ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តនិយាយពីភូមិសាស្រ្តនយោបាយនៃប្រទេសចិន តទៅទៀត ដោយសូមផ្តើមលើកឡើងពីស្ថានភាពទូទៅនៃមហាយក្សអាស៊ីមួយនេះ ក្នុងគ្រាបច្ចុប្បន្ន។ តាំងពីឆ្នាំ២០១០មក ចិនជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២។
នៅឆ្នាំ២០១០ ជាលើកទីមួយបង្អស់ ផលិតផលដុលក្នុងស្រុករបស់ប្រទេសចិន មានទំហំធំជាងផលិតផលដុលក្នុងស្រុករបស់ប្រទេសជប៉ុន គឺប្រមាណ ៥ ៨៧៨ ៦០០លានដុល្លារ ទល់នឹង ៥ ៤៧៤ ២០០លានដុល្លារ។ ជាផ្លូវការ មហាយក្សចិនក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោកទី២ នៅពីមុខប្រទេសជប៉ុន និងនៅពីក្រោយសហរដ្ឋអាមេរិក។
តាមពិតទៅ តាំងពីពាក់កណ្តាលឆ្នាំ២០១០ម្ល៉េះ ពួកសេដ្ឋវិទូបានអះអាងក្រៅផ្លូវការថា ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដោយសារថា បើតាមការគន់គិតមើលរបស់ពួកគេ ផលិតផលដុលក្នុងស្រុករបស់ចិន បានវ៉ាឈ្នះផលិតផលដុលក្នុងស្រុករបស់ជប៉ុន តាំងពីដំណាច់ខែមិថុនាឆ្នាំ២០១០ម្ល៉េះ។
យ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនវ៉ាឈ្នះសេដ្ឋកិច្ចជប៉ុន ឆាប់ជាងការប្រមើលឃើញពីព្រោះ
កាលពីជិត១០ឆ្នាំមុននេះ ពួកសេដ្ឋវិទូមួយចំនួនបាននាំគ្នាអះអាងថា គេនឹងត្រូវចាំដល់ឆ្នាំ ២០១៥ឯណោះ ទើបអាចឃើញផលិតផលដុលក្នុងស្រុករបស់ចិនអាចកើនស្មើផលិតផលដុលក្នុងស្រុករបស់ជប៉ុន។
តាមពិតទៅ ស្ថានភាពប្រែប្រួលលឿនជាងការគ្រោងទុកនេះ ជាផលវិបាកដែលហូរចេញពីវិបត្តិសេដ្ឋកិច្ចសកលដែលបានកើតឡើងនៅចុងឆ្នាំ២០០៨។ វិបត្តិសេដ្ឋកិច្ចសកលបានកាត់បន្ថយមិនតិចទេ សន្ទុះសេដ្ឋកិច្ចរបស់បណ្តាប្រទេសឧស្សាហកម្មជឿនលឿន ដូចជាសហរដ្ឋអាមេរិក អឺរ៉ុបនិងជប៉ុនជាដើម។ ទន្ទឹមនេះ វិបត្តិសេដ្ឋកិច្ចសកលមិនបានប៉ះពាល់ខ្លាំងឡើយដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារតែថ្នាក់ដឹកនាំចិនបានសម្រេចចាត់វិធានការទាន់ពេលវេលានិងដោយមិនសំច័យលុយឡើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ។
ម្ល៉ោះហើយ បានជានៅពេលនេះ សេដ្ឋកិច្ចចិនកាន់តែទៅមុខនិងទៅលឿន បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលនៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំទំនិញទៅក្រៅប្រទេស។ គឺនៅក្នុងបរិបទដូចគ្នានេះហើយដែរ ដែលចិនបានវ៉ាឈ្នះប្រទេសជប៉ុន ៥ឆ្នាំមុនការគ្រោងទុកដោយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ក្នុងឆ្នាំ២០១០។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះនៅក្នុងគ្រានេះ សេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដងឯណោះ។ យោងទៅតាមការប្រមើលឃើញរបស់ធនាគារGoldman Sachs ក៏ដូចរបស់ធនាគារពិភពលោក ប្រទេសចិនត្រូវរង់ចាំដល់ឆ្នាំ២០២៥ ទើបអាចវ៉ាឈ្នះសហរដ្ឋអាមេរិកបាន នៅលើវិស័យសេដ្ឋកិច្ច។
យ៉ាងណាមិញ នៅម្ខាងអាជ្ញាធរចិនពិតជាមានមោទនភាព ដោយសេដ្ឋកិច្ចនៃប្រទេសខ្លួនបានវ៉ាឈ្នះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ ក៏ប៉ុន្តែ នៅម្ខាងទៀត ទីក្រុងប៉េកាំងក៏ត្រូវចេះបន្តដាក់ខ្លួនតទៅទៀតដែរ ដោយហេតុតែប្រទេសចិនជាប្រទេសដែលកំពុងអភិវឌ្ឍនៅឡើយ បានន័យថា គុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅមានលក្ខណៈអន់ខ្សោយ បើប្រៀបធៀបទៅនឹងគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។ សូមជម្រាបថា ផលិតផលដុលក្នុងស្រុករបស់ប្រជាជនចិនម្នាក់ៗ មានប្រមាណតែ៣ ៦00 ដុល្លារតែប៉ុណ្ណោះ ទល់នឹង៣ ៧៨០០ ដុល្លារ សម្រាប់ប្រជាជនជប៉ុនម្នាក់ៗ។
ក្រៅពីនេះ ថ្នាក់ដឹកនាំចិនក៏យល់ដឹងដែរ ពីលក្ខណៈផុយស្រួយខ្លះនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួន រួមមានជាអាទិ៍ការពឹងផ្អែកខ្លាំងជ្រុលពេកទៅលើការនាំទំនិញចេញទៅលក់នៅបរទេស។ អ៊ីចឹងហើយបានជារដ្ឋាភិបាលបាននិងកំពុងបន្តខ្នះខ្នែងជម្រុញឲ្យមានកំណើនឧបភោគបរិភោគនៅក្នុងប្រទេស ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ចឲ្យនៅគង់វង្សយូរឆ្នាំតទៅមុខទៀត។
ចង់ឬមិនចង់ មហាយក្សចិនមានបញ្ហារបស់ប្រទេសអ្នកមានផង និងរបស់ប្រទេសអ្នកក្រផង ដូចយ៉ាងបញ្ហាកង្វះតុល្យភាពរវាងទីក្រុងនិងស្រុកស្រែចម្ការ គម្លាតកាន់តែជ្រៅនិងកាន់តែធំរវាងអ្នកមាននិងអ្នកក្រ និងចំណាស់ខ្លាំងឡើងជាលំដាប់នៃប្រជាជន។ សព្វថ្ងៃនេះ ប្រជាជនសកម្ម៦នាក់ ធ្វើការដើម្បីជួយអ្នកចូលនិវត្តន៍ម្នាក់ ហើយនៅឆ្នាំ២០៤០ នឹងមានប្រជាជនសកម្មតែ២នាក់ប៉ុណ្ណោះដែលនឹងធ្វើការដើម្បីជួយអ្នកចូលនិវត្តន៍ម្នាក់។