អានតួអត្ថបទ
ចិន

ទីក្រុង​ប៉េកំាង​កម្រិត​ការ​ធ្វើវិនិយោគ​លើ​វិស័យ​រថយន្ត​របស់​ក្រុមហ៊ុនបរទេស

ទីក្រុង​ប៉េកំាង​កម្រិត​ការ​ធ្វើវិនិយោគ​របស់​ក្រុមហ៊ុនបរទេសទៅលើ​វិស័យ​រថយន្ត​
ទីក្រុង​ប៉េកំាង​កម្រិត​ការ​ធ្វើវិនិយោគ​របស់​ក្រុមហ៊ុនបរទេសទៅលើ​វិស័យ​រថយន្ត​ ©Reuters
១១ នាទី

ចាប់​ពី​ថ្ងែទី ៣០ មករា ឆ្នំា ២០១២ ខាង​មុខ​នេះ​ទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​នឹង​មិន​អាច​ធ្វើ​ការ​វិនិយោគ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទៀត​ទេ។ ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​នៅ​ស្រុក​ចិន រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​សម្រេច​កម្រិត​ការ​ធ្វើ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ដោយ​បែរ​ទៅ​ជួយ​លើក​ស្ទួយ​ក្រុមហ៊ុនជាតិ​របស់​ខ្លួន​វិញ។

ផ្សាយពាណិជ្ជកម្ម

 វិធានការ​នេះ គឺ​ជា​ការ​វាយ​មួយ​ព្រនង់​យ៉ាង​ធ្ងន់​ទៅ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​នៅ​ក្នុង​ប្រទេស​ចិន។ ជាមួយ​គ្នា​នេះ និង​ក្រៅ​ពី​វិស័យ​រថយន្ត ទីក្រុង​ប៉េកំាង​អាច​នឹង​ផ្តើម​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​លើ​វិស័យ​ផ្សេងៗ​ទៀត​ដែល​ក្រុមហ៊ុន​បរទេស​កំពុង​ធ្វើ​វិនិយោគ​លើ​ទឹកដី​ខ្លួន។

ការ​កម្រិត​លើ​វិស័យ​រថយន្ត​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន General Motors របស់​អាមេរិក និង Volkwagen របស់​អាល្លឺម៉ង់​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក។ ព្រួយបារម្ភ ពីព្រោះ​ថា ក្រុមហ៊ុន​នីមួយៗ​បាន​លក់​រថយន្ត​ប្រមាណ​ជា ២លាន​គ្រឿង​ក្នុង​មួយ​ឆ្នំាៗ​នៅ​ប្រទេស​ចិន។ ចំណែក​ក្រុមហ៊ុន​ផលិត​រថយន្ត​បារំាង​ម៉ាក Peugeot Citroën វិញ ទើប​តែ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​កាល​ពី​ខែ​វិច្ឆិកា ដោយ​បាន​បោះទុន​វិនិយោគ​ជាង ៤០០លាន​អឺរ៉ូ។

កាល​ពី​ឆ្នំា ២០១០ កន្លង​ទៅ អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ប្រទេស​ចិន​បាន​កើន​ជាង ៣២% ប៉ុន្តែ​បាន​ស្គាល់​ការ​ធ្លាក់​ចុះ​សម្រាប់​ឆ្នំា ២០១១។ បើ​ប្រៀប​នឹង​ខែ​វិច្ឆិកា ឆ្នំា ២០១០ អត្រា​នៃ​ការ​លក់​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ២,៤% ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១១។ គឺ​ដោយ​ប្រឈម​មុខ​នឹង​ស្រុះ​ចុះ​នេះ​ហើយ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​បាន​ចាត់​វិធានការ​កម្រិត​ការ​ធ្វើ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ដោយ​បែរ​ទៅ​ជួយ​ក្រុមហ៊ុនជាតិ​របស់​ខ្លួន​វិញ។

វិធានការ​របស់​ចិន​ពេល​នេះ​អាច​ថា ជា​រឿង​មួយ​ចៃដន្យ ឬ​មួយ​ជា​ការ​ដាក់​ទ័ណ្ឌកម្ម ពីព្រោះ​កាល​ពី ១០ថ្ងៃ​មុន ក្រុមហ៊ុន General Motors បាន​បដិសេធ​មិន​ទិញ​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Saab របស់​ប្រទេស​ស៊ុយអែត​ទេ ដោយ​ទុក​ឲ្យ​ចិន ជា​អ្នក​ទិញ​យក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ