ចិន-សហភាពអឺរ៉ុប

នឹង​មាន​សង្រ្គាម​ពាណិជ្ជកម្ម រវាង​សហភាព​អឺរ៉ុប និង​ចិន?

ប្រទេស​ចិន​បាន​វាយបក ​វិញ ទៅនឹង​ចំណាត់ការដៃដែក​របស់​សហភាព​អឺរ៉ុប ដែល​គ្រោង​នឹង​យកពន្ធ​បន្ថែម​ទៅលើ​ផលិតផល​ចិន ដែល​នាំចូល​ទៅ​អឺរ៉ុប។ នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន ចេញផ្សាយ នៅ​ថ្ងៃពុធនេះ ក្រសួង​ពាណិជ្ជកម្ម​ចិន​ឆ្លើយបក​ទៅវិញថា ចិន​វិញ​នឹង​ចាប់ផ្តើម​ស៊ើបអង្កេត លើ​ករណីលក់បង្ខូចថ្លៃ​នៃ​ផលិតផល​ស្រា​ដែល​នាំចូល​មក​ពី​សហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ចិន​កំពុង​សងសឹក​នឹង​សហភាព​អឺរ៉ុប ដែល​បាន​សម្រេច ដំឡើង​ពន្ធ​បន្ថែម​ទៅលើ​ផលិតផល​ផ្ទាំង​ស្រូបកម្តៅ​ព្រះអាទិត្យ ដែល​នាំចូល​មក​ពី​ប្រទេស​ចិន។ ចិន​មិន​បាន​ព្រងើយកន្តើយ​នឹង​ការដាក់ពិន័យ​របស់​អឺរ៉ុប ដោយ​ចិន ក៏ បាន​​បើក​ស៊ើបអង្កេត​ដូចគ្នា​លើ​ករណី​លក់ថោក បង្ខូចថ្លៃ​នៃ​ផលិតផល​ស្រា​ដែល​នាំចូល​ពី អឺរ៉ុប។ ស្រា​អឺរ៉ុប​នាំចូល​ទៅចិន គឺ​មាន​តម្លៃ​ច្រើន​ជាង​មួយ​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ ប្រទេស​ដែល​នឹង​រងគ្រោះជាងគេ​ដោយសារ​វិធានការ​របស់ចិន គឺ​បារាំង ព្រោះ​បារាំង​ជាប្រទេស​អឺរ៉ុប​ទីមួយ ដែល​នាំ​ចូលស្រា​ច្រើន​ជាង​គេ​ទៅក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ ៧៨៨លាន​ដុល្លារ ក្នុងឆ្នាំ ២០១២។

ជារួម អាជ្ញាធរ​ចិន​ចង់​រកភស្តុតាង​ដែល​អាច​បញ្ជាក់​ថា ​ស្រា​របស់​អឺរ៉ុប​មាន​បាន​ទទួល​ឧបត្ថម្ភធន​ពី​រដ្ឋាភិបាល ឬ​ក៏​មាន​លួច​បញ្ចុះតម្លៃ​ឲ្យ​ថោក​ខ្លាំង​ពេក ដើម្បី​ផ្តួល​គូប្រកួតប្រជែង នៅក្នុង​ប្រទេស​ចិន គឺ​ដូចនឹង​ចំណាត់ការ​របស់​សហភាពអឺរ៉ុប។

សូមបញ្ជាក់ថា កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ បើទោះបី ជាមាន​ការជំទាស់​ពី​ប្រទេស​សមាជិក​មួយ​ចំនួន សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​ឲ្យ​គេ​អាច​ដំឡើង​ពន្ធ​បន្ថែម ទៅលើ​ផ្ទាំងស្រូបកម្តៅព្រះអាទិត្យ​របស់ចិន។ សម្រាប់​គណៈកម្មការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ចំណាត់ការ​នេះ​ត្រូវ​គេ​ធ្វើឡើង​ជា​បន្ទាន់ ដើម្បី​ជួយ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រងគ្រោះ ដោយសារ​ការធ្វើ​ពាណិជ្ជកម្ម​មិនស្មោះត្រង់​របស់​ចិន។

បើតាម​គណៈកម្មការ​ដដែល ការលក់​បង្ខូចថ្លៃ​របស់ចិន បាន​គំរាមកំហែង​ឧស្សាហកម្ម​ផលិតផ្ទាំងស្រូបកម្តៅព្រះអាទិត្យ​របស់អឺរ៉ុប។ រោងចក្រ​ជាច្រើន​បាន​បិទទ្វារ ហើយ​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​បាត់ការងារ​ធ្វើ។ ដូច្នេះ វិធានការ​យកពន្ធ​បន្ថែម ទៅលើ​ផលិតផល​ចិន គឺ ដើម្បី​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង​ស្មើភាព និង​ដើម្បី ផ្តល់​ទីផ្សារ​ដល់​ផលិតផល​របស់​អឺរ៉ុប ដែល​នឹង​ជួយ​ធានា​សុវត្ថិភាព​ការងារ​ឲ្យ​ប្រជាជន​អឺរ៉ុប។

កាសែត​ផ្លូវរដ្ឋ​ចិន​បាន​វាយតម្លៃ​ថា សហភាព​អឺរ៉ុប​កំពុង​ដើរ​នយោបាយ​ដាក់​រនាំង​ពន្ធគយ​ដើម្បី​ការពារ​ផលិតផល​​របស់ខ្លួន ហើយ​នយោបាយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប។

យ៉ាងណាក៏ដោយ អឺរ៉ុប​នៅ​ប្រកាន់​ឥរិយាបទ​ទន់ភ្លន់ នៅឡើយ ជាមួយ​ចិន។ បើទោះជា​​ការដំឡើង​ពន្ធ​បន្ថែម ទៅលើ​ផលិតផល ចិន នាំចូល​អឺរ៉ុប នឹង​ចាប់មាន​ពីថ្ងៃ​ទី ៦​មិថុនា​ខាងមុខនេះ ប៉ុន្តែ វា​គ្រាន់ជា​ការបណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ សហភាព​អឺរ៉ុប​ចង់​និយាយ​​ដោះស្រាយ​ជាមួយ​ចិន ពី​រឿង​លក់បង្ខូច​តម្លៃ នៃ​ផលិតផល​ចិន នៅអឺរ៉ុប។ ប៉ុន្តែ ក្នុង​រយៈពេល ២ខែនេះ បើសិន​ជា​សហភាព​អឺរ៉ុប មិនអាច​រក​ដំណោះស្រាយ​ណាមួយ​ជាមួយ​ចិន​បានទេ នោះ​ទើប​សហភាព​អឺរ៉ុប​សម្រេច​ដំឡើង​មែនទែន អត្រាពន្ធ​លើ​ផ្ទាំងស្រូបកម្តៅ​ព្រះអាទិត្យ ចិន ក្នុង​កម្រិត ៤៧ភាគរយ ដែល​ជាអត្រាខ្ពស់ បើប្រៀបធៀប​នឹង​បច្ចុប្បន្ន ដែល​មាន​តិចជាង ១១,៨ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI