុងអំឡុងទស្សនកិច្ច កាលពីលើកមុន គឺនៅខែមិថុនា លោកយ៉ាង ជៀឈី ដែលជាមន្រ្តីមានអំណាចខាងកិច្ចការបរទេសលើសរដ្ឋមន្រ្តីការបរទេសចិនទៅទៀតនោះ មិនត្រឹមតែមិនបានរកការសម្រុះសម្រួលជាមួយវៀតណាមនោះទេ តែថែមទាំងបានព្រមានរដ្ឋាភិបាលក្រុងហាណូយថែមទៀតថា “ឲ្យឈប់ដុតបញ្ឆេះជម្លោះ” នៅសមុទ្រចិនខាងត្បូង។
ប្រមុខការទូតចិនហាក់ដូចជាមានជំហរទន់ភ្លន់ជាងមុន នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់វៀតណាមលើកទីពីរ នៅថ្ងៃចន្ទ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ នៅក្រោយពីមានជំនួប រវាងលោកយ៉ាង ជៀឈី និងលោកផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម ក្រសួងការបរទេសវៀតណាមបានអះអាងថា ភាគីទាំងពីរបានទទួលស្គាល់ថា ដំណោះស្រាយសមស្របនៃជម្លោះដែនសមុទ្រមានសារៈសំខាន់បំផុត សម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន។
ពីទីក្រុងប៉េកាំងឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងទ្វេភាគីចិន-វៀតណាមបានជួបនឹងបញ្ហាស្មុគស្មាញមួយរយៈ ក៏ប៉ុន្តែ អ្វីៗកំពុងតែមានភាពប្រសើរឡើងវិញ។ ក្រសួងការបរទេសចិនក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយផងដែរ ដោយលើកឡើងថា ចិន និងវៀតណាមបានឯកភាពគ្នាថានឹងបញ្ចៀសនូវរាល់សកម្មភាពដែលអាចនាំឲ្យជម្លោះបច្ចុប្បន្នកាន់តែរីកដុះដាលថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ