ចិន-រុស្ស៊ី

ចិនកាត់​បន្ថយ​ទិញ​អាវុធ និង​ថាមពល​ពីរុស្ស៊ី

ប៉ូលិស​ចិន​ដើរព្យុហយាត្រា​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ទី​១ តុលា ឆ្នាំ ២០១១ ក្នុង​ទីក្រុង​ប៉េកាំង
ប៉ូលិស​ចិន​ដើរព្យុហយាត្រា​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ទី​១ តុលា ឆ្នាំ ២០១១ ក្នុង​ទីក្រុង​ប៉េកាំង ©Reuters

វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព Sipri ដែល​ឧបត្ថម្ភដោយ​រដ្ឋាភិបាល​ស៊ុយអែដ និង​ដែល​បាន​សិក្សា​ទៅ​លើ​ការទិញលក់ដូរ​អាវុធ​នៅក្នុង​ពិភពលោក ​បាន​បោះពុម្ពផ្សាយ របាយការណ៍​មួយ នៅ​ថ្ងៃ​ចន្ទ​ទី ៣ តុលា ដែល​បង្ហាញថា ចិន​កាត់បន្ថយ​ទិញ​​អាវុធ និង​ថាមពលពី​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំង​ពី​ចប់សង្រ្គាម​ត្រជាក់ អតីត​គូសត្រូវ​ទាំងពីរ​ចិន និង​រុស្ស៊ី​បាន​ចាប់ដៃគ្នា ជា​ដៃគូ​យុទ្ធសាស្រ្ត ដើម្បី​ទប់ទល់​នឹង​ចលនា​អ៊ីស្លាមជ្រុលនិយម ក្នុង និងក្រៅស្រុក និង​ដើម្បី​ប្រឆាំង​ឯកតោភាគី​និយម​របស់​អាមេរិក នៅលើ​ឆាកអន្តរជាតិ។

ចាប់តាំងពី​ក្លាយជា​ដៃគូ យុទ្ធសាស្រ្ត ចិនធ្លាប់​បាន​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​រុស្ស៊ី​ខាង​សព្វាវុធ ព្រោះ​ចិន​មិន​ទាន់​មាន​សមត្ថភាព​ផលិត​អាវុធ​ទំនើបៗ។ រុស្ស៊ី​ក៏ត្រូវការ​លក់​អាវុធ​របស់ខ្លួន​ទៅឲ្យ​ចិន ដើម្បី​បាន​លុយ​យក​មក​ជម្រុញ​សេដ្ឋកិច្ច។ ចាប់តាំង​ពីការដួលរលំ​សហភាព​សូវៀត នៅឆ្នាំ​១៩៩១ អាវុធ​ចិន​ជាង ៩០​ភាគរយ​នាំចូល​មក​ពីរុស្ស៊ី ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០០៧ ការនាំចូល​អាវុធ​រុស្ស៊ី​ចូលក្នុង​ប្រទេស​ចិន បាន​ថយចុះ​ជិតពាក់​កណ្តាល។ ការនាំចេញ​សព្វាវុធ​របស់​រុស្ស៊ី​ទៅ​ចិន ក៏​បាន​ថយចុះ​ពី​៤០​ភាគរយ មកត្រឹម ១០​ភាគរយ​នៅឆ្នាំ ២០១០។ នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ​វិទ្យាស្ថាន​Sipri

កន្លងមក ចិន​ត្រូវការ​រុស្ស៊ី ព្រោះចិន​មិន​ទាន់​មាន​សមត្ថភាព​ផលិត​អាវុធ និង​យន្តហោះ​ចម្បាំងៗ ទំនើបៗ បើ​ប្រៀបធៀប​នឹង​សព្វាវុធ​ដែល​ប្រទេស​ប្រជែង​នឹងខ្លួនមាន ដូចជា​តៃវ៉ាន់​ជាដើម​ដែល​ទិញអាវុធ​ពី​អាមេរិក។

ប៉ុន្តែ តាមរយៈ សហប្រតិបត្តិការ​យោធា ជាមួយ​រុស្ស៊ី ក្នុង​រយៈពេល​២​ទសវត្សរ៍​នេះ ចិន​បាន​អភិវឌ្ឍ​ខ្លាំង​វិស័យយោធា​របស់ខ្លួន ជា​បន្តបន្ទាប់។ ចិន​បាន​នាំចូល​អាវុធ​ទាំងមូល ឬ​ជា​គ្រឿង​មក​ដំឡើង​ចេញ​ជាអាវុធ។ មួយវិញទៀត ចិន​បាន​បញ្ជូន​អ្នកជំនាញការ និង​អ្នកបច្ចេកទេស​របស់ខ្លួន ទៅ​ហ្វឹកហាត់ និង​រៀនសូត្រ​បច្ចេកវិទ្យា​ផលិតអាវុធ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ចំណុច​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ផលិត​អាវុធ​ចិនរីកចម្រើន គឺ​ផ្នែកចារកម្ម លួចយក​ព័ត៌មាន​បច្ចេកវិទ្យា ផលិត​អាវុធ​ពី​ប្រទេស​ដទៃទៀត។ ចិន​ពេលនេះ​អាច​ផលិត​យន្តហោះចម្បាំង និង​កសាង​នាវា​ផ្ទុក​យន្តហោះ ដោយខ្លួនឯង។

ដោយព្រួយបារម្ភ​ពី​រឿង​លួចចម្លង និង​ដោយ​ខ្លាច​ចិន​ប្រកួតប្រជែង​ឈ្នះខ្លួន​លើ​គ្រឿងសព្វាវុធ រុស្ស៊ី​បាន​បដិសេធ​លក់​បច្ចេកវិទ្យា​ផលិត​អាវុធ​ទំនើបៗ​របស់ខ្លួន ទៅ​ឲ្យ​ប្រទេស​ចិន។ រុស្ស៊ី​កាត់បន្ថយ​ការលក់អាវុធ​របស់​ខ្លួន​ឲ្យ​ទីក្រុង​ប៉េកាំង ដោយសារ​តែ​សង្កេត​ឃើញ​ទីក្រុង​ប៉េកាំង​ក៏​កំពុង​បញ្ចេញ​អាវុធ លក់ក្នុង​ទីផ្សារ។ មូលហេតុ​មួយទៀត គឺ​រុស្ស៊ី​តែម្តង​រវល់​តែ​ជាប់​លក់​អាវុធ​ឲ្យ​ឥណ្ឌា ដែល​ជា​គូសត្រូវ​តាម​ព្រំដែន​មួយ​ដែរ​របស់ចិន។

ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​ផលិត​អាវុធ​របស់​រុស្ស៊ី ពេលនេះ កាន់តែ​ហួសសម័យ ដែល​ចិន​លែង​ត្រូវការ។ ចិន​អះអាង​ថា ខ្លួន​ទិញតែ​អាវុធ​ណា​ដែល​ខ្លួន​ចង់បាន ដោយចិន​ចង់​អភិវឌ្ឍ​វិស័យ​ការពារ​ជើងទឹក​របស់ខ្លួន គឺ​ដើម្បី គ្រប់គ្រង​ស្ថានការណ៍ នៅអាស៊ីប៉ាស៊ីហ្វិក។ ដូច្នេះ បើសូម្បី​រុស្ស៊ី​ខ្លួនឯង នៅ​រត់ទៅរក​ទិញអាវុធ​ពី​អ៊ីស្រាអែល និង​ប្រទេស​ជឿនលឿន នៅអឺរ៉ុប ដើម្បី​មក​បំពាក់​វិស័យ​កងទ័ព​របស់ខ្លួន នោះចិន​មិន​អាច​ពឹងផ្អែក​តែទៅលើ​អាវុធ​រុស្ស៊ីទៀតទេ។

បច្ចេកវិទ្យា​ផលិត​អាវុធ​ ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​ចិន មិនទាន់សម័យ ធ្វើ​ឲ្យ​ចិន​ងាក​ទៅរក សហការ​ជាមួយ​ប្រទេស​អាស៊ី​តូចៗ ដូចជា​ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និង​ថៃ ដែល​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​ពី​អាមេរិក។ ចិន លែង​ចង់​ទិញ​អាវុធ ប៉ុន្តែ ចិន​ត្រូវការ​បច្ចេកវិទ្យា​ផលិត​អាវុធ​ទំនើបៗ។ ចិន​ត្រូវ​បាន​គេចោទថា បាន​ប្រើ​នយោបាយ​ចារកម្ម ដើម្បី ចម្លង បច្ចេកវិទ្យា​អ្នកដទៃ យក​មក​កែច្នៃ អភិវឌ្ឍ​ឧស្សាហកម្ម​ផលិតអាវុធ​របស់ខ្លួន។ ជាក់ស្តែង តាមរយៈ ការធ្វើ​សមយុទ្ធ​រួមគ្នា ជាមួយ​ប្រទេស​ទាំងនេះ ចិន​ដកបទពិសោធន៍​បច្ចេកវិទ្យា​អាវុធទំនើប និង​ចម្លង​ផលិត​តាម​អាវុធ​របស់​ប្រទេស​លោកខាងលិច។

ចិន​បង្កើនដៃគូ​ផ្គត់ផ្គង់ប្រេង និង​ឧស្ម័ន ដើម្បីមាន​ជម្រើសច្រើន

និយាយ​ពី​តម្រូវការ​ថាមពលវិញ ចិន ដែល​មាន​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន បានទិញ​ប្រេង និង​ឧស្ម័ន ពីប្រទេស​រុស្ស៊ី ប៉ុន្តែ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយនេះ គេ​ឃើញថា ការនាំចូល​ប្រេងឆៅ និង​ឧស្ម័ន​របស់រុស្ស៊ី ទៅចិន បាន​ធ្លាក់ចុះ​ទៅវិញ។

ទីក្រុង​ប៉េកាំង​បាន​ដើរនយោបាយ មិន​ឲ្យ​តម្រូវការ​ថាមពល​ក្នុង​ប្រទេសខ្លួន ពឹងអាស្រ័យ​ទាំងស្រុង ទៅលើ​រុស្ស៊ី ព្រោះ​បើរុស្ស៊ី​ងងក់ បិទ​មិន​លក់​ឧស្ម័ន នោះ​ឧស្សាហកម្ម​ចិន​នឹង​ដួលរលំ​គ្រេងតែ​ម្តង។ ចិន​ធ្លាប់មាន​បទពិសោធន៍​នេះ​ម្តងរួចហើយ នៅពេល​រុស្ស៊ី​ចង់ដំឡើង​ថ្លៃ​ប្រេង ឯកតោភាគី និង​ពន្យារ​ការសាងសង់​បំពង់​បញ្ហូរ​ប្រេង ទៅកាន់​ប្រទេស​ចិន។

ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​រុស្ស៊ី កុំ​ឲ្យក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ផ្តាច់​មុខ​មក​លើ​ខ្លួន ចិន​បាន​ចាប់ផ្តើម​យុទ្ធសាស្រ្ត​រកស៊ីជាមួយ​​អ្នកផ្គត់ផ្គង់​ថាមពល ជាច្រើន ដោយ​សហការសេដ្ឋកិច្ច​ ជាមួយ​ប្រទេស​ដែល​សម្បូរ និង​ឧស្ម័ន​ផ្សេងៗទៀត។ ចិន​ បង្កើន​ការរកស៊ី​ជាមួយ​ប្រទេស​នៅអាស៊ី​កណ្តាល និង​អឺរ៉ុប​ខាងកើត ដែល​សម្បូរប្រេង និង​ឧស្ម័ន ដូចជា​អារ៉ាប៊ី សាអូឌីត អៀរ៉ង់ កៀរហ្គីហ្សីស្ថាន និង​អ៊ុយក្រែន ជាដើម។ មាន​ដៃគូ​ផ្គត់ផ្គង់​ប្រេង​ច្រើន ធ្វើ​ឲ្យ​ចិន មាន​ជម្រើស​ច្រើន និង​មាន​ទឹកមាត់ប្រៃ ដាក់សម្ពាធ​ទៅលើ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI