ចិន-អាមេរិក

ចិន​ព្រមាន​អាមេរិក​ជុំវិញ​ការ​ពង្រឹង​សម្ព័ន្ធភាព​យោធា​ជាមួយ​ប្រទេស​នៅ​អាស៊ី

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​មុនពេល​បើក​វេទិកា​សន្តិសុខ​អាស៊ី នៅ​សៀងហៃ ថ្ងៃ​ពុធ ២១ឧសភា ២០១៤
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​មុនពេល​បើក​វេទិកា​សន្តិសុខ​អាស៊ី នៅ​សៀងហៃ ថ្ងៃ​ពុធ ២១ឧសភា ២០១៤ REUTERS/Mark Ralston

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមាន​ដោយ​មិន​ចំឈ្មោះ ចំពោះ​សហរដ្ឋ​អាមេរិក និង​​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ទាក់ទង​នឹង​ការ​ពង្រឹង​សម្ព័ន្ធភាព​យោធា ដើម្បី​ប្រឆាំង​នឹង​ចិន។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នេះ លោក​ប្រធានាធិបតី​ចិន​ក៏​បាន​ប្រកាស​​សន្យា​ផងដែរ​ថា ចិន​នឹងមិនប្រើ​កម្លាំង ដើម្បី​យក​ទៅ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​នោះទេ។

ផ្សាយពាណិជ្ជកម្ម

 

“ការ​ពង្រឹង​សម្ព័ន្ធភាព​យោធា ក្នុងគោលដៅ​ប្រឆាំង​នឹង​ប្រទេស​ទីបី វា​មិនមែន​ជា​ការ​ចូលរួម​ចំណែក​ក្នុងការ​រក្សា​សន្តិសុខ នៅ​ក្នុង​តំបន់​នោះទេ” នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​ស៊ី ជីនពីង នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី (Conference on Interaction and Confidence Building Measures in Asia) ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀងហៃ នៅ​ថ្ងៃ​ពុធ​នេះ។

ថ្វីដ្បិត​តែ​លោក​ស៊ី ជីនពីង មិនបាន​លើកឡើង​ចំឈ្មោះ​ប្រទេស​ណាមួយ ក៏ប៉ុន្តែ គេ​អាច​ស្មានដឹង​បាន​ថា ការព្រមាន​នេះ ធ្វើឡើង​សំដៅ​ទៅលើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ ពីព្រោះ​ថា នៅ​ក្នុង​ពេល​នេះ មាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី កំពុងតែ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាមេរិក នៅ​ក្នុង​ពេល​កំពុង​មាន​ជម្លោះ​ជាមួយ​នឹង​ចិន។

កាល​ពី​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច នៅ​អាស៊ី កាល​ពី​ខែ​មុន គេឃើញ​ថា លោក​អូបាម៉ា​ក៏​បាន​ព្យាយាម​ធានា​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ផងដែរ រួមមាន ដូចជា ជប៉ុន និង​ហ្វីលីពីន ជាដើម អំពី​យុទ្ធសាស្រ្ត​រយៈពេល​វែង​របស់​លោក ដែល​ចង់​ឲ្យ​អាមេរិក​ផ្តោត​នយោបាយ​ការបរទេស និង​ការពារ​ជាតិ​របស់​ខ្លួន នៅ​ក្នុង​តំបន់​អាស៊ី។ ការ​ផ្តោត​អាទិភាព​លើ​តំបន់​អាស៊ី ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា ធ្វើឡើង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

ការថ្លែង​ព្រមាន​របស់​លោក​ស៊ី ជីនពីង នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ធ្វើឡើង នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​មក​ពី​វៀតណាម ហ្វីលីពីន និង​ជប៉ុន ដែល​កំពុងតែ​ជាប់ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន។ ជម្លោះ ដែល​កំពុង​តែ​មាន​ភាព​តានតឹង​ខ្លាំង ជាពិសេស ជាមួយ​វៀតណាម រហូត​បណ្តាល​ឲ្យ​ផ្ទុះ​កុប្បកម្ម​ប្រឆាំង​ចិន បណ្តាល​ឲ្យ​ជនជាតិ​ចិន​ជាច្រើន​នាក់​ត្រូវ​ស្លាប់ និង​របួស កាល​ពី​សប្តាហ៍​មុននេះ។

លោក​ស៊ី ជីនពីង បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​ប្រទេស​មួយ​ចំនួន ជុំវិញ​សកម្មភាព​របស់​ចិន នៅ​ក្នុងដែន​សមុទ្រ​អាស៊ី ដោយ​បាន​សន្យា​ថា ចិន​នឹង​ប្រកាន់​ខ្ជាប់​ជានិច្ច នូវ​គោលការណ៍​សន្តិវិធី នៅ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនដី ជាមួយ​នឹង​ប្រទេស​ជិត​ខាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI