ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​ផ្តើម​ពង្រឹង​ការត្រួត​ពិនិត្យ​ទៅលើ​អ៊ីនធ័រណែត និង​ទូរទស្សន៍

សំឡេង ០៣:២៥
រូបភាព​ព្រមានទៅលើ​អ្នកប្រើអ៊ិនធ័រណែត​ ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​ចិន
រូបភាព​ព្រមានទៅលើ​អ្នកប្រើអ៊ិនធ័រណែត​ ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​ចិន © Figaro

កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​ម្សិលម្ង៉ៃ រដ្ឋាភិបាល​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ អ៊ីនធ័រណែត​និង​កម្មវិធី​ទូរទស្សន៍។ ទាំង​នេះ គឺ​ជា​ការ​ផ្តើម​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនិស្ត ដែល​បាន​បើក​សម័យ​ប្រជុំ​មួយ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ជាង​ដប់​ថ្ងៃ​មុន។ តើ​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ចិន​រឹត​បន្តឹង​អ៊ីនធ័រណែត​និង​ទូរទស្សន៍?

ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​ចិន​មិន​អែអង់​ឡើយ បាន​ប្រកាស​ពង្រឹង​ភ្លាមៗ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ៊ីនធ័រណែត ដែល​ជា​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនិស្ត​កាល​ពី​ដប់​ថ្ងៃ​មុន​នេះ​សោះ។ ជាក់ស្តែង កាល​ពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​ម្សិលម្ង៉ៃ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ពី​អំណឹះ ​ត​ទៅ ​បណ្តាញ​សង្គម​ និង​សារ​ទាក់ទង​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័ណែត សុទ្ធ​តែ​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង។
 
Micro-blogs នេះ​ហើយ​គឺ​ជា​ផ្ទាំងស៊ីប​សំខាន់​ជាង​គេ​របស់​រដ្ឋាភិបាល​ចិន ពីព្រោះ​ស្រដៀង​គ្នា​នឹង​Twitter micro-blogsទាំង​នេះបាន​និង​កំពុង​បន្ត​ក្លាយ​ជា​វេទិកា​មួយ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​សម្រាប់​ទីក្រុង​ប៉េកាំង។ តាំង​ពី​មាន​ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់ និង​តាំង​ពី​មាន​គ្រោះថ្នាក់​ភ្លូក​រថភ្លើង​ល្បឿន​លឿន​បំផុត​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​កក្កដា​មក សារ​រាប់​លាន​សន្លឹក​ដែល​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​បង្ហោះ​តាម​micro-blogs។
 
អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ទប់​ស្កាត់ គឺ​ការ​ប្រើប្រាស់​អ៊ីនធ័រណែត ដើម្បី​ផ្តួចផ្តើម​គំនិត កេណ្ឌ​គ្នីគ្នា​ងើប​បះបោរ​ដូច​នៅ​ទុយនីស៊ី​និង​នៅ​អេហ្ស៊ីប។ អ្វី​ដែល​អាជ្ញាធរ​ចិន​ចង់​ឃ្លាំ​មើល​គឺ​ខ្លឹមសារ​នៃ​សារ​électronique ដ្បិត​ក្នុង​គ្រា​បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​micro-blogs ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​១៩០​លាន​នាក់ ផ្សព្វផ្សាយ​ពាក្យ​ចរចាមអារ៉ាម ព័ត៌មាន​មិន​ពិត និង​សារ​ឃោសនា ក្នុង​គោលដៅ​និយាយ​សម្អុយ​ថ្នាក់​ដឹក​នាំ​ឬ​បង្ក​ចលាចល​ក្នុង​សង្គម។ នៅ​ក្នុង​ន័យ​នេះ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នគរបាល​បាន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​micro-blogs​ជា​ច្រើន​នាក់ ក្នុង​នោះ​រួម​មាន​ជាអាទិ៍​និស្សិត​ម្នាក់​នៅ​ខេត្ត​Yunnan ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ស្តី​ពី​ឃាតកម្ម​មួយ​ដែល​ខ្លួន​បាន​ប្រឌិត​ឡើង​ទាំង​ស្រុង។
 
ទន្ទឹម​នេះ នៅ​ថ្ងៃ​ពុធ​ទី​២៦​តុលា​ម្សិលម្ង៉ៃ​ដែរ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​វិទ្យុ ទូរទស្សន៍ និង​ភាពយន្ត បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​មួយ បញ្ជា​ឲ្យ​ទូរទស្សន៍​ទាំង​៣៤​ដែល​ផ្សព្ធផ្សាយ​តាម​បណ្តាញ​ផ្កាយ​រណប កាត់​បន្ថយ​កម្មវិធី​reality TV និង​កម្មវិធី​កម្សាន្ត​ណា​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​ធ្វើ​ឲ្យ​ខូច«តម្លៃ​ជា​សារវន្ត​នៃ​មនោគមវិជ្ជា​សង្គម​និយម»។ អាជ្ញាធរ​ជាតិ​ចង់​ឲ្យ​ទូរទស្សន៍​ជួយ​លើក​តម្កើង កម្រិត​សីលធម៌​របស់​ប្រជាពលរដ្ឋ​«កុំ​ឲ្យ​ឃើញ​តែ​លុយ​ និង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពេក»។
 
បទបញ្ជា​នេះ​មិនមែន​ធ្លាក់​មក​ដោយ​ចៃដន្យ​ទេ ពីព្រោះ​ជាង​មួយ​សប្តាហ៍​កន្លង​មក​ហើយ​ដែល​សង្គម​ចិន​ទាំង​មូល​មាន​ការ​តក់ស្លុត​ខ្លាំង​នៅ​ចំពោះមុខ​រូបភាព​Video​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​គ្នា​តាម​ប្រព័ន្ធ​អ៊ីធ័រណែត។ គឺ​ជា​រូបភាព​នៃ​ក្មេងស្រី​ម្នាក់​ដែល​ត្រូវ​បាន​រថយន្ត​បុក​ដួល និង​កិន​ពី​លើ។ ឡាន​បាន​បរ​ទៅ​បាត់ រី​ឯ​មនុស្សម្នា​វិញ​បាន​ដើរ​ធ្វើ​ព្រងើយ មិន​បាន​ចាប់​អារម្មណ៍​សោះ​ឡើយ​ទៅ​លើ​ក្មេង​ស្រី​នោះ ដែល​នៅ​ដេករបួស ​ច្រងាង​កណ្តាល​ផ្លូវ។
 
វិធានការ​ទាំង​អស់​នេះ​ដែល​ដៅ​ទៅ​រក​ការ​រឹត​បន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ពេញ​និយម នោះ​គឺ​អ៊ីនធ័រណែត​និង​ទូរទស្សន៍ ស្តែង​ឲ្យ​ឃើញ​នូវ​ក្តី​ព្រួយ​បារម្ភ​របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​ទាញ​មេរៀន​ពីរ​យ៉ាង​តិច ពី​បដិវត្តន៍​នៅ​ក្នុង​ពិភព​អារ៉ាប់។ ទីមួយ គឺ​បើ​ក្តាប់​អ៊ីនធ័រណែត​មិន​ជាប់​ទេ ហានិភ័យ​សង្គម ​ឬ​ហានិភ័យ​នយោបាយ​នឹង​អាច​កើត​ឡើង។ ទីពីរ គឺ​ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​ពង្រឹង​តម្លៃ​នៃ​សីលធម៌​និង​សាមគ្គីធម៌ ដើម្បី​ប្រឈមមុខ​នឹង​អត្តទត្ថបុគ្គ និយម ដើម្បី​បង្ការ​ការ​បាក់បែក​ប្រេះឆា​នៃ​សង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI